ល្បែង​លាក់កន្សែង ធ្វើឱ្យ​មនុស្ស​មាន​វិន័យ រហ័សរហួន​និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន

663
ចែករម្លែក
  • 2
    Shares

​ភ្នំពេញ​៖ ល្បែង​លាក់កន្សែង គឺជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដ៏​ពេញនិយម​មួយ ប៉ុន្តែ​ពុំទាន់ មាន​ឯកសារ​បញ្ជាក់ថា ល្បែង​លាក់កន្សែង បង្កើតឡើង​នៅ​ឆ្នាំ​ណា​ឡើយ គេ​គ្រាន់តែ ដឹងថា ពី​បុរាណកាល ល្បែង​លាក់កន្សែង គឺជា​ល្បែង​កម្សាន្ត​របស់​កុមារ​លេង​នៅ​យប់ ខែភ្លឺ​នា រដូវចូលឆ្នាំ ។ ប៉ុន្តែ​ក្រោយមក មនុស្សពេញវ័យ​ក​ម្លោះ​ក្រមុំ​ក៏​លេង​កម្សាន្ត​ដែរ គឺ​ពួកគេ​លេង​ដូចជា​ពួកគេ​នៅ​ក្មេង ឬ ដើម្បី រំឭក​អនុ​ស្សារី​យ៍​កាលពី​កុមារភាព ។ តាមពិតទៅ​ល្បែង​នេះ គេ​អាច​លេង​នៅពេលណា​ក៏បាន​ដែរ ។​

​ល្បែង​លាក់កន្សែង គឹជា​ល្បែង​ងាយ​លេង គឺ​មិនមាន​កំណត់​ចំនួន​មនុស្ស​ទេ​ហើយ ក៏​មិន​ត្រូវការ​សម្ភារ​ច្រើន​ដែរ ។ ប៉ុន្តែ​តាម​ចំណាំ​គេ​លេង​ចាប់​ពីគ្នា​បួន​ឬ​ប្រាំ​នាក់ រហូតដល់ ២០ ទៅ ៣០ នាក់ ឬ លើសពីនេះទៅទៀត ក៏មាន ។ ពួកគេ​នាំគ្នា​អង្គុយ ច្រហោង​ដំកង់​ជា​វង់​មូល ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់ ។ ត្រណម នៃ ល្បែង​នេះ គឺ​មិន​ឲ្យ​អ្នកលេង ងាកក្រោយ ឬ លួ​កដៃ​ទៅខាង​ក្រោយខ្នង​ឡើយ ។

​គេ​យក​កន្សែង ឬ ក្រមា​តូច​មួយ​មក​រុំ​ឆ្មូល​ឱ្យ​តឹង​ល្មម សន្ម​ត់​ហៅថា​កន្សែង ។ គេ​ឱ្យ មនុស្ស​ម្នាក់ កាន់​កន្សែង​នោះ ដើរ ឬ រត់​តិចៗ​ព័ទ្ធជុំវិញ​វង់​ពីក្រោយ​ខ្នង​អ្នក​អង្គុយ ដើម្បី បញ្ឆោត អ្នក​អង្គុយ​មិន​ឲ្យ​ដឹងខ្លួន ។ នៅពេល​អ្នក​លាក់កន្សែង​ដើរ​ក្រឡឹង​ជុំវិញ​វង់​នោះ អ្នកលេង ដែល​ពេលខ្លះ​រួមទាំង​អ្នក​ឈរ​មើល​ផង ពោល​ពាក្យ​ព្រមៗ​គ្នា​ថា លាក់កន្សែង ឆ្មា​ខាំ​កែង អូស​លោងៗ ។​

​អ្នក​លាក់កន្សែង លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ​ពីរ ទៅ បី​ជុំ​នៅពេល​ឃើញថា​អ្នកណា​អង្គុយ បែប​ភ្លេច​ខ្លួនគេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់ អ្នក​អង្គុយ ឲ្យ​ឆាប់​ទៅដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ ។ បើ​អ្នក​ដែល​គេ​ត្រួវ​លាក់ កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន​លុះ​អ្នក​លាក់​រត់​ក្រឡឹង​មក​ម្តងទៀត​គេ​យក​កន្សែង នោះ​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​តទៅទៀត ។ ប្រសិន បើ​អ្នក​អង្គុយ​ដឹងខ្លួន ក្រោក​ឡើង​ចាប់​កន្សែង​នោះ​ដេញ​គក់​អ្នក​លាក់​វិញ​រហូតរ​ត់ដល់ កន្លែង​អង្គុយ​វិញ ហើយ​លាក់កន្សែង​តទៅទៀត ។​

​អ្វីដែល​គេ​ឃើញ​ភាពខុសគ្នា​នៅ​ចំណុច​នេះ គឺ​បច្ចុប្បន្ន​អ្នកលេង​លាក់កន្សែង​ច្រើនតែ យក​កន្សែង​ទៅ​ដេញ​វាយ​ខ្នង​គ្នា គឺ​មិនមែន​គក់​ខ្នង​ដូច​ពី​បុរាណ​ទេ ។ ទោះយ៉ាងណា មិនដែល​មាន​គ្រោះថ្នាក់​ដោយសារ​ការ​វាយ​បែប​នេះឡើយ ព្រោះ​ក្រមា ឬ​កន្សែង​នោះ មិន​តឹង​ណែន​បង្ក​ការឈឺចាប់​ឡើយ ហើយ​គេ​ក៏​មិន​ចាត់ទុក​ការ​វាយ​បែ​នេះ​ថា គឺជា​អំពើហិង្សា​ដែរ ។ ផ្ទុយទៅវិញ​នៅពេលដែល​អ្នក​លាក់កន្សែង និង​អ្នក​ដែល​ត្រូវគេ លាក់កន្សែង​ពីក្រោយ​ខ្នង ដេញ​គក់ ឬ ដេញ​វាយ​ខ្នង​គ្នា​នោះឯង ដែល​បង្កើតបាន ជា​ភាពសប្បាយ​រីករាយ​ខ្ញៀវខ្ញា​។​

​ដូចដែល​បានលើកឡើង​មកនេះ ល្បែង​លាក់កន្សែង ធ្វើឱ្យ​មនុស្ស​មាន​វិន័យ ហើយ ទីទៃ​ពី ដើម្បី​កម្សាន្ត​សប្បាយរីករាយ ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព រំឭក អនុស្សាវរីយ៍ និង អាច​ចៀសវាង​បាន​នូវ​ល្បែង ឬ អំពើ​អបាយមុខ​ទៅ វា​ក៏​ធ្វើ​អ្នកលេង មាន​ភាព​រឹងប៉ឹង រហ័សរហួន​ទាំង​ស្មារតី ទាំង​រាងកាយ ហើយ​ជួយ​ឲ្យ​មាន​ប្រាជ្ញា​វាងវៃ និង មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ផង​៕ ដោយៈ មេសា​