វត្តមាន​វិទ្យុជាតិ​នៅ​ខេត្ត​កែប​បង្ក​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ក្នុង​ការទទួល​ព័ត៌មាន​

1076
ចែករម្លែក

​ដោយ​: បូកគោ / កែប​: ស្ថានីយ​វិទ្យុជាតិ​ទី​២១ កើតឡើង​នៅ​ខេត្ត​កែប ក្រោម​កិច្ច​ឧបត្ថម្ភ​ពី​វិទ្យុផ្សាយសំឡេង​ប្រជាជន​វៀតណាម នឹង​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​សិស្ស និស្សិត​ក្នុង​ការទទួល​ព័ត៌មាន​ប្រកបដោយ​ភាពជាក់លាក់​។​

​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​វិទ្យុជាតិ​ឆ្នេរកែប FM៩៩Mhz កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​មាន​ប្រសា​ស​ន័​ថា ព័ត៌មាន​ជា​បញ្ហាសំខាន់ ដើម្បីឱ្យ​គ្រប់​មជ្ឈដ្ឋាន​អាច​វិភាគ និង​ដឹង​រាល់​ហេតុការណ៍ តាមរយៈ​ការផ្តល់ជូន​ប្រកបដោយ​ភាពច្បាស់លាស់​។ ស្ថានីយ​វិទ្យុ​ជា​ស្ពាន​ចម្លង​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​សិស្ស​និស្សិត​ទទួលបាន​ដំណឹង ក៏ដូចជា​តម្រូវការ ឬ​ហេតុការណ៍​ក្នុងសង្គម ព្រមទាំង​សកម្មភាព​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​ទាំងអស់​។ មិនតែប៉ុណ្ណោះ ស្ថានីយ​វិទ្យុ​ក៏​ជា​ឧបករណ៍​ចាំបាច់​ក្នុងការ​ទប់ទល់​រាល់​ការផ្សព្វផ្សាយ​មិន​ពិត ឬ​ការ​បំភ្លៃ​សភាពការណ៍​តាមរយៈ​ក្រុម​បណ្តាញ​ព័ត៌មាន ដែល​មិនមាន​ការទទួលខុសត្រូវ​ច្បាស់លាស់​នោះ​។

​ដោយឡែក​សម្រាប់​វិទ្យុជាតិ​ដែល​ទើប​លេចចេញ​ជា​រូបរាង​នេះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់ថា វិទ្យុជាតិ​ឆ្នេរ​រ​កែប​មិនមែនជា​វិទ្យុ នៃ​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ទេ ពោលគឺ​វិទ្យុ​ជា​របស់​បងប្អូន​ទាំងអស់​នៅក្នុង​ខេត្ត​កែប​នេះ​។ ដូច្នេះ សូម​បងប្អូន​ចូលរួម​ប្រើប្រាស់ និង​ទាញយក​ប្រយោជន៍ តាមរយៈ​ការទទួលយក​បទពិសោធ​ន៍ បច្ចេកទេស ការអប់រំ ឬ​ផ្តល់​ត្រឡប់​វិញ ដើម្បី​បាន​ផ្សព្វផ្សាយ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​បានដឹង ដូចជា ករណី​គ្រោះ​អគ្គិភ័យ គ្រោះធម្មជាតិ និង​ការកើតឡើង​នូវ​រឿងរ៉ាវ​មិន​ប្រក្រតី​ណាមួយ​ជាដើម​៕ ល​