លោក អ៊ិន សុ​ភិន នាំ​គ្រួសារ​ទៅធ្វើ​ខួបកំណើត​ឲ្យ​ចៅស្រី នៅ​អាម៉េរិក​

543

ដោយ​: បញ្ញា​សាស្ដ្រ / ភ្នំពេញ​: ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កន្លងទៅ​ថ្មី​នេះ លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម មហាហង្ស បាន​នាំ​គ្រួសារ​ទៅ​ដើរ​កម្សាន្ត​ទៅដល់​សហរដ្ឋ​អាម៉េរិក ដើម្បី​ចូលរួម​កម្មវិធី​រាត្រីសមោសរ និង​ធ្វើ​ខួបកំណើត​ឲ្យ​ចៅស្រី​បណ្តូលចិត្ត​។

​បើតាម Facebook របស់លោក បានបង្ហាញ​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ពី​សុភមង្គល​គ្រួសារ ដោយ​លោក​បាន​នាំ​ភរិយា កូនប្រុស​ស្រី និង​ចៅស្រី​បណ្តូលចិត្ត ជិះ​យន្តហោះ បោះពួយ​ទៅ​សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​ដើរ​កម្សាន្ត​ជុំ​គ្រួសារ និង​ចូលរួម​កម្មវិធី​ជប់លៀង​ធំ​មួយ​នៅ​អាមេរិក ហើយ​ក្នុងនោះ​លោក​ក៏​ឆ្លៀតឱកាស​រៀបចំ​កម្មវិធី​ជប់លៀង ថ្ងៃ​ខួបកំណើត​ចៅស្រី ភិន សុ​ខេ​ត​ធើ​រី​ណា (Katerina) នៅ​ភោជនីយដ្ឋាន Legend Seafood Restaurant នៅ​ទីក្រុង ឡុង​ប៊ិច ផងដែរ​។

​បើតាម លោក អ៊ិន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ លោក​បាន​នាំ​គ្រួសារ​មក​ដើរ​កម្សាន្ត នៅ​អាមេរិក ព្រោះតែ​ចង់​ដើរលេង​សប្បាយ​ជុំគ្នា ហើយ​ម្យ៉ាងទៀត កូនស្រី​ច្បង​របស់លោក គឺ​ដា​លី​ស ត្រូវបាន​តារា​សម្តែង​ជើងចាស់ លោក យស បូ​វណ្ណៈ ដែលជា​តារា​ល្បី​ទសវត្សរ៍ ឆ្នាំ ៩០ អញ្ជើញ​មក​ចូលរួម​កម្មវិធី ជប់លៀង​ធំ​រាត្រីសមោសរ ជួបជុំ​បងប្អូន​ខ្មែរ​នៅទីនេះ​ផង និង​កាន់តែ​ពិសេស​នោះ​គឺ រៀបចំ​ពិធីជប់លៀង ខួបកំណើត​អោយ​ចៅស្រី​បណ្តូលចិត្ត នៅទីនេះ​ដូចគ្នា​។

​លោក អ៊ិន សុ​ភិន បន្ថែមថា ឆ្នាំមុន​លោក​និង​គ្រួសារ រៀបចំ​ខួបកំណើត​អោយ​ចៅស្រី នៅផ្ទះ តែ​គម្រប់​ខួប​២​ឆ្នាំនេះ គឺ​រៀបចំ​នៅលើ​ទឹកដី​អាមេរិក​ម្តង ហើយ​ក្នុងនាម​លោក​ជា ជីតា​គ្មានអ្វី​ផ្តល់​ឲ្យ​ចៅស្រី ក្រៅពី​ក្តី​សុខភាព​កក់ក្តៅ ខួបកំណើត​ឆ្នាំនេះ លោក​នាំ​ចៅ​និង​គ្រួសារ​មក​ដើរលេង​នៅ​អាមេរិក ហើយ​បន្តទៅ​កាណាដា ហើយ​ក្នុងនោះ​លោក​ក៏មាន​កញ្ចប់​មូលនិធិ​សម្រាប់​ចៅស្រី ក្នុង​ការជួយ​ទៅដល់​ក្មេងៗ​កំព្រា ក្មេងៗ​ជួប​ការខ្វះខាត ដើម្បី​ជួយ​ដល់​សង្គម ក្មេងៗ​ដែល​ខ្វះ​ភាពកក់ក្តៅ​ផងដែរ​៕ ល​