លំ​ហាត់​យ៉ូ​ហ្គា ៥ ក្បាច់ ជួយ​ជំរុញ​មុខងារ​ផ្លូវភេទ និង​បង្ការ​ងាប់​លិង្គ​

596

​យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា ការហាត់​យ៉ូ​ហ្គា​រាល់ថ្ងៃ ឬ ញឹកញាប់ អាចជួយ​បុរស​ឱ្យ​ចៀសវាង​បញ្ហា​ងាប់​លិង្គ (ED) ។​

​ពួកគេ​និយាយថា លំ​ហាត់ប្រាណ​បែប​បុរាណ​ដ៏​ស្ងប់​សុខ​នេះ​គឺជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំពេទ្យ ពីព្រោះ​បញ្ហា​ងាប់​លិង្គ​ជា​ញឹកញយ​បង្កឡើង​ដោយ​ផ្លូវចិត្ត​។​

​អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ​ស្រី​ដា​ម៉ា​ស្ថា​ឡា ម៉ាន់​ជូរ​ណា​ថេ​ស្វា​រ៉ា​នៃ​ប្រព័ន្ធ​ឧស​ថ​អា​យូ​វេ​ដា (Ayurveda) និង​មន្ទីរពេទ្យ​នៅ​ទីក្រុង​កា​ណា​តា​កា ប្រទេស​ឥណ្ឌា បាន​កត់សម្គាល់ថា ទោះ​ពុំ​សូវ​មានការ​ស្រាវជ្រាវ ប៉ុន្តែ​បានលើកឡើង​ថា យ៉ូ​ហ្គា​គួរតែ​ត្រូវបាន​គេ​ចាត់ទុកជា​ការព្យាបាល​ជំងឺ​ផ្លូវភេទ​។​

​លោក ដា​នី​ញែ​ល បា​ប៊ី​ន អ្នក​បង្ហាត់​យ៉ូ​ហ្គា​នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នី បាន​ណែនាំ លំ​ហាត់​យ៉ូ​ហ្គា ៥ ក្បាច់ ដែល​ជួយ​បញ្ហា​ងាប់​លិង្គ ដោយ ៦០ ភាគរយ​ក្នុងចំណោម​នោះបាន​ជាសះស្បើយ​ពី​បញ្ហា​ងាប់​លិង្គ​។

១. ក្បាច់​ព្រះ​កន្ទុយ​ត្រី​
​ក្បាច់​នេះ​ជួយ​ជំរុញ​ការរំលាយ​អាហារ និង លំ​ហូរឈាម​ទៅកាន់​សរីរាង្គ​សំខាន់ៗ ដូចជា ថ្លើម អណ្តើក លំពែង និង តំបន់​អាង​ត្រគាក​។

– អង្គុយពត់ជើង​ស្តាំ​ដាក់​លើ​ជើងឆ្វេង (​មើលរូប​) ហើយ​សន្ធឹង​ដៃ​ឆ្វេង​ឱ្យអស់ ហើយ​ដក​ដង្ហើមវែងៗ​សន្សឹមៗ​។​

២. ក្បាច់​ពែន​ភ្នែក​ដាក់​ជើង​ឡើងលើ​ភ្លៅ​
​ក្បាច់​នេះ​ជួយ​ជំរុញ​តំបន់​អាង​ត្រគាក និង ភាពរហ័សរហួន​នៃ​រាងកាយ​។

– អង្គុយពែនភ្នែន​យក​ជើង​ដាក់​លើ​ភ្លៅ​ទាំងសងខាង (​មើលរូប​) ដោយ​ដាក់​ជើងឆ្វេង​គង​លើ​ភ្លៅ​ស្តាំ និង ជើង​ស្តាំ​គង​លើ​ភ្លៅ​ឆ្វេង រួច​ដក​ដង្ហើមវែងៗ ឱ្យបាន​យូរ​។

៣. ក្បាច់​ឥន្ទ្រី​
​ក្បាច់​នេះ​ជួយ​ជំរុញ​លំហូរ​ឈាម​ទៅ​តំបន់​អាង​ត្រគាក ដោយ​បង្កើន​ឱកាស​ខ្ពស់​ជួយ​ដល់​អ្នក​ងាប់​លិង្គ​។

– ឈរជើង​មួយ (​ខាងឆ្វេង​) ឱ្យ​ត្រង់ ហើយ​យក​ជើង​ស្តាំ​គង​ព័ទ្ធជុំវិញ​ជើងឆ្វេង ហើយ​បន្ទន់​ជង្គង់​ទៅមុខ​បន្តិច​។ ហើយ​យក​កែងដៃ​ឆ្វេង​គង​លើ​គន្លាក់​ដៃស្តាំ និង​យក​មេដៃ​ថ្ពក់​គ្នា​ទៅវិញទៅមក​។ ធ្វើឱ្យ ៥ ទៅ ១០ វិនាទី សឹម​ប្តូរ​ទៅ​ជើង​ម្ខាង​ទៀត​។

៤. ក្បាច់​ឱបក្បាលជង្គង់​
​ក្បាច់​នេះ​ជួយ​ពង្រឹង​សាច់ដុំ​ត្រគាក និង​ជំរុញ​ភាពកក់ក្តៅ​ដល់​សរីរាង្គ​បន្ត​ពូជ​។

– ដេក​ឱ្យ​ត្រង់ ហើយ​យកដៃ​ឱបក្បាលជង្គង់​ទាំងពីរ​ឱ្យ​ណែន ហើយ​ដក​ដង្ហើមវែងៗ​សន្សឹមៗ​។

៥. ក្បាច់​សាកសព​ដេក​ត្រង់​
​ក្បាច់​នេះ​ក៏​ជួយ​ជំរុញ​ដល់​តំបន់​អាង​ត្រគាក​ដែរ និង​ជា​ក្បាច់​ងាយស្រួល​បំផុត​ក្នុងចំណោម​ក្បាច់​ទាំង ៥​។

– ដេក​សន្ធឹងដៃជើង​ទាំងអស់ ហើយ​បែរ​បាតដៃ​ទៅលើ រួចហើយ​ដកដង្ហើម​យឺតៗ មួយៗ ។ អនុវត្ត ១៥ ទៅ ២០ នាទី​៕ ដោយ៖ កញ្ញាដាលីស