វត្តមាន​ត្រី​បាណន់​គីង្គក់​ឬ​ឆ្លាម​ប៉ា​រ៉ា នៅ​កោះរ៉ុង​សន្លឹម​កើនឡើង​ដល់​៣​ក្បាល​ហើយ ពេលនេះ​

508
ចែករម្លែក
  • 11
    Shares

ដោ​យ:​វណ្ណៈ​/ព្រះសីហនុ​ ៖ សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​អោយដឹងថា នៅ​ថ្ងៃទី​២៣ ​កុម្ភៈ​ ២០១៩ មាន​ត្រី​បា​ឡែ​ន​ស្លូត ​(បាណន់​គីង្គក់​ឬ​ឆ្លាម​ប៉ា​រ៉ា​) ចំនួន​៣​ក្បាល​កំពុង​បង្ហាញ​វត្តមាន​នៅក្នុង​សមុទ្រ​កោះរ៉ុង​សន្លឹម​បន្តទៀត ហើយ ដែល​ពីមុន​មានតែ​មួយ​ក្បាល​ទេ ប៉ុន្តែ​ឥឡូវ​មាន​ត្រី​នេះ​តូចៗ​២​ក្បាល​ទៀត​(​សរុប​៣​ក្បាល​) នាំឲ្យមាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​អ្នក​ទេសចរណ៍​ដែល​ជិះទូក​ឆ្លងកាត់​ពេល​ប្រទះឃើញ​វត្តមាន​ត្រី​នេះ​។

​លោក​ នេន ចំរើន ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ថ្លែងថា ត្រី​នេះ​គេ​ហៅថា​ បាណន់​គ​ង្គ​ក់ (​ឈ្មោះ​ពី​ដូនតា​) ឬ ឆ្លាម​ប៉ា​រ៉ា (​ឈ្មោះ​ហៅ​ក្រៅ​) ឈ្មោះ​ជា​ភាសា​អង់គ្លេស Whale Shark នៅក្នុង​អំបូរ Rhincodontidae ។​

​ចំពោះ​វត្តមាន​ត្រី​នេះ​ដែល​ពីមុន​មាន​តែមួយ​ក្បាល ឥឡូវ​ឡើងដល់​៣​ក្បាល ​(​ធំ​មួយ​ក្បាល​តូច​២​ក្បាល​) នៅ​សមុទ្រ​កោះរ៉ុង​សន្លឹម ត្រូវបាន​ពលរដ្ឋ​និង​អ្នក​ទេសចរណ៍​រីករាយ​ជាមួយនិង​ការ​គិតថា អាច​សមុទ្រ​កោះរ៉ុង​សន្លឹម​នេះ​មាន​ស្ថានភាព​អំណោយ​ផល​ដល់​ដំណើរ​រស់នៅ​របស់​ត្រី​នេះ​។

​វត្តមាន ត្រី បាណន់​គីង្គក់​ឬ​ត្រី​ឆ្លាម​ប៉ា​រ៉ា ខាងលើនេះ ត្រូវបាន​ប្រជា​នេសាទ លើកឡើង​ថា ជា​សញ្ញាណ​មួយ បង្ហាញថា នៅលើ​ដែនសមុទ្រ​អាចមាន​ព្យុះ អ្វីមួយ និង​កើតមាន​ឡើង នៅ​សមុទ្រ​ក្រៅ​ហើយ​គួរ​ប្រុង​ប្រ​យ័ត្ន ក្នុង​ការចេញ​ធ្វើ​នេសាទ​សមុទ្រ​។​

​ទោះជា​យ៉ាងនេះ​ក្តី ទាំង​មន្ត្រីជលផល​ខេត្ត និង​មន្ត្រី​ពី​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​បាន អំពាវនាវ​ដល់​ពលរ​ដ្ឋ​ឬ​អ្នក​ទេសចរណ៍ កុំឲ្យ​ទៅ​រំខាន​ដំណើរ​របស់​ត្រី​អំបូរ​ស្លូត​នេះ។ ដូចជា​ចាប់​ជិះ​លេង​ឬ​សកម្មភាព​ណាមួយ​ដែលនាំអោយ​ត្រី​ភ័យ ផ្អើល ពិសេស​គឺ​ហាម​ដាច់ខាត​ការនេសាទ​ឬ​សម្លាប់​៕B/