លោក អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២ បណ្តា​ប្រទេស​ភាគី​ហត្ថលេខី នៃ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បា​រ៉​ត​

652
ចែករម្លែក
  • 52
    Shares

ដោយ​: លីន​ណា / ភ្នំពេញ​: កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អមដំណើរ​ដោយ​លោក​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ អ​.​ស​.​ប នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២ បណ្តា​ប្រទេស​ភាគី​ហត្ថលេខី នៃ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បា​រ៉​ត (Second Meeting of the Conference of the Parties to the Minamata Convention on Mercury -COP2) នៅ​ទីក្រុង​ហ្សឺ​ណែវ សហព័ន្ធ​ស្វី​ស​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២០​វិច្ឆិកា​នេះ​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក Marc Chardonnens រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សហព័ន្ធ​ស្វី​ស​។ នៅក្នុង​កិច្ចប្រជុំពេញអង្គ លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែង​បញ្ជាក់ជូន​អង្គប្រជុំ​ថា ទោះបីជា​កម្ពុជា​មិនទាន់បាន​ផ្តល់នូវ​សច្ចាប័ន​លើ​អនុសញ្ញា​នេះ តែ​កម្ពុជា​រក្សា​ជំហរ​ក្នុង​ការចូលរួម​អនុវត្ត​នូវ​អនុសញ្ញា​នេះ​ជាមួយ​បណ្តា​ប្រទេស​ហត្ថលេខី​នានា និង​បានបង្ហាញ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ចំពោះ​ការប្រើប្រាស់​សារធាតុ​បា​រ៉​ត និង​សារ​ធាតុគីមី​ដទៃទៀត ដែល​ជះឥទ្ធិពល​ដល់​សុខភាព​សាធារណៈ និង​បរិស្ថាន​។

​ជាមួយនេះ លោក​ក៏បាន​លើក​ជា​សំណូមពរ​ស្នើសុំ​ឱ្យ​ស្ថាប័ន​ផ្តល់ជំនួយ​ទាំងអស់ ពិចារណា​ទទួលយក​នូវ​សំណើ​គម្រោង​នានា​ពី​បណ្តា​ប្រទេស​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​រៀបចំ​ឯកសារ​ដើម្បី​ផ្តល់​សច្ចាប័ន​ផងដែរ​។

​សូមបញ្ជាក់​ជូន​ថា អនុសញ្ញា​មីណា​មាតា មាន​ប្រទេស​ជា​ភាគី​ហត្ថលេខី​ចំនួន​១២៨ និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ភាគី​ចំនួន​១០១ បានផ្តល់​នូវ​សច្ចាប័ន​រួចហើយ​។ ដោយឡែក ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​រដ្ឋ​អាស៊ាន ប្រ៊ុយណេ និង​មី​យាន់​ម៉ា មិនមែនជា​ភាគី​ហត្ថលេខី នៃ​អនុសញ្ញា​នេះ​ទេ និង​ជាមួយនេះ កម្ពុជា ម៉ាឡេស៊ី និង​ហ្វីលីពីន​ដែល​មិនទាន់បាន​ផ្តល់នូវ​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​នៅឡើយ​ទេ​។ គួរ​កត់សម្គាល់ថា ប្រទេស​ថៃ មិនមែនជា​ភាគី​ហត្ថលេខី​ទេ តែ​ក៏បាន​ចូលរួម​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ កាលពី​ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅ​ផងដែរ​៕ ល​

#