លោក ​ម៉ាង ស៊ី​ណេ​ត​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ចុះសួរសុខទុក្ខ​ជន​ជាតិចិន​រងគ្រោះ​ករណី​ចាប់​ជំរឹត​១០​នាក់​នៅក្នុង​មន្ទីរពេទ្យ​

133
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ ​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ ឯកឧត្តម គួច ចំរើន​អភិបាលខេត្ត បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​បុរស​ជនជាតិ​ចិន ចំនួន​១០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ព្រះសីហនុ​(​ពេទ្យ​ចំការចេក​) បន្ទាប់ពី​ពួកគេ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជួយសង្គ្រោះ​ពី​ការចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ ពី​សំណាក់​ជនសង្ស័យ​ជន​ជាតិចិន​មួយក្រុម ។

​សូមបញ្ជាក់ថា ការចុះ​បង្ក្រាប​បទល្មើស​នេះ ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៦ ខែតុលា ឆ្នាំ​២០១៩ ដោយបាន​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន បាន​ភ្លាមៗ​ចំនួន​៧​នាក់ និង​សង្គ្រោះ​ជនរងគ្រោះ​ជនជាតិ​ចិន បាន​ចំនួន ១០​នាក់​។​

​ក្នុងឱកាស​នោះ​លោក​ម៉ាង សុី​ណេ​ត ​ក៏បាន​នាំយក​ថវិកា​របស់​ឯក​ឧ​ត្ត​ម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ចំនួន ៣,០០០,០០០​លាន​រៀល ឧបត្ថម្ភ​ជូន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​សកម្មភាព​ការងារ​ថែរក្សា​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព​៕​