ល្បុក្កតោ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង គ្រូបង្វឹក​

1063
ចែករម្លែក
ការបើក​វគ្គ​ល្បុក្កតោ​

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម និង​គ្រូបង្វឹក​របស់ខ្លួន​ចំនួន​១៤​នាក់ មកពី​ក្លិប​នានា​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៧​ដល់​២៩​មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​។​

​វគ្គ​នេះ បង្រៀន​ដោយ​លោកគ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន លោកគ្រូ​តា​ក្រមា​ប្រាក់ ហុក ឈាង​គីម និង​លោក​គ្រូធំ អ៊ុង ដា​រិ​ទ្ធ ដែល​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​នេះ​។​

​ថ្លែង​នៅក្នុង​ពិធី​បើ​វគ្គ​លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សំណូមពរ​ឲ្យ​គ្រូ​ល្បុក្កតោ​ដែល​មកពី​តំបន់​ផ្សេងៗ​គ្នា​ជួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ល្បុក្កតោ​មានការ​ឯកភាពគ្នា​តែមួយ​។

​សូមបញ្ជាក់ថា ល្បុក្កតោ​មានការ​ខុសប្លែកគ្នា​បន្តិច​បន្តួច​ទៅតាម​តំបន់ ហេតុនេះ​ត្រូវ​តេ​ធ្វើ​ឲ្យ​វា​មានការ​ឯកភាពគ្នា​តែមួយ​។ កាលណា​ល្បុក្កតោ​មានការ​ឯកភាពគ្នា​តែមួយ​ហើយ​នោះ យើង​នឹងធ្វើ​សមាហរណកម្ម​ទៅក្នុង​ពិភពលោក​។​

​ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​នោះ កម្ពុជា​នឹង​បញ្ចូល​ក្បាច់គុន​នេះ​ទៅក្នុង​ស៊ី​ហ្គេម​។ ដើម្បី​បញ្ចូល​ក្បាច់គុន​នេះ ទៅក្នុង​ស៊ី​ហ្គេម​បាន​យើង​ត្រូវ​តាក់តែង​បទបញ្ជា​លក្ខន្តិកៈ​ឲ្យ​បាន​ត្រឹមត្រូវ ហើយនឹង​ត្រូវមាន​ប្រទេស​ក្នុង​តំបន់​យ៉ាងតិច​៤​គាំទ្រ​។​

​ពេលនេះ​រាប់ទាំង​កម្ពុជា​ខ្លួនឯង​ផង មាន​ប្រទេស​៤​ហើយ​គាំទ្រ គឺ​មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម តែ​កម្ពុជា​នឹង​រក​ការគាំទ្រ​ឲ្យ​បាន​ច្រើន​ជាងនេះទៀត​។ ជាមួយនឹង​មានការ​គាំទ្រ​នោះ កម្ពុជា​ត្រូវបញ្ជូន​គ្រូ​ឲ្យ​ទៅ​បង្រៀន​ដល់​ប្រទេស​ដែល​គាំទ្រ​ទាំងនោះ ហើយ​ត្រូវ​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ទៀតផង​។​

​ល្បុក្កតោ គឺជា​ក្បាច់គុន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មានគុណ​ធម៌​ខ្ពស់​ណាស់ ឯ​គ្រូ​ល្បុក្កតោ ក៏​ជា​គ្រូ​ដែលមាន​គុណធម៌​ខ្ពស់​ដែរ ព្រោះនេះ​ជា​ល្បា​ច់​គុន​មាន​លក្ខណៈ​ជា​ព្រលឹង​ជាតិ ជា​សិល្បៈ​ក្បាច់គុន​។​

​វគ្គ​នេះ​សិក្សា​លម្អិត​ទៅលើ​ការតវ៉ា​របស់​គ្រូបង្វឹក​ឲ្យ​មាន​ប្រសិទ្ធិភាព​។ សិក្សា​ពី​ផែនការ និង​វិធីសាស្ត្រ​ហ្វឹកហាត់​កម្រិត​ខ្ពស់​។ បទ​បង្ហាញ​ស្ដីពី​ផែនការ​ហ្វឹកហាត់ ការធ្វើផែនការ​ហ្វឹកហាត់ ព្រោះ​ការធ្វើផែនការ​ហ្វឹកហាត់​នេះ មាន​តាំងពី​អូឡាំពិក​សម័យបូរាណ​នា​ឆ្នាំ​១៧០-២៤៥​មកម្ល៉េះ​។​

​សិក្សា​ពី​សារសំខាន់​នៃ​ការធ្វើផែនការ​ហ្វឹកហាត់ ការរៀបចំ​ផែនការ​ហ្វឹកហាត់ ការ​សម្រាក និង​ការទទួលបាន​មកវិញ​នូវ​កម្លាំង​ដែល​បាត់បង់​៕L