វគ្គ​ជម្រុះ​ជុំ​ទី​២ នឹង​បញ្ចប់​សប្ដាហ៍​នេះ​

136
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock Out Serieby K-Cement សម្រាប់​ថ្ងៃទី​១៩ តុលា ខាងមុខនេះ នឹង​បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ហើយ ។​

​អ្នក​ប្រដាល់ ៤ រូប ដែល​ត្រូវ​ប្រជែង​គ្នា យក ២ កៅអី​នោះ មិនដឹងថា នរណា​ខ្ទាត​ចេញពី​ការប្រកួត​នោះទេ ។ ខាំ សូរិយា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។​

ខាំ សូរិយា និង ឡុង ជិន​

​កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ ខាំ សូរិយា បាន​យកឈ្នះ ម៉ិ​ល សារុន ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ ក្នុងខណៈដែល ឡុង ជិន បាន​យកឈ្នះ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ ដោយ​ពិន្ទុ​ដែរនោះ ។ កាល​ប្រកួត​នៅ​ជុំ​ទី​១ ឡុង ជិន ហាក់ដូចជា​បន្ធូរដៃ​ឲ្យ កែវ​ដប ដែលជា​អ្នក​ប្រដាល់​ជើង ចាស់​អញ្ចឹង ហើយ​ទើប​គេ បានទទួល ជ័យជំនះ ដោយ​ពិន្ទុ​នោះ ។ ក្រោយពី​ឈ្នះ កែវ​ដប ឡុង ជិន ហាក់ដូចជា​ស្ថិត ក្នុង​សភាព​ស្ងប់ស្ងាត់ មិនមាន​យោបល់​អ្វី​ឡើយ​។​

​ដោយឡែក ខាំ សូរិយា បាន​និយាយថា គេ​រីករាយ ជាមួយនឹង​ជ័យជំនះ​នេះ ហើយ​គេ​ក៏ត្រូវ​ត្រៀមខ្លួន ដើម្បី​តស៊ូ​ជាមួយ ឡុង ជិន នៅ​ជុំ​ទី​២​ទៀត ។ គេ​បន្តថា បើ​គេ​ចាញ់​ឡុង ជិន ដែលជា​អ្នក​ប្រដាល់ ល្បីឈ្មោះ​នោះ ក៏​មិន​អី​ដែរ តែ​ប្រសិនបើ​គេ​ឈ្នះ​វិញ​នោះ គេ​នឹង​ល្បី​វិញ​ហើយ ។ នេះ​ជាការ​ប្រកួត​មួយ ដែល​គេ​ចាត់ទុកថា អស្ចារ្យ​សម្រាប់​រូបគេ ។ ចាំមើល នរណា ខ្ទាត​ចេញពី​ការប្រកួត​នេះ ។​

ទិ​ត្យ សុវណ្ណ​គី​រី និង ទូច ដេវីដ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ទិ​ត្យ សុវណ្ណ​គី​រី សមាគម​ប្រដាល់​ក្រសួងកសិកម្ម ជួប​ជាមួយ អ្នក​ប្រដាល់ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ។ គី​រី ជា​អ្នក​ប្រដាល់ ជើងចាស់ ដែលមាន​ផ្លែ កលល្បិច​វ៉ៃ​ល្អ និង​មានបទពិសោធន៍​ខ្ពស់ ឯ ដេវីដ ជា​អ្នក​ប្រដាល់​ជើង​ថ្មី តែ​ក៏​មិន​អន់​ដែរ​។ កាល​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ គី​រី ផ្ដួល​អ្នក​ប្រដាល់ ពិល រ័ត្ន ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង នៅ​ទឹក​ទី​២ ។ ចំពោះ ដេវីដ វិញ គេ​ផ្ដួ​អ្នក​ប្រដាល់​ជើងចាស់ កុយ ចាន់តូ ក្លិប​គី​សែ​កីឡា នៅ​ទឹក​ទី​១ ។ ទិ​ត្យ សុវណ្ណ​គី​រី ឬ ទូច ដេវីដ ដែល​ប្រជែង​បាន​កៅអី ឡើងទៅ​ប្រកួត នៅ​ជុំ​ទី​៣​ទៀត ។​

ខេ​ម ចាន់ និង សា​យ៉ា​ម ថៃ​

​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព រវាង​កម្ពុជា និង ថៃ វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ សា​យ៉ា​ម ថៃ (Sayam Thai) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

​ចំពោះ​ការប្រកួត​គ្នា រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់ វិញ​នោះ អ្នក​ប្រដាល់ ថុល ថេ​ង ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ សួរ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ សេក វណ្ណៈ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ សាក់ សំអុន ក្លិប​អា​រុណ​រះ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v