ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» នឹង​ជួយ​ឲ្យ​មានការ​ពិភាក្សា និង​ការចងចាំ​

675
ចែករម្លែក

ដោយ​: សោម ប៊ុនថន​
​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» គឺជា​សាច់​រឿងល្ខោន​ដែល​ដកស្រង់​ចេញពី​រឿងរ៉ាវ​ពិត​របស់​អ្នក​រស់រានមានជីវិត​ក្រោយ​របប​ខ្មែរក្រហម តាមរយៈ​ការស្រាវជ្រាវ និង​សម្ភាសន៍​ជាមួយ​ជនរងគ្រោះ និង​ជនដៃដល់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងប្រទេស​កម្ពុជា​។ ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​ចូលរួមចំណែក​ដល់​ភាព​ចំ​បាច់​ក្នុង​ការបញ្ចប់​ភាព​ស្ងៀមស្ងាត់​របស់​ប្រជាជន​កម្ពុជា​ដែល​បានអូសបន្លាយ​អស់​រយៈពេល​៤​ទសវត្សរ៍​មកហើយ ស្រប​ពេលដែល​ល្ខោន​នេះ​បាន​ក្លាយជា​មធ្យោបាយ​ក្នុងការ​លើកឡើង​អំពី​កិច្ចពិភាក្សា និង​ចម្ងល់​នានា ដើម្បី​ចាប់ផ្តើម​ការផ្សះផ្សា និង​ការចងចាំ​ពី​របប​ខ្មែរក្រហម​។ មិន​ត្រឹមតែ​ជា​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ប៉ុណ្ណោះ​ទេ រឿងរ៉ាវ​របស់​សាលាក្តី​ខ្មែរក្រហម ក៏ត្រូវ​បានលើកឡើង​នៅក្នុង​វគ្គ​បញ្ចប់​នៃ​ល្ខោន​នេះដែរ ដើម្បី​បញ្ជាក់ថា សាលាក្តី​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្តា​ជំនឿ​ទុកចិត្ត​ចំពោះ​ប្រព័ន្ធ​ច្បាប់​ដែល​រង​ភាព​ខេ្ទ​ច​ខ្ទាំ​ពី​របប​ខ្មែរក្រហម និង​ដំណើរ​យុត្តិធម៌​ដែល​អាច​ទទួលយកបាន​។​

​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបាន​សម្តែង​ឡើងជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៩ និង​មាន​ចំនួន​២១​ទីតាំង ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស​កម្ពុជា ដោយមាន​សាធារណជន​ចំនួន ១០.១១០​នាក់ បាន​ចូលរួម​ទស្សនា​។ នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩​នេះ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវបាន​សម្តែង​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង ដែលមាន​បុគ្គលិក​សិក្សា គ្រូ គរុ​សិស្ស និស្សិត និង​ប្រជាជន​ប្រមាណ​៤០០ នាក់​បាន​ចូលរួម​ទស្សនា បន្ទាប់ពី​បាន​សម្តែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តតាកែវ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង កន្លងមក​។ ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» មិន​ត្រឹមតែ​ជាការ​ចែករំលែក​ដល់​អ្ន​ក​ទស្សនា​ឲ្យ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍​របស់​អ្នក​រស់រានមានជីវិត​នៅក្នុង​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ គឺ​ថែម​បាន​ជំរុញ​ឲ្យ​ការផ្សះផ្សា កសាង​សន្តិភាព ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ទៀតផង​។ ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​លាតត្រដាង​រឿងរ៉ាវ​ជាច្រើន​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម តាមរយៈ​តួអង្គ​ដែលជា​គ្រូ​បង្ហាត់បង្រៀន​សិល្បៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​នៅរស់​ជីវិត​ពី​របប​ខ្មែរក្រហម​។ អ្នកទស្សនា​បានឃើញ​ឈុត​ឆាក ទិដ្ឋភាព និង​បាន​ស្តាប់ឮ​តួអង្គ​និយាយ​រៀបរាប់​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម លាយឡំ​ជាមួយ​អារម្មណ៍​ពុះកញ្ជ្រោល​ជាមួយ​បទពិសោធន៍​ផ្ទាល់​របស់​តួអង្គ អម​ជាមួយ​បទ​ចម្រៀង បានធ្វើ​ឲ្យ​សាច់រឿង​ល្ខោន​នេះ​ហាក់ដូចជា​បានកើត​ឡើង​នៅពេល​ថ្មីៗ​ដែរ​។

​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​លាតត្រដាង​ពី​ការ​លាក់បាំង និង​ការរស់នៅ​មិន​ចុះសម្រុង​គ្នា​ក្នុងចំណោម​ជនដៃដល់ និង​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ដើម្បី​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​វែកញែក និង​ឈានទៅដល់​ការផ្សះផ្សា​ជាតិ​។ ល្ខោននិយាយ​នេះ ក៏បាន​បង្កើត​ឲ្យ​មានការ​គិតពិចារណា​ស៊ីជម្រៅ និង​វិជ្ជមាន ជាជាង​ការដាក់បន្ទុក ការ​ស្អប់ គុំ​គួ​ន ក្នុងចំណោម​សាធារណជន គ្រូបង្រៀន និង​សិស្សានុសិស្ស នៅតាម​សាលារៀន​ដែរ​។

​បន្ទាប់ពី​បាន​ទស្សនាការ​សម្តែង​រយៈពេល​ជាង​មួយ​ម៉ោង គរុ​សិស្ស លី សុខ​គង់ ក៏បាន​លើក​ជា​សំណួរ​ថា តើ​អ្នកមាន​អារម្មណ៍​ឈឺចាប់​ដូចម្តេចខ្លះ​ក្នុងនាម​ជា​ជនរងគ្រោះ​? របប​ខ្មែរក្រហម​បាន​កន្លង​ហួស​ទៅហើយ តើ​ជនរងគ្រោះ​អាច​លើកលែងទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​បាន​ដែរឬទេ​? សុខ​គង់ ក៏បាន​លើក​ពី​គំនិត​ចង់​ឲ្យ​មានការ​ពិភាក្សាគ្នា​រវាង​ជនរងគ្រោះ និង​ជនដៃដល់​ជួបគ្នា​ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ពី​អតីតកាល​ដែរ​។

​អ្នកគ្រូ ស៊ីណា គឺជា​តួ​សម្តែង​ក្នុង​ល្ខោននិយាយ​រឿង «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​មានប្រសាសន៍ថា ៖ ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់ នៅពេលដែល​ពេទ្យ​ខ្មែរ​បាន​ចាក់​ថ្នាំ​ឲ្យ​ឪពុក​របស់ខ្ញុំ ហើយ​មួយសន្ទុះ​ក្រោយមក​ឪពុក​របស់ខ្ញុំ​ក៏​ស្លាប់ទៅ​។ នៅ​ថ្ងៃ​មួយពេល​ខ្ញុំ​កំពុងធ្វើការ​នៅ​វាលស្រែ ប្រធាន​កង​បានមក​វាយដំ​ខ្ញុំ​យ៉ាងខ្លាំង​ជ្រមុជ​ទៅក្នុង​ទឹក​ដោយ​ចោទថា ខ្ញុំ​មិនចេះ​ស្ទូង​។ ពេលនោះ​ខ្ញុំ​នៅ​វ័យ​កុមារ​នៅឡើយ ខ្ញុំ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​។ រហូតដល់​សព្វថ្ងៃ ខ្ញុំ​នៅតែ​ចងចាំ​រឿងរ៉ាវ​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​ក៏​មិនមាន​ចិត្ត​ស្អប់ គុំ​គួ​ន និង​សងសឹក​ជាមួយ​អ្នក​ដែល​ធ្លាប់​ធ្វើបាប​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ដែរ ព្រោះ​អ្នក​ដែល​ស្លាប់​ទៅហើយ​មិនអាច​រស់​ឡើងវិញ​ទេ ហើយ​ជនរងគ្រោះ​ក៏​មិនមែន​តែ​គ្រួសារ​ខ្ញុំ​ដែរ គឺ​ប្រជាជន​ខ្មែរ​ទាំងអស់​។ ពេលខ្លះ ខ្ញុំ​មិន​ចង់​និយាយ​ពី​ការឈឺចាប់​របស់ខ្ញុំ​ឡើយ ប៉ុន្តែ​ដោយសារ​ខ្ញុំ​ជា​អ្នកសិល្បៈ ខ្ញុំ​មាន​ភារកិច្ច​ចែករំលែក​រឿងរ៉ាវ​ទាំងនេះ ហើយ​ខ្ញុំ​ក៏មាន​មោទកភាព​ចំពោះ​ការសម្តែង​នេះដែរ​។​

​លោក សុខ ហ៊ីង នាយករង​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ថា គ្រូបង្រៀន​គឺជា​បុគ្គល​ដ៏​ដំ​ខាន់​ក្នុងការ​លាតត្រដាង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ការផ្សព្វផ្សាយ​នៅតាម​ថ្នាក់រៀន ភូមិ និង​សហគមន៍​។ ចំណែក​ល្ខោន​នេះ​នឹងធ្វើ​ឲ្យ​មានការ​និយាយ រំឭក​ឡើងវិញ​ពី​អតីតកាល​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍ និង​ការកាប់សម្លាប់​សម្លាប់​យ៉ាង​រង្គាល​នៅក្នុង​របប​ខ្មែរក្រហម​។

«​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​បង្កប់​ខ្លឹមសារ​អប់រំ​ក្នុងសង្គម​មួយ​ដែល​បែកបាក់​ដើម្បី​ឈានឆ្ពោះ​ទៅមុខ​។ គរុ​សិស្ស​-​និស្សិត ដែល​នឹង​ក្លាយជា​គ្រូបង្រៀន​នៅពេល​ខាងមុខ ក៏​អាច​យក​រឿងរ៉ាវ​ទាំងនេះ​ធ្វើជា​មេរៀន និង​លើក​ជា​សំណួរ​ដើម្បី​ពិភាក្សា​ក្នុងចំណោម​សិស្សានុសិស្សរ​បស់​ខ្លួន​នៅក្នុង​ថ្នាក់​ដែរ​៕