វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Hun Sen Cup ប្រកួត​តែ ១​ជើង​ប៉ុណ្ណោះ​

991
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លោក​ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​១២ ឆ្នាំ​២០១៨ សម្រាប់​ពានរង្វាន់​ថ្នាក់​ខេត្ត នឹងធ្វើ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី​២៥ ខែមេសា​ខាងមុខ​នេះហើយ ប៉ុន្ដែ​ប្រកួត​តែ ១​ជើង​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ក្រោយពី​រកឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ សហព័ន្ធ​បានរៀបចំ​កម្មវិធី​ចាប់​គូប្រកួត ដើម្បី​កំណត់​ក្រុម​ណា​ជា​ក្រុម​ម្ចាស់ផ្ទះ ហើយ​ក្រុម​ណា​ជា​ក្រុម​ភ្ញៀវ ដើម្បី​ធ្វើការ​ប្រកួត​ចម្រាញ់​រក​ក្រុម​ខ្លាំង​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ​ប្រើ​រូបមន្ដ​ប្រកួត​ចាញ់​-​ធ្លាក់ មានន័យថា ក្រុម​ទទួលបាន​ជ័យជម្នះ នឹង​ទទួលបាន​កៅអី​វគ្គ​បន្ដ​។ ក្នុងករណី​ប្រកួត​ពេញ​ម៉ោង​ហើយ​ស្មើគ្នា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​សម្រេច​ឲ្យ​ទាត់​បាល់ ១១​ម៉ែត្រ ដើម្បី​កាត់សេចក្ដី​តែម្ដង​។ ចំពោះ​ការចាប់​គូប្រកួត​វគ្គ ១៦​ក្រុម​ចុង​នោះ គឺមាន​ក្រុម​ស៊ីម៉ាក់​អែ​ហ្វ​ស៊ី ជួប​ក្រុម​ភ្ញៀវ​ខេត្ត​ព្រះសីហនុ​, ក្រុម​គិរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ភ្ញៀវ​យុវជន​ក្រសួងការពារជាតិ​, ក្រុម​ខេត្តមណ្ឌលគិរី ត្រូវ​ជួប​ក្រុម​ភ្ញៀវ​ខេត្ត​ប៉ៃលិន​, ខេត្តកោះកុង ជួប​ក្រុម​ភ្ញៀវ​ខេត្ត​ត្បូងឃ្មុំ​, ខេត្តព្រៃវែង ជួប​ក្រុម​ភ្ញៀវ​ខេត្តកំពង់ធំ​, ខេត្តសៀមរាប​ជួប​ម្ចាស់ផ្ទះ​ខេត្តកំពង់ធំ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី និង​ក្រុម​ខេត្តកំពត បើកទ្វារ​កីឡដ្ឋាន​ខេត្ត​ទទួល​ខេត្តបាត់ដំបង៕