ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថាបងប្អូនអ្នកបើកបរត្រីចក្រយានយន្តចំនួន៣.០៤៤នាក់បានមករៀនច្បាប់ចរាចរផ្លូវគោកដោយឥតគិតថ្លៃនៅថ្ងៃ៨ឧសភាឆ្នាំ២០១៩។នេះជាវគ្គទី៩ហើយនៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោក ។
តាមរបាយការណ៍បើកវគ្គបណ្ដុះបណ្ដាលម៉ូតូកង់បីនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថាមកដល់ពេលនេះ បានឈានដល់ វគ្គបណ្ដុះបណ្ដាលទី៩ ដែលមាន សិក្ខាកាមសរុបចំនួន ៦.៤៣៥នាក់។
សិក្ខាកាមដាក់ពាក្យប្រឡងមានចំនួន៣.០៤៤នាក់សិក្ខាកាមប្រឡងជាប់មានចំនួន១.៦០៩នាក់ ស្មើនិង៥៣ភាគរយ សិក្ខាកាមប្រឡងធ្លាក់មានចំនួន ១៣២១នាក់ ៤៣ភាគរយ សិក្ខាកាមប្រលងអវត្តមានចំនួន១១៤នាក់ស្មើនឹង ៤ភាគរយ។
ក្នុងនោះលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់បងប្អូនអ្នកបើកបរទាំងអស់ដែលបានចូលរួមវគ្គនិងបានសូមអបអរសាទរដល់បងប្អូនដែលបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរ ដោយលទ្ឋផលជាប់បាន ៥៣ភាគរយ ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកនេះ នឹងប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរ៍ រយៈពេល ២ខែចាប់ពីថ្ងៃទី២ខែមិនាដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ចំនួន២ទីតាំងដូចជានៅអង្គភាពផ្តល់ប័ណ្ណបើកបរនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមួយទីតាំងទៀតនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
គួរបញ្ជាក់ទៀតថា៖ការបើកវគ្គបណ្តុះបណ្តាលចរាចរផ្លូវគោកដោយឥតគិតថ្លៃសំរាប់បងប្អូនអ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្តរ៉ឺម៉កសណ្តោងខាងលើនេះធ្វើឡើងក្រោយរដ្ឋបាលរាជធានីភ្នំពេញ។សេចក្តីជូនដំណឹងមួយស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរត្រីចក្រយានយន្តទោចក្រយានយន្តសណ្ដោងរឺម៉កដោយឥតគិតថ្លៃកាលពីថ្ងៃទី០១មិនាកន្លងមកនេះ។
ក្នុងសេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្តនិងទោចក្រយានយន្ត ទាំងអស់អោយបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បី អោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរផ្លូវគោករដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក។
ជូនដល់បងប្អូនដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១៧ល្ងាចនិងមានរយៈពេល២ខែគិតចាប់ពីថ្ងៃសៅរ៍ទី២ខែមិនាដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួចបងប្អូនអាចដាក់ពាក្យប្រលងទ្រឹស្តីនិងប្រឡងដៃចង្កូតដើម្បីទទួលបានបណ្ណបណ្ណបើកបរយានយន្តប្រភេទ ក ។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការនិងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះអាជ្ញាធរមានសមត្ថកិច្ចនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាពត៌មានដោយមិនមានការលើកលែងអភិសេកទៀតឡើយ៕S/