ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» រៀបរាប់​អំពី​ការពិត​ក្នុងសម័យ​ខ្មែរក្រហម​

497
ចែករម្លែក
  • 14
    Shares

ដោយ​៖ ក្រុម​សរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​នៅវេលា​ម៉ោង​៣៖៣០​នាទី រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ល្ខោននិយាយ​ដែលមាន​ចំណងជើង​ថា «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​សម្តែង​ជាថ្មី​ម្តងទៀត នៅ​សាលប្រជុំ​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។ អ្នកចូលរួម​ទស្សនា​ល្ខោន​នោះ រួមមាន លោកជំទាវ ទន់ សា​អ៊ី​ម អនុ​រដ្ឋលេខា​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ង៉ែត សូ​ដា នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តតាកែវ លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ព្រមទាំង​សិស្សានុសិស្ស គរុ​សិស្ស គ្រូបង្រៀន មន្ត្រីរាជការ ប្រជាជន និង​ភ្ញៀវ​បរទេស​ប្រមាណ​ជាង​៥០០​នាក់​។

លោកជំទាវ ទន់ សា​អ៊ី​ម អនុ​រដ្ឋលេខា​ក្រសួង​អប់រំ យុវជន និង​កីឡា ឡើង​ថ្លែង​សុន្ទរកថា​មុនពេល​សម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​ការជំរុញ​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរក្រហម ការផ្សះផ្សា ការព្យាបាល​របួស​ផ្លូវចិត្ត​រួមទាំង​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង ដែល​បាន​កើតឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩)​។ ក្រោយពី​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» អ្នកទស្សនា​ក៏មាន​ឱកាស​ពិភាក្សា លើកឡើង​អំពី​បទពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន និង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ប្រាប់ ដល់​អ្នកចូលរួម​។

ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ​ការស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។​

លោក ង៉ែត សូ​ដា នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តតាកែវ​

​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ធ្លាប់បាន​សម្តែង​នៅតាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​ពេលបច្ចុប្បន្ន​។ បើ​គិត​មកដល់​សព្វថ្ងៃ ប្រវត្តិ​នៃ​ការកកើត​ល្ខោននិយាយ​នេះ មាន​អាយុកាល​១០​ឆ្នាំ​មកហើយ​។ នៅក្នុង​ឆ្នាំ​២០១៨ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ដោយ​ដាក់បញ្ចូល​ឈុត​ថ្មី​មួយទៀត ដែល​ទាក់ទង​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម និង​កម្ម​ពារ​ទៅតាម​ធម៌​ព្រះពុទ្ធ​។​

ប្រជាជន​មក​ទស្សនា​ការសម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​បាន​សម្តែងឡើង​ជាមួយ​សាច់រឿង​ចំនួន​៨​ឈុត ដែល​ឈុត​នីមួយៗ​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​សោកសង្រេង​នៃ​ការបែកបាក់ ការបាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ភាពមិន​ទុកចិត្ត​គ្នា គំនុំ​គំ​គួ​ន​ដែល​ពិបាក​ក្នុងការ​អភ័យទោស និង​ការពិភាក្សា​វែកញែក​រវាង​មនុស្ស​ពីរ​ជំនាន់​ខុសគ្នា​។ ទន្ទឹមនឹង​ការរៀបរាប់​ពី​ទុក្ខសោក​វេទនា​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម ក៏មាន​ការ​ច្រៀង​ចម្រៀង​មនោសញ្ចេតនា ការ​រាំ​របាំ និង​រឿងនិទាន​ដែរ​។ សាច់​រឿងនេះ​ត្រូវបាន​សម្តែង​ដោយ​តួ​សម្តែង​ចំនួន​៥​នាក់ អ្នក​ច្រៀង​១​នាក់ និង​អ្នករាំ​១​នាក់​។
​បន្ទាប់ពី​ការសម្តែង​នេះ​អ្នកចូលរួម​ទស្សនា​បានបង្ហាញ​ចំណាប់អារម្មណ៍​ដូចខាងក្រោម​៖

សិស្សានុសិស្ស​មក​ទស្សនា​ការសម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

១) ប៉ាង អ៊​ន អាយុ​៧១​ឆ្នាំ បច្ចុប្បន្ន​ជា​ប្រធានភូមិ​អូរ​ស្វាយចេក សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​មានប្រសាសន៍ ល្ខោន​ទម្លាយ​ភាព​ពិត​គឺ​សម្តែង​ចេញពី​រឿង​រ៉ាង​នៅក្នុង​របប​ខ្មែរក្រហម​ដែល​គាត់​ធ្លាប់បាន​ឆ្លងកាត់ ហើយ​ពាក្យសម្តី​ទាំងឡាយ​ដែល​ប្រើប្រាស់​នៅក្នុង​ល្ខោននិយាយ​នេះ គឺជា​ពាក្យ​ដែល​គាត់​ធ្លាប់បាន​ស្តាប់ឮ​រាល់ថ្ងៃ​នៅក្នុង​របប​ខ្មែរក្រហម ដូចជា​ពាក្យ «​អង្គការ​» ឬ «​សម​មិត្ត​» ជាដើម​។ អ៊​ន បាន​ឲ្យ​ដឹងថា ល្ខោន​នេះ​នឹងធ្វើ​ឲ្យ​មានការ​ចងចាំ​ពី​របប​មួយ (​របប​ខ្មែរក្រហម​) ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ធ្ងន់ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​មកលើ​ប្រជាជន​។ អ៊​ន បាន​រៀបរាប់ថា នៅក្នុង​របប​ខ្មែរក្រហម​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើការ​នៅក្នុង​សហ​រណ៍ នៅ​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ តំបន់​១៣ ភូមិភាគ​និរតី ដោយ​ខ្ញុំ​ធ្វើ​ការងារ​ភ្ជូ​រ​រាស់ កាប់​គាស់​គល់ឈើ​ដើម្បី​រាន​ដី​ដាំ​ដំណាំ រកត្រី​សម្រាប់​ផ្គត់ផ្គង់​សហករណ៍ និង​ត្រួត​ពិនិត្យមើល​ទំនប់ទឹក​។​

ប្រជាជន និង​សិស្សានុសិស្ស​ទស្សនាការ​សម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​អ៊​ន បាន​ឲ្យ​ដឹងថា នៅក្នុង​របប​ខ្មែរក្រហម​ក៏មាន​ការសម្តែង​ល្ខោន​ដែរ​នៅក្នុង​តំបន់​របស់គាត់ ដូចជា ការសម្តែង​ល្ខោន​នៅ​ទំ​បន់​ស្លាគូ ដែល​ល្ខោន​ភាគច្រើន​និយាយ​អំពី​ការតស៊ូ ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​ប្រជាជន​។ ប៉ុន្តែ​ទោះបី​យ៉ាង​ក៏ដោយ ក៏​គាត់​មិនដែល​បាន​ចូលរួម​ទស្សនា​ការសម្តែង​ល្ខោន​ទាំង​នោះដែរ​។ អ្នក​ដែល​អាច​ទៅ​ទស្សនា​ការសម្តែង​ល្ខោន​បាន​លុះត្រាតែ​អ្នកនោះ​មានការ​អញ្ជើញ​ពី​ថ្នាក់លើ និង​អ្នក​ដែលមាន​តួនាទី​នៅក្នុង​បដិវត្តន៍ ដូចជា ប្រធាន​ក្រុម ប្រធាន​កង​ពិសេស ប្រធាន​សហករណ៍ ប្រធានភូមិ និង​ប្រធាន​ឃុំ​ជាដើម​។ ខ្ញុំ​បានឮ​សាច់រឿង​ល្ខោន​នោះ​តាមរយៈ​អ្នក​ដែល​បាន​ទៅ​ចូលរួម​ទស្សនា​និយាយប្រាប់ បន្ទាប់ពី​ត្រឡប់​មកដល់​សហករណ៍​វិញ​។ ចំណែក​ខ្ញុំ​បានត្រឹមតែ​ស្តាប់​ចម្រៀង​បដិវត្តន៍​ខ្មែរក្រហម ដែល​តែងតែ​ចាក់​នៅតាម​ការដ្ឋាន​ការងារ​ប៉ុណ្ណោះ ហើយ​ចម្រៀង​ភាគច្រើន​ជំរុញ​ទឹកចិត្ត​ប្រជាជន​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​បម្រើ​អង្គការ​បដិវត្តន៍​។​

២) អ៊ូ វ៉ាន់​នី អាយុ​២១​ឆ្នាំ គឺជា​គរុ​សិស្ស​ឆ្នាំ​ទី​១ ជំនា​ន់ទី​២៩ ឯកទេស​ប្រវត្តិ​ភូមិ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។ វ៉ាន់​នី បាន​រៀបរាប់ថា «​កាលពីមុន​ខ្ញុំ​ធ្លាប់​បានឮ​របប​ខ្មែរក្រហម​តាមរយៈ​ចាស់ទុំ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​ខ្ញុំ​និយាយប្រាប់​ខ្ញុំ​ថា នៅ​ខែមេសា ឆ្នាំ​១៩៧៥ គឺជា​ពេលវេលា​មួយ​ដែល​ខ្មែរក្រហម​បាន​ដឹកនាំ​ប្រទេស​។ ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួសកម្លាំង​ទៅតាម​ផែនការ​របស់ខ្លួន ប្រសិនបើ​មាន​ប្រជាជន​ណា​គេចវេះ​ពី​ការងារ ឬ​ប្រឆាំងនឹង​បញ្ជា ប្រជាជន​នោះ​នឹង​ត្រូវបាន​ខ្មែរក្រហម​យកទៅ​រៀនសូត្រ ឬ​ធ្វើ​ទារុណកម្ម​។ វ៉ាន់​នី ក៏​ធ្លាប់​បានដឹង​ពី​របប​ខ្មែរក្រហម​តាមរយៈ​ការសិក្សា​របស់ខ្លួន​កាលពី​រៀន​នៅ​វិទ្យាល័យ​ដែរ​។ វ៉ាន់​នី បាន​បញ្ជាក់ថា «​ខ្ញុំ​ធ្លាប់បាន​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (​ឆ្នាំ​១៩៧៥-១៩៧៩) និង​ធ្លាប់​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ម្តងម្កាល​ដែរ​។

ការសម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅថ្ងៃនេះ​។ ល្ខោននិយាយ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​នៃ​របប​ខ្មែរក្រហម​តាមរយៈ​ការសម្តែង​។ ពីមួយ​ឈុត​ទៅមួយ​ឈុត គឺ​បាន​ឆ្លុះ​បង្ហាញ​ពី​រឿងរ៉ាវ​ពិត​របស់​ប្រជាជន​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ដែល​មើលទៅ​គួរ​ឲ្យ​សង្វេគ​យ៉ាង​ពន់ពេក​។ ខ្ញុំ​សង្ឃឹមថា ការសម្តែង​ល្ខោននិយាយ​នេះ នឹង​ជួយ​ដល់​ក្មេងជំនាន់ក្រោយ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដែល​ធ្លាប់បាន​កើតឡើង ហើយ​ត្រូវធ្វើ​ការសិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​។ សម្រាប់​ខ្ញុំ​នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការ​ទស្សនា​ល្ខោននិយាយ​នេះ ទៅ​ចែករំលែក​ជាមួយ​សិស្ស​របស់ខ្ញុំ ក៏ដូចជា​មិត្តភក្តិ​បងប្អូន អ្នកភូមិ​របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​សូម​សំណូមពរ ឲ្យ​មានការ​សម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត​នៅក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ​។​

ទស្សនិកជន​កំពុង​ទស្សនា​ការសម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់ (​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

៣) ឈ្មោះ រី សុ​កេ​ត្តា គរុ​សិស្ស​ជំនា​ន់ទី​១ ឯកទេស​ភូមិ​-​ប្រវត្តិវិទ្យា នៃ​គរុ​សិស្ស​ភូមិភាគ​ខេត្តតាកែវ ដែល​បាន​ចូលរួម​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ដែរ​បាន​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​ទស្សនា​ល្ខោន​នេះ និង​កោតសរសើ​អំពី​ការច្នៃប្រឌិត និង​ការបង្កើត​ល្ខោននិយាយ​បែប​ថ្មី​ដែល​បាន​បញ្ចូល​នូវ​រឿងរ៉ាវ​របស់​ប្រជាជន និង​ប្រវត្តិសាស្ត្រ​បង្ហាញ​ដល់​ក្មេងជំនាន់ក្រោយ​។​

៤) នង ប៊ុនធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ គ្រូបង្រៀន​ផ្នែក​សិល្បៈ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ បាន​មានប្រសាសន៍ថា ខ្ញុំ​មាន​ភាពសប្បាយ​រីករាយ​ណាស់​នៅពេល​បាន​ទស្សនា​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ដែល​បានបង្ហាញ​អំពី​ការផ្សះផ្សា​រវាង​ជនរងគ្រោះ និង​ជនដៃដល់​នៅ​ក្នុងសម័យ​ខ្មែរក្រហម​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា​ដើម្បី​ឲ្យ​មាន​សុខសន្តិភាព​នៅក្នុង​សង្គម​ជាតិ​ទាំងមូល​។ ជាពិសេស​តាមរយៈ​ឈុត​ឆាក​នៃ​ការសម្តែង​បាន​ជួយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទុក្ខលំបាក​វេទនា​របស់​ប្រជាជន​ខ្មែរ​នៅ​ក្នុងសម័យ​ខ្មែរក្រហម និង​ចេះ​រួបរួមសាមគ្គី អត់ឱន ស្រឡាញ់ មានចិត្ត​មេត្តា ដើម្បី​ជៀសផុត​ពី​កំហុស​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​កន្លងមក​។ តាមរយៈ​ល្ខោននិយាយ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ឪពុក​របស់ខ្ញុំ​ដែល​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ ប៉ុន្តែ​ខ្ញុំ​យល់ថា មានតែ​ការអត់ធ្មត់ ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ប៉ុណ្ណោះ ទើប​អាចធ្វើ​ឲ្យ​ខ្ញុំ គ្រួសារ​របស់ខ្ញុំ និង​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​អាច​រួមរស់​ជាមួយគ្នា​បាន​ដោយ​ភាពសុខសាន្ត​។ ខ្ញុំ​សូម​សំណូមពរ​ឲ្យ​មានការ​រៀបចំ​កម្មវិធី​សម្តែង​ល្ខោននិយាយ​ទម្លាយ​ភាព​ស្ងៀមស្ងាត់​នេះ​នៅតាម​ទីតាំង​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​អ្នកជំនាន់ក្រោយ​បានដឹង​អំពី​របប​ខ្មែរក្រហម​៕ ល​