ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នឹងមាន​វត្ត​មាននៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​

513
ចែករម្លែក

ដោយ​:​ក្រុម​សរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត/ភ្នំពេញ ៖ នៅវេលា​ល្ងាច​ថ្ងៃ​ពុធ ទី​៦ ខែមីនា ឆ្នាំ​២០១៩ នឹងមាន​ការសម្តែង​ល្ខោននិយាយ​ដែលមាន​ចំណងជើង​ថា «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ដោយ​សាធារណជន​អាច​ចូលរួម​ទស្សនា​ការសម្តែង​នេះ​ដោយ​សេរី​។

​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​ការជំរុញ​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរក្រហម ការផ្សះផ្សា ការព្យាបាល​របួស​ផ្លូវចិត្ត រួមទាំង​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង ដែល​បាន​កើតឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩)​។ ក្រោយពី​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» អ្នកទស្សនា​ក៏មាន​ឱកាស​​ពិភាក្សា លើកឡើង​អំពី​បទពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន និង​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ប្រាប់​ដល់​អ្នកចូលរួម​។

ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ​ការស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។​
​ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” ធ្លាប់បាន​សម្តែង​នៅតាម​បណ្តា​ភូមិ​ឃុំ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​ពេលបច្ចុប្បន្ន​។ បើ​គិត​មកដល់​សព្វថ្ងៃ ប្រវត្តិ​នៃ​ការកកើត​ល្ខោននិយាយ​នេះ មាន​អាយុកាល​១០​ឆ្នាំ​មកហើយ​។

នៅក្នុង​ឆ្នាំ​២០១៨ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ដោយ​ដាក់បញ្ចូល​ឈុត​ថ្មី​មួយទៀត ដែល​ទាក់ទង​នឹង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម និង​កម្ម​ពារ​ទៅតាម​ធម៌​ព្រះពុទ្ធ​។ ល្ខោននិយាយ “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” គឺ​បាន​សម្តែងឡើង​ជាមួយ​សាច់រឿង​ចំនួន​៨​ឈុត ដែល​ឈុត​នីមួយៗ​បាន​ឆ្លុះបញ្ចាំង​អំពី​ភាព​សោកសង្រេង​នៃ​ការបែកបាក់ ការបាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ភាពមិន​ទុកចិត្ត​គ្នា គំនុំ​គំ​គួ​ន​ដែល​ពិបាក​ក្នុងការ​អភ័យទោស និង​ការពិភាក្សា​វែកញែក​រវាង​មនុស្ស​ពីរ​ជំនាន់​ខុសគ្នា​។ ទន្ទឹមនឹង​ការរៀបរាប់​ពី​ទុក្ខសោក​វេទនា​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម ក៏មាន​ការ​ច្រៀង​ចម្រៀង​មនោសញ្ចេតនា ការ​រាំ​របាំ និង​រឿងនិទាន​ដែរ​។ សាច់​រឿងនេះ​ត្រូវបាន​សម្តែង​ដោយ​តួ​សម្តែង​ចំនួន​៥​នាក់ អ្នក​ច្រៀង​១​នាក់ និង​អ្នករាំ​១​នាក់​។

បន្ទាប់ពី​ការសម្តែង​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​អង្គការ​អ​ម្រឹ​តា​សិល្បៈ នឹង​នាំយក​ការ​សម្តែង​ដូចគ្នា​ទៅកាន់​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​នៅតាម​បណ្តា​ខេត្ត​ចំនួន​២​ទៀត​គឺ ៖ ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង ដើម្បី​ជាការ​ចែករំលែក​ដល់​ម​នុស្ស​គ្រប់​ជំនាន់ ឲ្យ​ស្វែងយល់​ពីបទ​ពិសោធន៍រ​បស់​អ្នក​រស់រានមានជីវិត ដែល​ត្រូវបាន​លាតត្រដាង​ដើម្បី​ការចងចាំ ការផ្សះផ្សា កសាង​សន្តិភាព និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នាពេល​អនាគត​៕B/