ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នឹង​សម្តែង​នៅ​ខេត្តតាកែវ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ

631
ចែករម្លែក
  • 52
    Shares

​ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ​ការស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។ អ្នកនិពន្ធ​ជនជាតិ​ហូ​ឡង់​២​រូប​គឺ អ្នកស្រី អាន់​ម៉ា​រី ព្រី​នស៍ និង​អ្នកស្រី ណាន់ វ៉ាន់ ហួត សហការ​ជាមួយ​អ​ម្រឹ​តា​សិល្បៈ ដោយ​មានការ​ជ្រោមជ្រែង​លើ​កិច្ចការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ផលិត​ល្ខោន​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអនុវត្ត​ដំណើរការ​ផ្សះផ្សា និង​ចាប់ផ្តើម​ស្តា​សង្គម​កម្ពុជា​ដ៏​ខ្ទេចខ្ទាំ​ឡើងវិញ​។​

កងកុមារកំពុងរែកដីក្នុងរបបខ្មែរក្រហម (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ត្រូវបាន​សម្តែង​នៅតាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨​។ ក្រោយមក ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ត្រូវបាន​ថត​ជា​សំឡេង និង​ចាក់ផ្សាយ​តាម​វិទ្យុ​នៅក្នុង​ប្រទេស​កម្ពុជា​។ ល្ខោននិយាយ​នេះ ត្រូវបាន​នាំយកទៅ​សម្តែង​នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា នៅក្នុង​ឆ្នាំ​២០១២ ដោយមាន​តួអង្គ​ជនជាតិ​រ្វ៉ា​ន់​ដា​ចំនួន​២​នាក់ បាន​ចូលរួម​សម្តែង​រួមគ្នា បន្ទាប់ពី​ការ​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា​។ បើ​គិត​មកដល់​សព្វថ្ងៃ ប្រវត្តិ​នៃ​ការកកើត​ល្ខោននិយាយ​នេះ​មាន​អាយុកាល​១០​ឆ្នាំ​មកហើយ​។

កងយុវជនកំពុងធាក់រហាត់ទឹកបញ្ចូលស្រែក្នុងរបបខ្មែរក្រហម (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅក្នុង​ឆ្នាំ​២០១៨ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ដោយ​ដាក់បញ្ចូល​ឈុត​ថ្មី​មួយទៀត ដែល​បន្ថែម​លើ​ខ្លឹមសារ​ចាស់​ទាក់ទង​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ដែល​ហៀបនឹង​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ជាមួយ​ឈុត​ឆាក​ថ្មី​ដែល​បាន​បញ្ចូល​លទ្ធផល​ចុងក្រោយ​របស់​តុលាការ​ខ្មែរក្រហម ត្រូវបាន​សម្តែង​ឡើងវិញ​នៅ​សាល​វប្បធម៌ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ដោយមាន សិស្សានុសិស្ស គរុ​និស្សិត គ្រូបង្រៀន ប្រជាជន អ្នកនិពន្ធ​សៀវភៅ មន្ត្រីរាជការ មន្ត្រី​ទូត ដើមបណ្តឹង​រដ្ឋប្បវេណី​នៅ​សាលាក្តី​ខ្មែរក្រហម និង​ខ្មែរ​អ៊ីស្លាម ប្រមាណ​ជាង​៥០០​នាក់​ចូលរួម​ទស្សនា​។

ឈុតមួយនៅក្នុងល្ខោននិយាយទម្លាយភាពស្ងៀមស្ងាត់ (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ជាមួយ​ឈុត​ឆាក​ថ្មី ក៏​នឹង​រៀបចំ​សម្តែង​ជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ ដោយ​សាធារណជន​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​៕

ប្រជាជនក្នុងរបបខ្មែរក្រហម (រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)