លោ​ករី​ឆាត ប្រ៊ែ​ន​សុន និង លោក ហ្វា​បៀ​ន ឃូ​ស្តូ បង្ហាញ​បេសកកម្ម​ឆ្ពោះទៅ​អន្លង់​ខៀវ​ធំ​បំផុត​លើ​ពិភពលោក​ជា​លើកដំបូង​

1092
ចែករម្លែក

​ក្នុង​ឆ្នាំ ១៩៧១ អ្នក​មុជទឹក​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​ជនជាតិ​បារាំង​លោក​ហ្សា​ក់ ឃូ​ស្តូ (Jacques Cousteau) បាន​នាំយក​នាវា​ស្រាវជ្រាវ Calypso របស់គាត់​ធ្វើដំណើរ​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​បេ​លី​ដើម្បី​រុករក​អន្លង់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែលមាន​ជម្រៅ​ប្រហែល ៣០៤ ម៉ែត្រ​។​

​ក្រុម​ស្រាវជ្រាវ​របស់លោក​ឃូ​ស្តូ​បាន​រកឃើញថា អន្លង់​ខៀវ (Blue Hole) ដែលជា​អន្លង់​មហាសមុទ្រ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​និង​ជា​កន្លែង​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​បេ​លី តាមពិតទៅ​គឺជា​រូងភ្នំ​លិច​ទឹក​ដែល​បានកកើតឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​។​

​បច្ចុប្បន្ន ជិត ៥០ ឆ្នាំ​ក្រោយមក ចៅប្រុស​របស់លោក​ឃូ​ស្តូ គឺ​លោក ហ្វា​បៀ​ន ឃូ​ស្តូ (Fabien Cousteau) នឹង​ត្រឡប់​ទៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​នេះ​វិញ ជាមួយ​លោក រី​ឆាត ប្រ៊ែ​ន​សុន និង​ក្រុម​អ្នកស្រាវជ្រាវ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អន្លង់​ដ៏​អាថ៌កំបាំង​នេះ​។​

​លោក​ហ្វា​បៀ​ន ឃូ​ស្តូ បាន​ប្រាប់​សារព័ត៌មាន DailyMail.com ថា “​និយាយ​តាមបែប​ភូមិសាស្ត្រ វា​ពិតជា​អន្លង់​ដ៏​អស្ចារ្យ​មែន​។ ហើយ​វា​ជា​បាតុភូត​គួរឱ្យ​ចាប់អារម្មណ៍​ព្រោះ​វា​ជា​អន្លង់​ដ៏​កម្រ​”​។​

​លោក​ហ្វា​បៀ​ន​ត្រូវបាន​បង្ហាត់​ឱ្យ​ចេះ​មុជទឹក​ជ្រៅៗ​នៅ​អាយុ ៤ ឆ្នាំ​ដោយ​ជីតា​របស់គាត់​។​

​ហើយ​ក្នុង​ឆ្នាំ ២០១៤ គាត់​បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​ជីតា​គាត់​ដោយ​ចំណាយពេល ៣១ ថ្ងៃ​ថត​ភាពយន្ត​ឯកសារ​នៅក្រោម​ទឹក​និង​ធ្វើ​ការរុករក​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការ​មុជទឹក​ជ្រៅ​រយៈពេល​យូរ​។​

​កំណត់ត្រា​ចាស់​ដែល​កាន់កាប់​ដោយ​លោក​ហ្សា​ក់ ឃូ​ស្តូ គឺ ៣០ ថ្ងៃ​នៅក្រោម​ទឹក​។​

​ពេលនេះ​គាត់​នឹង​វិលត្រឡប់​ទៅ​កន្លែង​ដដែល​ដែល​ជីតា​របស់គាត់​បានមក​ទស្សនា ទោះយ៉ាងណា​លើក​នេះ​គឺ​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិជ្ជា​ទំនើប​ដែល​អាចជួយ​បំភ្លឺ​អំពី​អច្ឆរិយៈវត្ថុ​របស់​មហា​សមុទ្រ​មួយ​នេះ​កាន់តែច្បាស់​។​

​អន្លង់​ខៀវ មិនដែល​ត្រូវបាន​រុករក​ពេញលេញ​នោះទេ​។​

​លោក​ហ្វា​បៀ​ន​បាន​និយាយថា “[​ជីតា​របស់ខ្ញុំ​] បាន​នាំ​កប៉ាល់ Calypso ចូលទៅ​អន្លង់​ខៀវ​ហើយ​បាន​បញ្ជូន​អ្នក​មុជទឹក​និង​កូន​នាវាមុជទឹក​របស់គាត់ ប៉ុន្តែ​វា​គឺជា​បច្ចេកវិជ្ជា​ទសវត្ស​រ៍ ១៩៦០” ។​

​ឥឡូវនេះ​ក្រុម​អ្នក​មុជទឹក​និង​ក្រុម​អ្នកវិទ្យាសាស្ដ្រ​នឹងធ្វើ​ការ​ស្កែ​ន​ត្រីវិស័យ 3D ជា​លើកដំបូង​លើ​តំបន់​ទេសចរណ៍​នេះ រួមមាន​ការ​ស្កែ​ន​សំឡេង​ផ្ទៃ​ខាងក្នុង​ដោយ​ប្រើ​បច្ចេកវិជ្ជា​សម្ងាត់​លំដាប់​យោធា​។​

​ក្តីសង្ឃឹម​គឺថា​ព័ត៌មាន​នេះ​នឹង​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​អំពី​របៀប​ដែល​ការប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ដល់​ភពផែនដី​ក្នុង​រយៈពេល​រាប់ពាន់​លាន​ឆ្នាំ​មកនេះ​៕ដោយ៖ កញ្ញាដាលីស

លោ​ករី​ឆាត ប្រ៊ែ​ន​សុន និង លោក ហ្វា​បៀ​ន ឃូ​ស្តូ នឹង​ទៅ​ស្រាវជ្រាវ​អន្លង់​ខៀវ​នាពេល​ឆាប់ៗ​ខាងមុខនេះ