វគ្គ​បណ្តុះបណ្តាល​គ្រូ​មូលដ្ឋាន​និង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ទូទាំងប្រទេស​កម្ពុជា​

1077

«​នេះ​គឺជា​គម្រោង​សំណង​តាមផ្លូវ​តុលាការ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវបាន​ស្នើឡើង​ដើម្បី​ប្រយោជន៍​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ក្នុង​សំណុំរឿង​០០២/២»

​ភ្នំពេញៈ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសា​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ថា​នឹងមាន​វគ្គ​បណ្តុះបណ្តាល​ក​ម្រិ​ត​សាកលវិទ្យាល័យ​លើក​ទី​ពីរ​ដោយ​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧​ខែកក្កដា ដោយមាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ចំនួន​១០០​នាក់​។ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ធ្វើឡើង​នៅក្រោម​គម្រោង «​ការអប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​កម្ពុជា​(១៩៧៥-១៩៧៩)» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​យន្តការ​នៃ​ប្រែក្លាយ​សម្រាប់​ការចងចាំ សន្តិភាព ភាព​អត់ឱន និង​ការផ្សះផ្សា​។​វគ្គ​នេះ​ដំណើរការ​នៅ​វិទ្យាស្ថាន​ស្លឹករឹត (​អគារ H ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

មេដឹកនាំ​ខ្ពស់បំផុត​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ដែល​សាលាក្តី​ខ្មែរក្រហម​កំពុងដំណើរកា​ត​ត់​ទោស​។​ខៀវ សំផន​(​រូប​ខាងស្តាំ​)​និង នួន ជា (​រូប​សាលាក្តី​ខ្មែរក្រហម​)

​មន្ត្រី​ដដែល​បញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ​២០០៩​មក គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​បានទទួល​ជោគជ័យ​ក្នុងការ​ផ្តល់ជូន​នូវ​ការបណ្តុះបណ្តាល​រយៈពេល​ខ្លី​ស្តីពី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ​ទៅកាន់​គ្រូបង្រៀន​ប្រមាណ​ជា​៣០០០​នាក់​។​គោលដៅ​ចម្បង​នៃ​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ មិន​ត្រឹមតែ​ជាការ​ចងក្រង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដ៏​ត្រឹមត្រូវ​មួយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​ផ្សព្វផ្សាយ​និង​រួមបញ្ចូល​ប្រវត្តិសាស្ត្រ​នេះ ទៅក្នុង​មជ្ឈដ្ឋាន​ថ្នាក់រៀន​ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិស្សានុសិស្ស ចាប់ផ្តើម​សិក្សា​ស្វែងយល់​អំពី​ផលប៉ះពាល់​របស់​ប្រវត្តិសាស្ត្រ​នេះ មកលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ទៀតផង​។ ការ​សួរ​សំណួរ​បែប​វិទ្យាសាស្ត្រ ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​ក្លាយទៅជា​ការសិក្សា​ដ៏​ស៊ីជម្រៅ សម្រាប់​ការស្វែងយល់​អំពី​ឥរិយាបថ​មនោគមន៍វិជ្ជា ជំនឿ និង​យុត្តិធម៌​របស់​មនុស្សជាតិ ព្រមទាំង​ជំរុញ​ឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​សញ្ជឹងគិត​អំពី​ចក្ខុវិស័យ​របស់ខ្លួន ចំពោះ​ពិភពលោក និង​របៀប​ដែល​អតីតកាល​ផ្លាស់ប្តូរ​អនាគត​។ តាមរយៈ​ការផ្តល់ជូន​គ្រូបង្រៀន​នូវ​ជំនាញ និង​វិធីសាស្ត្រ​បង្រៀន​សម្រាប់​ការបង្រៀន​ពី​អំពើ​ប្រល័យពូជសាសន៍ គ្រូបង្រៀន​នឹង​ទទួលបាន​ជោគជ័យ ក្នុងការ​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ជជែក និង​ពិភាក្សា​អំពី​អតីតកាល​ដ៏​ស្មុគស្មាញ នៃ​ប្រទេស​របស់ខ្លួន​។ តាមរយៈ​ការឆ្លុះបញ្ចាំង​និង​វិនិច្ឆ័យ​ស៊ីជម្រៅ ស្តីពី​ប្រវត្តិសាស្ត្រ​សិស្សានុសិស្ស​នឹ ង​យល់​ពី​ព្រឹ​ត្ត​ការណ៍​ដែល​ធ្វើ​ឲ្យ​របប​ដ៏​ព្រៃផ្សៃ​នេះ កើតឡើង​និង​វិធីសាស្ត្រ​ដែល​ខ្លួន​អាចធ្វើ​បាន ដើម្បី​ទប់ស្កាត់​របប​នេះ នាពេល​អនាគត​។

​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ស្រទាប់វណ្ណៈ​សង្គម ដោយ​រាប់​ចាប់តាំងពី​ទាហាន នគរបាល និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម រហូតដល់​តុលាការ​។ ជាការ​ពិតណាស់ សំណួរ​អំពី​មូលហេតុ​ដែល​របប​ខ្មែរក្រហម​បង្កឱ្យមាន​ទុក្ខ​វេទនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ នៅតែ​ជា​ប្រធានបទ​នៃ​ការជជែក​ពិភាក្សា​ស៊ីជម្រៅ​។ ដូច្នេះហើយ គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​ស្វែងរក​ការឆ្លើយតប​ឲ្យ​រឹតតែ​ច្បាស់លាស់​ថែមទៀត ទៅនឹង​សំណួរ​សំខាន់ៗ​ទាំងនេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹងមាន​ការចូលរួម​ពី​អ្នកសិក្សា​ស្រាវជ្រាវ​ល្បីៗ​ផ្នែក​ច្បាប់ និង​ប្រវត្តិសាស្ត្រ ព្រមទាំង​មានការ​រួមបញ្ចូល​នូវ​កម្មវិធី ដែល​បង្កឱ្យមាន​ការពិភាក្សា​រវាង​សិក្ខាកាម​ទាំងឡាយ​។​

​លោក​សាស្ត្រាចារ្យ សឺ​ន ស៊ូ​ប៊ែ​រ នៃ​សាកលវិទ្យាល័យ​បុរាណវិទ្យា និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងធ្វើ​ការបកស្រាយ​អំពី​ការកកើត​នៃ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​សាស្ត្រាចារ្យ រស់ ច​ន្ត្រា​បុត្រ នៃ​រាជបណ្ឌិតសភា​កម្ពុជា នឹងធ្វើ​បទ​បង្ហាញ​ព្រមទាំង​វិភាគ​អំពី​ព្រឹ​ត្ត​ការ​ប្រវត្តិសាស្ត្រ​ដែល​បណ្តាលឱ្យ​ខ្មែរក្រហម​កាន់កាប់​ប្រទេស​កម្ពុជា​។ លោក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នី​កូ​ឡាស គាំ​ចាន់ នឹងធ្វើ​បទ​បង្ហាញ​អំពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ព្រមទាំង​ភស្តុតាង​សំខាន់ៗ​ទាក់ទង​នឹង​គោលនយោបាយ​ខ្មែរក្រហម នៅក្នុង​សំណុំរឿង​០០២​វគ្គ​២​នៃ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​។ លោក​ឯកអគ្គរាជទូត បណ្ឌិត ហូ​លី​អូ ជែ​ល​ដ្រេ​ស អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេចព្រះ នរោត្តម សីហនុ នឹងធ្វើ​បទ​បង្ហាញ​ស្តីពី​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ប្រជាធិបតេយ្យ និង​ឥទ្ធិពល​នៃ​បដិវត្តន៍វប្បធម៌រ​បស់​ចិន​មកលើ​របប​នេះ​។ ជា​ចុងក្រោយ ស្របទៅតាម​ការិយាល័យ​សហ​មេធាវី​នាំមុខ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​អញ្ជើញ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ពីររូប ដើម្បី​និយាយ​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​នៅក្នុង​សម័យ​ខ្មែរក្រហម​។ នេះ​គ្រាន់តែ​ជា​វាគ្មិន​សំខាន់ៗ​មួយចំនួន​ក្នុងចំណោម​វាគ្មិន​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​នឹងចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​

​បើទោះបីជា​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​អស់​រយៈពេល​ជិត​៤០​ឆ្នាំកន្លងមក​យ៉ាងណាក៏ដោយ ក៏​ផលប៉ះពាល់​អវិជ្ជមានរ​បស់​របប​នេះ​និង​ការរើសអើង​នៅតែ​អាច​កើតមានឡើង​នៅក្នុង​សង្គម​កម្ពុជា​។ ការព្យាយាម​ស្តារឡើងវិញ​នូវ​ភាពជា​មនុស្សជាតិ​និង​ការធ្វើដំណើរ​ឆ្ពោះទៅកាន់​អនាគត​រួមមួយ ត្រូវ​ពឹងផ្អែក​មួយផ្នែកធំ​ទៅលើ​ពេលវេលា​។​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជឿជាក់ថា ផ្លូវ​ទៅកាន់​ការចងចាំ​ពី​អតីតកាល​សោកនាដកម្ម​នេះ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ការដាក់បញ្ចូល​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅក្នុង​កម្មវិធីសិក្សា​រប​ស់​កម្ពុជា​ជាប្រចាំ ដើម្បីឱ្យ​សិស្សានុសិស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​អាច​សិក្សា​និង​ចងចាំ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​របស់ខ្លួន​។ ជំនឿ​បែបនេះ​ស្របទៅនឹង​ពាក្យ​របស់លោក វីលៀម ហ្វូ​ក​នើ​រ អ្នកនិពន្ធ​ដែល​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​លោក​បានសរសេរថា «​អតីតកាល​មិន​សាបសូន្យ​ឡើយ​។ អតីតកាល​ថែមទាំង​មិនមែនជា​អតីតកាល​ទៀតផង​។​»

​វគ្គ​បណ្តុះបណ្តាល​កម្រិត​សាកលវិទ្យាល័យ​នេះ មិនអាច​ប្រព្រឹត្តទៅ​បានឡើយ ប្រសិនបើ​គ្មាន​ការសហការ​រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ការគាំទ្រ​ដ៏​សប្បុរស​ពី សហភាព​អឺរ៉ុប តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង​។
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល​វែង​ពី​សំណាក់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ដែរ​៕ ដោយៈ បញ្ញា​សាស្ត្រ​