ល្វី​ស ហ្គា​សៀ ប្រាប់​ក្រុម Liverpool ថា កុំ​ទាន់​អាល​សប្បាយ​ពេក​

882
ចែករម្លែក

​លោក ល្វី​ស ហ្គា​សៀ (Luis Garcia) ប្រាប់​ក្រុម Liverpool កុំ​ទាន់​អាល​សប្បាយ​ពេក​នៅមុន ជំនួប​ជាមួយ​ក្រុម Roma វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​គាត់​ជឿថា ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) អាច​យកឈ្នះ​ក្រុម​ណា​ក៏បាន​ដែរ​។

​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រុម Liverpool នៅសល់​១៨០​នាទី​ទៀត ដើម្បី​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​ប៉ុន្តែ ហ្គា​សៀ ដែលជា​ផ្នែក​មួយ​នៃ​ក្រុម Liverpool ក្នុង​ការលើក​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក កាលពី​ឆ្នាំ​២០០៥ នឹង​ជាការ​លើក​ពាន​ចុងក្រោយ​បាន​ព្រមាន​ក្រុម Liverpool បច្ចុប្បន្ន​ថា កុំ​ទាន់​សប្បាយចិត្ត​ជ្រុល​ពេក​នៅមុន​ការប្រកួត​ពីរ​ជើង​ជាមួយ​ក្រុម Roma ។

​ហ្គា​សៀ និយាយថា “​ខ្ញុំ​ចង់​និយាយថា ប្រសិនបើ​ខ្ញុំ​នៅ​ទីនោះ​ជាមួយ​ពួកគេ ខ្ញុំ​នឹង​និយាយថា កុំ​សប្បាយ​ពេក​ពីព្រោះ​យើង​ត្រូវ​ជួប​ជាមួយ​ក្រុម Roma ។ ពួកគេ​ដឹងថា វា​មិនមែនជា​រឿង ងាយស្រួល​ទេ ដូច្នេះ​កិច្ចការ​សំខាន់​ត្រូវ​រក្សា​ទម្រង់​លេង​និង​កុំ​ទាន់​អាល​ចាត់ទុក​ខ្លួនឯង​ថា ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​”​។

អតីត​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ ដែល​គ្រាប់​បាល់​របស់ខ្លួន​ជួយ​ក្រុម Liverpool យកឈ្នះ​ក្រុម Juventus និង​ក្រុម Chelsea និង​ធ្វើ​ឲ្យ​ពួកគេ​ឈានចូល​វគ្គ​ផ្តាច់​ព្រូ​ត្រ​នៅ​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល កាលពី​១៣​ឆ្នាំមុន​នោះ ជឿថា អតីត​ក្រុម​របស់ខ្លួន​អាច​ឆ្លង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ខែក្រោយ នៅ​ទីក្រុង​កៀវ​។

​ហ្គា​សៀ បាន​និយាយថា “​ក្លឹប​គួរតែមាន​មោទនភាព​ចំពោះ​អ្វីដែល​ក្រុម Liverpool ធ្វើបាន​នៅពេលនេះ​។ ខ្ញុំ​មិន​មើលស្រាល​ក្រុម Roma ទេ ប៉ុន្តែ​ពួកគេ​បានបង្ហាញ​យ៉ាងច្បាស់​ថា ពួកគេ​អាច​លេង​ជាមួយ​ក្រុម​ណា​ក៏បាន​”​។

​ហ្គា​សៀ បន្តថា “​ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ក្នុង​លទ្ធផល​៣-០ លើក​ទី​១​និង​២-១ លើក​ទី​២ មានន័យថា ក្រុម​នេះ​អាច​យកឈ្នះ​ក្រុម​ណា ក៏បាន​ដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្រុម Liverpool