លំហូរ​FDI​បានធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ទ្វេ​រដង​

348

(​ភ្នំពេញ​)៖ កំណើន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​(FDI) បានធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​កើនឡើង​ទ្វេរ​ដង​គាំទ្រ​ដោយសារ​កំណើន​​នៃ​ការវិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ខេត្ត ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន អចលនទ្រព្យ​CBRE Cambodia​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១​ឆ្នាំនេះ តម្លៃ​​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើន​ទ្វេ​រដង ដោយ​ដី​ក្នុង​តំបន់ឆ្នេរ​មានតម្លៃ​ក្នុង​ទីផ្សារ​ចាប់ពី​៤៥០​ដុល្លារ​អាមេរិក​ទៅ​២៥០០​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ ហើយ​តំបន់​ដែលមាន​តម្លៃ​ដី​ខ្ពស់​ជាងគេ​នោះ គឺ​ស្ថិតក្នុង​តំបន់​ក្បែរ​ឆ្នេរ​អូ​ឈើទាល​បើ​ប្រៀប​នឹង​​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែកឯ​ដី​ដែលមាន​តម្លៃ​ទាប​ជាងគេ​នោះ គឺ​ស្ថិតក្នុង​តំបន់ឆ្នេរ​អូ​ត្រេះ​។ រីឯ​តម្លៃ​ដី​ក្នុង​ក្រុង​វិញ វា​មានតម្លៃ​ចន្លោះ​ពី​២០០​ដុល្លារ ទៅ​៧៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ ហើយ​ដី​លំនៅដ្ឋាន​វិញ​មានតម្លៃ​ចាប់ពី ១២០​ដុល្លារ​អាមេរិក ដល់​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត​ការ៉េ​។

​ការសិក្សា​ដដែល​បាន​រកឃើញថា ការ​ហក់​ឡើង​នូវ​តម្លៃ​ដី​នេះ​ត្រូវបាន​គេ​មើលឃើញថា​ដោយសារតែ​ការកើនឡើង​ឡើង​នូវ​លំហូរ​វិ​និ​យោគ​វិនិយោគ​ផ្ទាល់​ទាំង​ក្នុងស្រុក និង​មកពី​ក្រៅប្រទេស ដែល​ការវិនិយោគ​បាន​ផ្តោតលើ​ផ្នែក​បដិសណ្ឋារកិច្ច រមណីយដ្ឋាន គម្រោង​លំនៅស្ថាន និង​ការកើនឡើង​នូវ​ចំនួន​រោងចក្រ​ដោយ​ផ្ដោត​សំខាន់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទំហំ​ទឹក​​ប្រាក់​វិនិយោគ​បាន​កើន​ដល់​៣១០​លាន​ដុល្លារ​។​

​ទន្ទឹមនឹង​មានការ​កើនឡើង​នូវ​តម្លៃ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ទីផ្សារ​ឧស្សាហកម្ម​ក្នុង​ខេត្ត​ក៏​មានការ​ឈានមុខ​ខ្លាំង​ផងដែរ​។ ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​ទីតាំង​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន និង​ជា​ខេត្ត​ដែលមាន​ឧស្សាហកម្ម​ធំជាងគេ​បំផុត​ក្នុង​កម្ពុជា ហើយ​ជា​ខេត្ត​មួយ​ស្ថិតនៅក្នុង​គំនិត​ផ្លូវ​ផ្តួចផ្តើម គោលនយោបាយ​ផ្លួ​វ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន​។​​កត្តា​ដែល​ដែល​ជំរុញ​កំណើន​អភិវឌ្ឍន៍​ក្នុង​ខេត្ត​នេះ ដោយសារ​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម ដែល​បណ្ដាលមកពី​ការតភ្ជាប់ ដោយផ្ទាល់​ពី​ផែ​សមុទ្រ​ទឹក​ជ្រៅ គោលនយោបាយ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ដែល​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​​មាន​រោងចក្រ​សហគ្រាស​១៣០ ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់​។​
​ ​
​លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា តម្លៃ​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើន​​ឡើង​យ៉ាងខ្លាំង និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ហេតុនេះ​អ្នកមាន​ដីធ្លី​សម្រាប់​លក់ គួរ​លក់​ឲ្យ​ហើយ​ទៅ នៅពេល​មាន​តម្រូវការ​និង​កំណើន​​ខ្ពស់​បែបនេះ​។​លោក​បន្តថា វា​ជា​ឱកាសល្អ​សម្រាប់​អ្នកមាន​ដី សម្រាប់​លក់ ខណៈដែល​ចរន្ត​នៃ​ការវិនិយោគ​ក្នុង​ខេត្ត​នេះ​កំពុង​កើន​​ឡើង​យ៉ាងគំហុក​៕​ដោយ៖​ច្រាយ ចំណាន​/sn