ល្បឿននៃការបង្កបង្កើនផលរបស់កសិករ មានការយឺតយ៉ាវដោយកត្តាភាពរាំងស្ងួតអូសបន្លាយយូរពេក

723
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ល្បឿននៃការបង្កបង្កើនផលទាំងដំណាំស្រូវ ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសម្រាប់ប្រជាកសិករទូទាំងខេត្តកំពង់ចាមនា រដូវវស្សា ឆ្នាំ២០១៩ នេះហាក់មានការយឺតយាវជាងឆ្នាំកន្លងទៅដោយសារកត្តាអាកាសធាតុ គឺភាពរាំងស្ងួតបានអូសបន្លាយយូរពេក។

លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ២៤ ឧសភា ២០១៩ថា មកដល់សប្តាហ៍ទី៣ នៃខែឧសភានេះសកម្មភាពដាំដុះដំណាំស្រូវរដូវវស្សាឆ្នាំនេះ កសិករភ្ជួររាស់បានសម្រេចចំនួន ២៨.០៧៦ ហិកតា។ ប៉ុន្តែបើប្រៀបធៀបរយ:ពេលដូចគ្នាទៅកាលឆ្នាំ២០១៨នោះបានចំនួន ៣៣.៦៦៤ ហិកតា នៃទំហំផ្ទៃដីសរុបចំនួន៨៦.៥៤០ហិកតាដូចគ្នានេះ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ចំណែកដំណាំរួមផ្សំមានពោត ដំឡូង បន្លែ… និងដំណាំឧស្សាហកម្មមាន សណ្តែក អំពៅ ល្ង … វិញនោះក៏មានលក្ខណ:យឺតយាវដែរ គឺទើបដាំដុះបានចំនួន ២៧.៧២២ ហិកតា ខណ:ដែលឆ្នាំ២០១៨ ដាំបានចំនួន ៣០.០៦៨ ហិកតា ក្នុងផ្ទៃដីសរុបចំនួន ៤៩.៦៣៣ ហិកតាស្មើគ្នា។

លោក ថាវីរ: បានបន្តថា បញ្ហាប្រឈមការយឺតយាវល្បឿននៃការបង្កបង្កើនសម្រាប់ដំណាំកសិកម្មនារដូវវស្សាឆ្នាំ២០១៩នេះ អាចបណ្តាលមកពីកត្តាអាកាសធាតុ គឺភាពរាំងស្ងួតបានពន្យារពេលយូរ។ ពិសេសបើប្រៀបធៀបកម្ពស់ទឹកទន្លេមេគង្គ និងទឹកភ្លៀងក្នុងរយ:ពេលដូចគ្នានេះ គឺឆ្នាំ២០១៩នេះទឹកទន្លេមានកម្ពស់ ៣,៥៨ ម៉ែត្រ ផ្ទុយកាលពីឆ្នាំ២០១៨ មានកម្ពស់ ៤,១៤ ម៉ែត្រនោះ។ រីឯកម្ពស់ទឹកភ្លៀវវិញឆ្នាំនេះមានកម្ពស់ ១៤៥,១០ មីល្លីម៉ែត្រ គឺឆ្នាំ២០១៨មានកម្ពស់ ៣០៩,៧០ មីល្លីម៉ែត្រនោះ។

លោក ជា ស៊ាងហេង មេឃុំអូរស្វាយ ស្រុកកំពង់សៀមបានឲ្យដឹងថា ខណ:នេះកសិករបានភ្ជួររាស់សាបព្រោះស្រូវរដូវវស្សាបានប្រមាណ ៨០ភាគរយ លើផ្ទៃដីសរុបចំនួន ៨៧២ ហិកតា និងបានបង្កបង្កើនផលដាំដំណាំរួមផ្សំមាន ដំឡូង សណ្តែក ជាដើមបានចំនួនប្រហែល ៩០ ភាគរយ នៃផ្ទៃដំណាំមួយនេះសរុបចំនួន ១.០២០ ហិកតា។

លោកមេឃុំបានបន្តថា ពិនិត្យជារួមឆ្នាំ២០១៩នេះប្រជាពលរដ្ឋជាកសិករបាន រួសរាន់ភ្ជួររាស់សាបព្រោះស្រូវរដូវវស្សាមានល្បឿនលឿនជាងឆ្នាំមុនៗពោល គឺពួកគាត់បាននិយមភ្ជួររាស់ហើយសាបព្រោះយកតែម្តងដោយមិនរង់ចាំទឹកភ្លៀងច្រើនសាបជាសំណាបដូចបណ្តាឆ្នាំកន្លងមកទៀតទេ។ វិធីនេះរហ័ស ហើយម៉្យាងខ្សត់អ្នកជួលដកស្ទួងផង គ្រាន់តែប្រឈមនឹងទិន្នផលធ្លាក់បន្តិចជាងស្ទូងប៉ុ ណ្ណោះ។

លោក ឡាង សុខឃាន់ ជាកសិករនៅភូមិព្រៃចក្រី ឃុំអូរស្វាយបានលើកឡើងថា ឥឡូវនេះលោកកំពុងប្រើប្រាស់គ្រឿងយន្តភ្ជួរលុបគ្រាប់ស្រូវប្រភេទ«ពូជរាំងជ័យ» ដែលទើបបានសាបហើយ។ នៅថ្ងៃស្អែកថ្ងៃទី ២៥ ឧសភា នឹបសាបព្រោះដូចគ្នានេះនៅស្រែបន្តទៀតគ្រប់ទំហំស្រែមួយហិកតារបស់គ្រួសារលោក។

កសិករដែលមានវ័យ ៤០ឆ្នាំរូបនេះបានបន្តថា ពិតមែនហើយសកម្មភាពធ្វើស្រែវស្សារបស់ប្រជាពលរដ្ឋជុំវិញតំបន់វាលត្រពាំងជ្រៃឆ្នាំនេះ ហាក់ស្ទើររួចរាល់ហើយនៅតែកន្លែងក្បែរផ្លូវបន្តិចបន្តួច។ បញ្ហានេះដោយសារមិនសម្បូរអ្នកជួលស្ទូងដូចកាលប៉ុន្មានឆ្នាំមុន។

លោក សុខឃាន់ បានបន្ថែមថា ការធ្វើស្រូវពង្រោះគ្រាន់តែមិនចំណាយសាហ៊ុយជួលអ្នកស្ទូងមែន ប៉ុន្តែបានថយចុះផលស្រូវប្រចាំឆ្នាំ។ ជាក់ស្តែងទំហំស្រូវស្រែមួយហិកតាប៉ុនគ្នាដដែលនេះ កាលពីដាំដុះស្រូវដោយដកស្ទូងទទួលផលជាគ្រាប់ស្រូវ ប្រភេទរាំងជ័យដដែលនេះចំនួនពី ៦០ ទៅ ៧០ បេ ដែលមួយបេៗ មានទម្ងន់ពី៧០ ទៅ ៨០ គីឡូក្រាម។ ដល់កែប្រែមកសាបព្រោះយកតែម្តងវិញបានធ្លាក់ ចុះពី ១០ ទៅ ១៥បេ៕B/