ល្មុត​អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន​

247
ចែករម្លែក

ល្មុត គឺជា​ផ្លែឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ឈ្ងុយ​នៅពេល​ទុំ​និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ឬ​ចូលចិត្ត​ទទួលទាន​ផ្លែ ឈើ​នេះ​យ៉ាងណាក៏ដោយ ក៏​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា​វា​អាច​ផ្ដល់​អត្ថ ប្រយោជន៍​ល្អៗ​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​។

១. ពង្រឹង​សុខភាព​បេះដូង​
ល្មុត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រាងកាយ ព្រមទាំង​រក្សា​កម្រិត​សម្ពាធ​ឈាម​ប្រក្រតី ដែល​ប្រសើរ​សម្រាប់​សុខភាព​បេះដូង​រឹងមាំ​ចៀសផុត​ហានិភ័យ​នៃ​បញ្ហា​ផ្សេងៗ​។​

២. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
នោះ​ក៏​ព្រោះតែ​ល្មុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម​ដែល​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​ជួយ​បង្កើន ដង់ស៊ីតេ​ឆ្អឹង និង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​

៣. ទប់ស្កាត់​មហារីក​ពោះវៀនធំ​
ល្មុត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ Dietary Fiber​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ប្រព័ន្ធ រំលាយ​អាហារ​ល្អប្រសើរ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះ វៀនធំ​។ ជាតិ​ស​សៃ​ក៏​ជួយ ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​ផងដែរ​។ ការទទួល​ទាន​ផ្លែ ល្មុត​ជាប្រចាំ​ក៏​ជួយ​សម្រាល​ទប់ស្កាត់​អា​ការៈ ពាក់ព័ន្ធ​នឹង​ក្រពះ​ដូចជា ការ​ក្អួត និង​ហើមពោះ គួរឱ្យកត់សម្គាល់​។​

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
នោះ​ក៏​ព្រោះតែ​ផ្លែ​ល្មុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ឱ្យ​កាន់តែ​រឹងមាំ​គួរឱ្យកត់សម្គាល់​។ វីតាមីន C ជួ ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ជំងឺ​សាហាវៗ​បានជា​ច្រើន​។​

៥. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​
ល្មុត​ទុំ​ស្រស់ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​រួមមាន ជាតិ​ទង់ដែង ប៉ូ​តា​ស្យូ​ម និង​ជាតិ​ដែក​។ វា​ក៏មាន​ផ្ទុក​នូវ​វីតាមីន niacin រួមទាំង​អាស៊ីត​ល្អ folate និង pantothenic ផងដែរ​។ សមាសធាតុ ទាំងនេះ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​រឹងមាំ​និង​ជួយ​សម្រួល​ដល់​ដំណើរ​នៃ ការរំលាយ​អាហារ​។​

៦. ផ្ដល់​ថាមពល​បន្ថែម​
ល្មុត មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដូចជា sucrose និង fructose ដែល​ជួយ​ស្ដារ ក៏ដូចជា​បង្កើន ថាមពល​ក្នុង​រាងកាយ​ឡើងវិញ​ភ្លាមៗ​តាមបែប​ធម្មជាតិ​។​

៧. សុខភាព​ភ្នែក​
បរិមាណ​នៃ​វីតាមីន A ក្នុង​ផ្លែ​ល្មុត​នឹង​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ពី​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​។ ក៏​ព្រោះតែ​វីតាមីន A ជា​សារធាតុចិញ្ចឹម​ចាំបាច់​បំផុត​សម្រាប់​សុខភាព​ភ្នែក ដូច្នេះ​ការរួមបញ្ចូល ល្មុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺជា​អ្វីដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ជៀសផុត​ពី​ហានិភ័យ​នៃ​ជំងឺ​ភ្នែក ផ្សេងៗ​៕ ដោយៈ health.com.kh