វត្តមាន​នាវាចម្បាំង​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុងការ​ពង្រីក​តួនាទី​យោធា​

547
ចែករម្លែក

នាវាចម្បាំង​ធំ​បំផុត​មួយ​របស់​ជប៉ុន គឺ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ឈ្មោះ Izumo កំពុង​ត្រឡប់មក​ស្រុក​វិញ​ពី​កំពង់ផែ​ស៊ូ​បិ​ក​ក្នុងប្រទេស​ហ្វីលីពីន បន្ទាប់ពី​ការបង្ហាញ​ឥទ្ធិពល​នៃ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្រុង​តូ​ក្យូ​ដើម្បី​ពង្រីក​វត្តមាន​យោធា​របស់ខ្លួន​និង​ប្រឆាំងនឹង​ការ​លុកលុយ​របស់​ចិន​ទៅក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​នានា​។​

​ស៊ូ​បិ​ក អតីត​មូលដ្ឋាន​កងទ័ពជើងទឹក​អាម៉េរិក គឺជា​ទីសំចត​ចុងក្រោយ​របស់​នាវា Izumo ក្នុងការ​ដាក់ពង្រាយរ​យៈ​ពេល​ពីរ​ខែ​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នៅ​គ្រា​ដែលមាន​ភាព​តានតឹង​ត្រាំត្រែង​នៅលើ​ដែនសមុទ្រ​។ នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​នេះ​រួមជាមួយ​នាវា​ពិឃាត Murasame និង Akebono បានបញ្ចប់​ការធ្វើ​សមយុទ្ធ​ជាច្រើន​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​បណ្តា​ប្រទេស​ដទៃទៀត​។​

​សមត្ថភាព​របស់​ជប៉ុន​ក្នុង​ការបញ្ជូន​កម្លាំងយោធា​ហួស​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន​ត្រូវបាន​រារាំង​យ៉ាងខ្លាំង​ដោយ​ការប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាព​និយម​និង​ការបដិសេធ​ការប្រើប្រាស់​កម្លាំងយោធា​នៅក្នុង​ជម្លោះ ដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក្រោយ​សម័យ​សង្គ្រាមលោកលើកទី​២ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៥ រដ្ឋធម្មនុញ្ញ​ត្រូវបាន​កែប្រែ​ឡើងវិញ​ដើម្បី​អនុញ្ញាតឱ្យ​ជប៉ុន​ប្រើ​កម្លាំង​នៅក្នុង​ការការពារ​ខ្លួនឯង​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​ប៉ុន្តែ​បេសកកម្ម​របស់​នាវា Izumo បានបង្ហាញ​ឱ្យឃើញ​ពី​កន្លែង​ដែល​យោធា​របស់​ជប៉ុន​កំពុង​ឆ្ពោះទៅ ពោលគឺ ជា​លើកដំបូង​ហើយ កងទ័ព​មកពី​កងពលតូច​ជើង​ទឹក​ដែល​ទើប​បង្កើតឡើង​ថ្មី​នៃ​កងកម្លាំង​ស្វ័យការពារ​ដីគោក​ជប៉ុន បាន​ចូលរួម​នៅក្នុង​ការដាក់​ពង្រា​យក​ង​ទ័ពជើងទឹក​នៅ​ឆ្ងាយ​ពី​ទឹកដី​ជប៉ុន​។​

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​បានធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធ្វើឱ្យ​សេរីភាព​ធំធេង​របស់​យោធា​ក្លាយជា​គោលដៅ​ក្នុង​ជីវិត​របស់គាត់​។ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ព្យាយាម​ជួយ​ដល់​បុព្វ​ហេតុនេះ ដោយ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ជប៉ុន​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ការពារ​ខ្លួនឯង​នៅក្រោម​សម្ព័ន្ធភាព​របស់ខ្លួន​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​កាលពី​ខែឧសភា ប្រទេស​ជប៉ុន​បានធ្វើ​សមយុទ្ធ​ចតុ​ភាគី​លើកដំបូង​របស់ខ្លួន​ជាមួយ​បារាំង អាម៉េរិក និង​អូស្ត្រាលី​នៅ​ឈូង​សមុទ្រ​បេង​ហ្គា​ល់​។ ប្រទេស​បារាំង​បានដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ឈ្មោះ FS Charles de Gaulle ខណៈ​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​នាវា​ពិឃាត​ឈ្មោះ William P Lawrence​។ សមយុទ្ធ​ដទៃទៀត​រួមមាន​ប្រទេស​កាណាដា ឥណ្ឌា ម៉ាឡេស៊ី វៀតណាម ព្រុយ​ណេ និង​ហ្វីលីពីន​៕ ដោយ៖ កញ្ញាដាលីស

នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ឈ្មោះ Izumo កំពុង​ត្រឡប់មក​ជប៉ុន​វិញ​ពី​កំពង់ផែ​ស៊ូ​បិ​ក​ក្នុងប្រទេស​ហ្វីលីពីន