លោក អ៊ិត សំហេង និង​ឯកអគ្គរាជទូត​ខ្មែរ​នៅ​កូរ៉េ និង​សភា​កូរ៉េ ចូលរួម​កម្សាន្ត​ជាមួយ​ពលករ​ខ្មែរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

1097
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / សេ​អ៊ូ​ល​: លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​សមាជិកសភា​កូរ៉េ​ប្រចាំ​តំបន់​សេ​អ៊ូ​ល បាន​ចូលរួម​កម្សាន្ត​សប្បាយ​ជាមួយ​ប្រជា​ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​កូរ៉េខាងត្បូង ក្នុងឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លើ​ទឹកដី​កូរ៉េ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨​។​

​មានមតិ​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ នាឱកាស​នោះ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំនេះ សភាពការណ៍​នយោបាយ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​មាន​ភាពល្អ​ប្រសើរ ព្រោះ​បាន​កាត់បន្ថយ​ភាព​តានតឹង​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​កូរ៉េ​ទៀតសោត ក៏​អាច​រស់នៅ​ដោយ​ភាពសុខសាន្ត គ្មាន​ការព្រួយបារម្ភ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា កម្ពុជា​បាន​ប្ដូរ​ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប កំពុង​ឈានទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​លោក អ៊ិត សំហេង បានផ្ដល់​អនុសាសន៍​ដ​ល់​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ អនុវត្ត​នូវ​ភារកិច្ច​ចំនួន ៥​ចំណុច រួមមាន​៖
១. ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​រក្សា និង​បង្កើន​ការងារ​ជូន​ពលករ​កម្ពុជា​។​
២. ផ្ដល់​សេវាសាធារណៈ​ជូន​ពលករ តាំងពី​ពេល​ប្រឡង ធ្វើតេស្ត​ភាសា​កូរ៉េ រហូតដល់​ពេលធ្វើការ និង​ត្រលប់​ទៅវិញ​។​
៣. សហការ​ជាមួយ​ភាគី​កូរ៉េ ការពារ​សិទ្ធិ​ការងារ​តាមច្បាប់ និង​អនុស្សរណៈ​យោគយល់​។​
៤. ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្កើន​សមត្ថភាព​ជូន​ពលករ ដើម្បី​អាច​រក​ការងារ​ថ្មី និង​ត្រៀម​លក្ខណសម្បត្តិ​ពេលដែល​ត្រលប់​មកវិញ​។​
៥. រៀបចំផ្ទះ​ស្នាក់នៅ​បណ្ដោយ​អាសន្ន សម្រាប់​ពលករ​ដែល​ប្ដូរ​កន្លែង​ការងារ ស្នាក់នៅ និង​រក​ការងារ​ថ្មី​បាន​៥​កន្លែង ជា​គម្រោង​ឧបត្ថម្ភ​ដោយ​តេ​ជោ ហ៊ុន សែន តាមរយៈ​កូនច្បង​របស់​សម្តេច គឺ​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ពលករ​រស់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ សូម​គោរព​ច្បាប់ រួមគ្នា​រក្សា​សន្តិភាព ស្ថិរភាព ថែរក្សា​សុខភាព ខិត​ខំរៀន​វិជ្ជាជីវៈ​។ ពេល​ចប់​កិច្ចសន្យា​សូម​វិល​ទៅ​ប្រទេស​វិញ កុំ​បន្ត​នៅ​ខុសច្បាប់ សាមគ្គីភាព​ខ្មែរ​និង​ខ្មែរ ជួបគ្នា​ទៅវិញទៅមក ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​កូរ៉េ​។​

​លោក​បន្ត​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ទីនោះ បន្ត​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​របស់​ប្រទេសជាតិ ដែលជា​គន្លឹះ​សម្រាប់​ការបន្ត​អភិវឌ្ឍ ព្រោះ​បើកាលណា​មាន​សន្តិភាព ស្ថិរភាព ទើប​អាច​រក្សា​ការពារ​បាន​។​

​លោក អ៊ិត សំហេង បាន​ណែនាំ​ពលករ​ឲ្យ​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ជម្រើស​ល្អ​បំផុត សុំ​បោះឆ្នោត និង​ផ្ដាំផ្ញើ​ទៅ​ក្រុមគ្រួសារ​នៅ​ស្រុក បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

​បរិយាកាស​កម្សាន្ត​សប្បាយ​នាពេលនោះ ពិតជា​បានបង្ហាញ​ពី​សាមគ្គីភាព ការបន្ត​ភាពជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​បច្ចុប្បន្ន ខណៈ​ពលករ​ខ្មែរ​ម្នាក់ៗ​សុទ្ធតែ​បង្ហាញ​ភាព​ញញឹម​រាក់ទាក់ ហើយ​ពួកគេ​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​ចុះ​សំណេះសំណាល​ដល់​ប្រទេស​កូរ៉េ​ផ្ទាល់ និង​ចូលរួម​រាំ​កម្សាន្ត​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ ជាមួយ​សប្បាយ​ជាមួយ​ថ្នាក់ដឹកនាំ​យ៉ាងច្រើន​កុះករ​ផងដែរ​៕ ល​