ល្វី​ស វ៉ាន ហ្គា​ល់ ណែនាំ​ឲ្យ​កីឡាករ ម៉ា​ទី​ស ដឺ ឡាយ ចូល​ជាមួយ​ក្លឹប​ដែលជា គូប្រជែង របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

241
ចែករម្លែក

​លោក ល្វី​ស វ៉ាន ហ្គា​ល់ (Louis van Gaal) បាន​ណែនាំ​ឲ្យ​កីឡាករ​វ័យក្មេង ម៉ា​ទី​ស ដឺ ឡាយ (Matthijs de Light) ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី Barcelona ឬ​ក្លឹប Juventus ។​
​ ​
​ដឺ ឡាយ ជា​កីឡាករ​អន្តរជាតិ​ហូ​ឡង់​ពេញចិត្ត​នឹង​រដូវ​កាល​នៅ​ក្លឹប Ajax ដែលជា​ក្រុម មួយ​ក្នុងចំណោម​ក្រុម​ទាំង​៨​ដែល​កំពុង​ប្រជែង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​មក ដល់ពេលនេះ ដឺ ឡាយ ទើបនឹង​មាន​វ័យ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។​
​ ​
មាន​ក្លឹប​ធំៗ​ជាច្រើន​កំពុង​ប្រជែង​គ្នា​ចង់បាន​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ ស្របពេល​ក្លឹប Barcelona ជឿថា កំពុង​នាំមុខគេ​ក្នុងការ​ទទួលបាន​កីឡាករ​វ័យក្មេង​រូបនេះ​។​
​ ​
លោក វ៉ាន ហ្គា​ល់ ជា​អតីត​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវបាន​សួរនាំ​ជុំវិញ​អនាគត​របស់​កីឡាករ​វ័យក្មេង​រូបនេះ ស្របពេល​រដូវ​កាល​ទិញដូរ​នឹង​បើកទ្វារ​ឡើងវិញ​នៅ​ប៉ុន្មាន​ខែ​ទៀត​នេះ​។​
​ ​
​លោក វ៉ាន ហ្គា​ល់ បាន​បញ្ចេញ​ឈ្មោះ​ក្លឹប​ធំៗ​បី ដែល​លោក​ជឿថា ដឺ ឡាយ អាច​ឬ​គួរ​ចុះ​កិច្ចព្រមព្រៀង​លេង​ប្រសិនបើ​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹប​បច្ចុប្បន្ន របស់ខ្លួន​មែន​នោះ ប៉ុន្តែ​ក្នុងចំណោម​ក្លឹប​ធំ​នោះ គឺ​គ្មាន​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ដែល​លោក​ធ្លាប់​ដឹកនាំ​នោះទេ​។​
​ ​
លោក វ៉ាន ហ្គា​ល់ បាន​និយាយថា “​បើ ដឺ ឡាយ នៅ​ជាមួយ Juventus ខ្ញុំ​គិតថា ដឺ ឡាយ អាច​លេង​គ្រប់​ការប្រកួត​ធំៗ​។ នៅ​អ៊ីតាលី មាន​ប្រព័ន្ធ​ការពារ​ល្អ​ដូច្នេះ​កីឡាករ រូបនេះ​អាចមាន​ការវិវឌ្ឍ​នៅ​ទីនោះ​។ ប្រសិនបើ​មានឱកាស គួរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Barcelona ផងដែរ​”​។​
​ ​
​ក្រៅពីនេះ លោក​បាន​លើកឡើងថា ដឺ ឡាយ ក៏​អាច​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ផងដែរ ដោយសារតែ​ក្លឹប​នេះ​មាន​ប្រព័ន្ធ​ការពារ​កណ្តាល​មិនសូវ​ខ្លាំង​នោះទេ ដូច្នេះ​កីឡាករ​រូបនេះ​អាច​លេង​នៅ​ជាមួយ​ក្រុម​នេះ​បាន​។​

​លោក វ៉ាន ហ្គា​ល់ ធ្លាប់​ដឹកនាំ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពីរ​ឆ្នាំ​តាំងពី​ឆ្នាំ​២០១៤ មុនពេល​ត្រូវ​ក្លឹប​នេះ​បណ្តេញ​លោក​ចេញ ហើយ​ដាក់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ មក​ជំនួស​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​