លោក Mnangagwa គាំទ្រ​ដោយ​យោធា ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីម​បា​វ៉េ​ទោះបី​ជាមាន​ការតវ៉ា​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​

686
ចែករម្លែក

លោក Emmerson Mnangagwa ដែលគាំទ្រដោយយោធា បានប្តេជ្ញាធ្វើការអភិវឌ្ឍអំពីអ្វីដែលលោកហៅថា “ថ្ងៃស្អែកល្អប្រសើរឡើង” សម្រាប់ស៊ីមបាវ៉េ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតី។

លោក Emmerson Mnangagwa ក៏បានប្រកាសអំពីការស៊ើបអង្កេតផងដែរលើការស្លាប់មនុស្ស៦នាក់នៅក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពនិងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។ លោកបាននិយាយថា អំពើហិង្សានេះគឺ “មិនអាចទទួលយកបាន” ។

គណបក្សសម្ពន្ធភាពចលនាប្រជាធិប​តេយ្យMDC ដែលជាគណបក្សប្រឆាំងនេះ បន្តបដិសេធលទ្ធផលការបោះឆ្នោតនេះ ទោះបីជា កាលពីថ្ងៃសុក្រ ការសម្រេចរបស់តុលាការ បានសម្រេចរក្សាទុកការសម្រេចដូចមុន ដោយមិនចាត់ការបណ្តឹងតវ៉ារបស់បក្សប្រឆាំងអំពីផលទ្ធផលការបោះឆ្នោតនេះក៏ដោយ។

ការបោះឆ្នោតកាលពីខែកក្កដា គឺជាលើកទីមួយ ចាប់តាំងពី មេដឹកនាំ លោក Robert Mugabe ត្រូវ​បានទម្លាក់ចេញពីអំណាច។

លោក Nelson Chamisa មេដឹកនាំបក្សប្រឆាំងMDC នេះ បាននិយាយថា លោក ត្រូវបានគេប្លន់ជ័យជម្នះ ហើយមិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះទេ។

លោក Emmerson Mnangagwa បានថ្កោលទោសម្តងទៀតចំពោះអំពើហិង្សាក្រោយការបោះឆ្នោតដោយនិយាយថា “ប្រជាជន គួរមានការរួមគ្នាសម្រាប់ប្រទេសជាតិស៊ីមបាវ៉េ និងបានសម្តែងការចួលរួមកាន់ទុកដល់គ្រួសារជនរងគ្រោះ” ។ លោក បាននិយាយថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាគោរព រដ្ឋធម្មនុញ្ញនីតិរដ្ឋនិងឯករាជ្យភាពតុលាការ។

លោក Emmerson Mnangagwa ដែលមកពីគណបក្សZanu-PF របស់លោក Robert Mugabe នេះ ក៏បានសន្យាធ្វើកំណែទម្រង់សេដ្ឋកិច្ចផងដែរ ដើម្បីទាក់ទាញការវិនិយោគក្នុងស្រុកនិងបរទេស៕ដោយ៖សុខា/sn

លោក Emmerson Mnangagwa ប្តេជ្ញាធ្វើការអភិវឌ្ឍអំពីអ្វីដែលលោកហៅថា “ថ្ងៃស្អែកល្អប្រសើរឡើង” សម្រាប់ស៊ីមបាវ៉េ បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតី