លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​៥០០​ខ្នង​ប្រឈម​នឹង​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​មកដល់​

600
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០០​ខ្នង និង​សាលាឃុំ​ចំនួន​មួយកន្លែង នៅតាម​បណ្តា​ស្រុក​ចំនួន​ប្រាំ តាម​បណ្តោយ​ទន្លេមេគង្គ របស់​ខេត្តកំពង់ចាម ប្រឈម​នឹង​ការរុះរើ ដើម្បី​បញ្ចៀស​ការបាក់​ស្រុក​របស់​ច្រាំងទន្លេ ក្រោយពី​ទឹកជំនន់​ទន្លេ​មួយ​នេះ​បាន​ស្រក​ចុះ​វិញ នៅ​រដូវ​ទឹកសម្រក​២០១៩​ខាងមុខនេះ​។​

​ក្នុង​ពិធី​ត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​សកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណ​:​កម្ម​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៤០០​នាក់ នៅក្នុង​សាលាខេត្ត​កំពង់ចាម​នៅ​រសៀល​ថ្ងៃទី ២២ កក្កដា លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​នេះ​បាន​ថ្លែងថា បញ្ហា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​របស់​ខេត្តកំពង់ចាម​កន្លងមក​នេះ គឺ​គ្រោះថ្នាក់​នៃ​ការបាក់​ច្រាំងទន្លេ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​មានស្រុក​ក្រុង​ចំនួន ប្រាំមួយ តាម​បណ្តោយ​ដង​ទន្លេមេគង្គ​បាន​រងគ្រោះ​ដោយសារ​ការបាក់​ស្រុក​ច្រាំង​មាន​: ក្រុង​កំពង់ចាម ស្រុក​កំពង់សៀម ស្រុក​ស្ទឹងត្រង់ ស្រុក​កោះសូទិន ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ​។ ដោយមាន​ចំនួន ១៩ កន្លែង​រងគ្រោះ​បាក់ស្រុត​ដែលមាន​បណ្តោយ​សរុប​ប្រវែង ៣៣.៤៨២ ម៉ែត្រ និង​ទទឹង​ចាប់ពី ៥ ដល់ ១១៨ ម៉ែត្រ គឺ​ស្មើនឹង​ផ្ទៃក្រឡា​ចំនួន ១.០៦២.២៩០ ម៉ែត្រ​ការេ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ជាមួយ​នោះ​គ្រោះមហន្តរាយ​ខាងលើ​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន ២៦៥ ខ្នង និង​មណ្ឌល​សុខភាព​ចំនួន​មួយកន្លែង​។ បញ្ហា​នេះ​មន្ត្រី​ជំនាញ​បាន​ប៉ាន់ប្រមាណ​ថា នៅ​រដូវ​ទឹកសម្រក​ឆ្នាំ​២០១៩​ខាងមុខនេះ នឹងមាន​លំនៅស្ថាន​ជា​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០០ ខ្នង និង​សាលាឃុំ​មួយកន្លែង​ប្រឈម​ការបាក់​ស្រុត គឺ​នៅ​កៀក​ច្រាំងទន្លេ​មែនទែន​។​

​លោក​បាន​បន្តថា ក្នុងនោះ​ស្រុក​ស្ទឹងត្រង់​មានផ្ទះ​ចំនួន ១១២ ខ្នង ស្រុក​កំពង់សៀម​មានផ្ទះ​ចំនួន ២២ ខ្នង ស្រុក​កោះសូទិន​មានផ្ទះ​ចំនួន ១៦៥ ខ្នង ស្រុក​កងមាស​មានផ្ទះ​ចំនួន ៣៥ ខ្នង និង​ស្រុក​ស្រី​សន្ធរ​មានផ្ទះ​ចំនួន ២០៨​ខ្នង រួមទាំង​សាលាឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​មួយកន្លែង​ផងដែរ​។​

​គួរ​បញ្ជាក់ថា គ្រោះមហន្តរាយ​រយ​:​ពេល​ប្រាំ​មួយខែ ដើមឆ្នាំ​២០១៩​នេះ មាន​គ្រោះ​អគ្គិ​ស​ភ័យ​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៥ ករណី គឺ​កើតឡើង​ស្រុក​ក្រុង​ចំនួន ប្រាំបី បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​របួស​ម្នាក់ ងាប់​សត្វ​គោ​ចំនួន មួយ ក្បាល និង​ឆេះ​ផ្ទះ​អស់​ចំនួន ៤៥ ខ្នង​។ ខ្យល់ក​ន្ទ្រា​ក់​ចំនួន ១៨​លើក លើ​ស្រុក​ក្រុង​ចំនួន​ទាំង ១០ ឃុំ​សង្កាត់​ចំនួន ៤១ បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន បី នាក់ និង​រលំ​ផ្ទះ​ចំនួន ៤៥​ខ្នង និង​ករណី​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ប្រាំពីរ លើក​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ប្រាំពីរ នាក់​ស្រី​ចំនួន បីនាក់ និង​រងរបួស​ចំនួន ១០​នាក់ ព្រមទាំង​ងាប់​សត្វ​គោ​ចំនួន បួន ក្បាល​៕ ល​