លោក អ៊ូ​ណៃ អេ​មឺ​រី ទទូច​ឲ្យ​អ្នកគាំទ្រ អា​សេណ​ល​ឈប់​ប្រមាថ កីឡាករ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី​

172
ចែករម្លែក

​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បាន​ព្រមាន​អ្នកគាំទ្រ​របស់​ក្លិប អា​សេណ​ល (Arsenal) ថា ពួកគេ​អាច​នឹងធ្វើ​ឲ្យ​កីឡាករ​បាត់បង់​ទំនុកចិត្ត​ដោយសារតែ​ការរិះគន់ បន្ទាប់ពី​កីឡាករ ស្កូ​ដ្រា​ន មូ​ស្តា​ហ្វី (Shkodran Mustafi) រង​ការប្រមាថ​មើលងាយ ក្រោយ​ប្រកួត​ចាញ់​ក្រុម​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) ៣-២ កាលពី​ថ្ងៃ អាទិត្យ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មាន​អារម្មណ៍​ថា ការងារ​របស់លោក​កាន់តែ​ពិបាក នៅពេល​កីឡាករ​របស់លោក​ក្លាយជា​គោលដៅ​នៃ​ការរិះគន់ បន្ទាប់ពី​ធ្វើ​មិនបាន​ល្អ​។​
​ ​
​លោក អេ​មឺ​រី បាន​និយាយថា “​យើង​ត្រូវការ​អ្នកគាំទ្រ​ជួយ​យើង​។ ខ្ញុំ​ដឹងថា យើង​គឺជា អ្នក​សម្តែង ហើយ​អ្នក​សម្តែង​ត្រូវតែ​ខ្លាំង​។ នៅពេល​យើង​ឈ្នះ ពួកគេ​នឹង​ប្រាប់ យើង​ថា យើង​ធ្វើ​បានល្អ ហើយ​យើង​មានលទ្ធភាព​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​៣ នៅលើ​តារាង​”​។​
​ ​
​លោក អេ​មឺ​រី បាន​បន្តថា “​មូ​ស្តា​ហ្វី គឺជា​ខ្សែការពារ​ល្អ​។ គាត់​រារាំង​និង​ហ៊ាន​ផ្តួល​លើ ទីលាន​។ គាត់​អាច​ឈ្នះ​មួយ ពីរ បី បួន​ប្រកួត ប៉ុន្តែ​ប្រសិនបើ​គាត់​ចាញ់​មួយ​ប្រកួត គាត់​នឹង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ហើយ​”​។​
​ ​
​ទោះបីជា​យ៉ាងណា លោក អេ​មឺ​រី បាន​ទទួលស្គាល់ថា កីឡាករ​រូបនេះ​ត្រូវ​ធ្វើការ​ខ្លាំង បន្ថែមទៀត ដើម្បី​ពង្រឹងសមត្ថភាព​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​