វត្តមាន​សម្តេច​តេ​ជោ នៅ​ចិន​លើក​នេះ បញ្ជាក់បន្ថែម​ពី​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​

751
ចែករម្លែក

​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ស៊ី​ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​ក្នុង «​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​» និង​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​។​
​ ​
​នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់ នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ នៅ​ថ្ងៃទី​២៦ ខែមេសា សម្តេចតេ​ជោនាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា ពី​មូលបទ​របស់​វេទិកា​ស្តីពី «​កិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់ និង​ផ្លូវៈ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់​នៅក្នុង​សម័យប្រជុំ​តុមូល របស់​ថ្នាក់ដឹកនាំ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មីសម្រាប់​ការរីកចម្រើន​»​។​

​នៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម អន្តរជាតិ ២០១៩​ ដែល​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​សម្ពោធ​ពន្លា​ជាតិ របស់​កម្ពុជា​។​
​ ​
​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពីគ្នា ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ស៊ី​ជីន​ពីង ឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺ​ឈាង ឯកឧត្តម វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្សកុម្មុយនីស្ត​ចិន​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ ព្រមទាំង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។​
​ ​
​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន លើក​នេះ ក្រសួងការបរទេស បានប្រកាសថា នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តីពី​ជំនួយ របស់​ចិន ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ​។ លើសពីនេះទៅទៀត សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ​ប៉េកាំង ក្នុងឱកាស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទទួលបាននូវ​ការប្រគល់​គោរមងារ ជា​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។​
​ ​
​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ការតាំងពិព័រណ៍ ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន​អញ្ជើញ​ចូលរួមជា​អធិបតី ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះ សំ​ណា​លជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ផងដែរ​។​

​ដូច​លើក​នេះ និង​លើក​មុនៗ​ដែរ អំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួ​បប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​ជាច្រើន​ទៀត ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពិសេស​កិច្ចពិភាក្សា លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ហើយ​ក្នុងនោះ អនុស្សរណៈ និង​កិច្ច​ព្រមព្រៀង​មួយចំនួនក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​។​

​ជា​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន កាលពីខែមករា ឆ្នាំ​២០១៩ គឺ​ចិន​បានផ្តល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​ដល់​កម្ពុជា និង​សន្យា​ទិញ​អង្ករ ៤០ ម៉ឺន​តោន​ពី​កម្ពុជានៅ​ឆ្នាំ​២០១៩​នេះ​។​
​ ​
​បើ​គិត​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ចាប់ពីខែកុម្ភៈ ឆ្នាំ​១៩៩៩ តាំងពី​ជំនាន់​ប្រធានាធិបតី​ចិន គឺ​លោក ចាង ហ្សេ​មិន ( Jiang Zemin) បន្ត​ដល់​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ ( Hu Jintao) នៅ​ខែមេសា ឆ្នាំ​២០០៤ រហូតដល់ ជំនាន់​លោក ស៊ី ជិន​ពីង (Xi Jinping ) កាលពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​នៅ​ឆ្នាំ ២០១៨​។​

​នៅ​រាល់​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ចិន ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ទាំង ៣ ជំនាន់ ក៏ដូចជា​ជួប​នាយករដ្ឋមន្ត្រី​ចិន គឺ​សម្តេច​តេ​ជោ ហ៊ុន សែន​ក្រៅពី​ទទួលបាន​នូវ​ការពិភាក្សាដ៏​ស្និទ្ធស្នាល​ស្មើមុខស្មើមាត់​ជាមួយ​ភាគី​ចិន កម្ពុជា​ក៏​ទទួលបាន​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ពី​មិត្ត​ចិន សម្រាប់​អភិវឌ្ឍន៍​ប្រទេស ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​គ្រប់ ជ្រុងជ្រោយ និង​ទាក់ទាញ​អ្នកវិនិយោគ​ចិន មកកាន់​កម្ពុជា​។​

​ក្នុងនោះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ទៅកាន់​ប្រទេស​ចិន​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ពីថ្ងៃ​ទី​៩-១២ ខែកុម្ភៈ ឆ្នាំ ១៩៩៩ កម្ពុជា ទទួលបាន​ប្រាក់កម្ចី​សម្បទាន​ពី​ចិន ២០០ លាន​ដុល្លារ ហើយ​ចិនក៏បានផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា ១៨,៣ លាន​ដុល្លារ​ថែមទៀត​។​

​ក្នុង​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៤-២៥ ខែមេសា ឆ្នាំ​២០០៤ សម្តេច ហ៊ុនសែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ ក្នុងពេល សម្តេច​ចូលរួម​វេទិកា​សេដ្ឋកិច្ច Boao​។ កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី ចំនួន ១៦​។​

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្រុង​ប៉េកាំង ពីថ្ងៃ​ទី​១៣-១៧ ខែធ្នូ ឆ្នាំ​២០១០ ដោយ​សម្តេច​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក Wen Jaibao​។ មេដឹកនាំ​ទាំង ២ បាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគីដល់ ២.៥០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៥​។ ចិន​ក៏បាន​ប្រកាស​ត្រៀមខ្លួន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ និង​ការបន្ត​ផ្តល់ជំនួយ​មក​កម្ពុជា​។​

​ដោយឡែក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ សម្តេច​បាន​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង ( Li Keqiang) បន្ទាប់ពី​សម្តេច ចូលរួម​វេទិកា Boao សម្រាប់​សន្និសីទ​តំបន់​អាស៊ី ប្រចាំឆ្នាំ​២០១៣ នៅ​ខេត្ត​ហៃ​ណាន់​។ មេដឹកនាំ​កម្ពុជា​-​ចិន បាន​ជំរុញ​ពាណិជ្ជកម្ម ប្រទេស​ទាំងពីរ ឱ្យបាន​៥.០០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៧​។​

​នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ សម្តេច​តេ​ជោ បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល​នៅ​ប្រទេស​ចិន​។ ក្នុងជំនួប​នោះ ភាគី​ចិនបាន​សន្យា​នាំចូល​អង្ករ ១០ ម៉ឺន​តោន ក្នុង​មួយឆ្នាំពី​កម្ពុជា និង​ផ្តល់ជំនួយជាង ១៥៧ លាន​ដុល្លារ​មក​កម្ពុជា​។​

​ចំណែក​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​លោក លី ខឺ​ឈាង ( Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​សម្រាប់កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុង​កិច្ចពិភាក្សា​ការងារ នៅ​ក្រុង​ប៉េកាំង មេដឹកនាំ​ទាំង ២​ក៏បានធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ អនុស្សរណៈ​និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន​។​
​ ​
​សរុបមក រាល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទៅកាន់​ប្រទេស​ចិន​ម្តងៗ គឺ​ក្រៅតែពី ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​ចិន គឺ​កម្ពុជា តែងតែ​ទទួលបាន​ជំនួយ ជា​កម្ចីសម្បទាន និង​ជា​ជំនួយឥតសំណង ដើម្បី​អភិវឌ្ឍន៍​ប្រទេស កម្ពុជា ដូចជា ផ្លូវ និង​ស្ពាន ជាដើម​។

​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ស្ថានទូត​ចិន ប្រកាសថា ប្រទេស​ចិន បាន​ជួយ​ប្រទេស​កម្ពុជា សាងសង់​ជួសជុល​ផ្លូវ ចំនួន ៣១​ខ្សែ និង​ស្ពាន​ចំនួន ៨ សរុប​ប្រវែង​ប្រមាណ​ជាង ៣.០០០ គីឡូម៉ែត្រ​។ រីឯ​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ទាំងអស់ សុទ្ធ​ត្រូវបាន​សាងសង់ឡើងដោយ​ចិន​។​

​ក្រៅពីនោះ អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន ក៏​នៅមានកិច្ចព្រមព្រៀង អនុស្សរណៈ​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ​ពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែល​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ចិន ចូលមក​បោះទុន​យ៉ាងច្រើន​នៅកម្ពុជា​។ ដូច្នេះ ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​លើក​នេះ ក៏​មិន​ខុសពី​ដំណើរ​ទស្សនកិច្ចលើក​មុនៗកន្លងមក​ឡើយ​។ នោះ​គឺ​កម្ពុជា នឹង​បន្ត​ពង្រឹងពង្រីកទំនាក់ទំនង​ការទូត​ជាមួយ​ចិន កម្ពុជាបន្ត​ទាក់ទាញ​អ្នកវិនិយោគ​ចិន កាន់តែច្រើន ហើយ​កម្ពុជាក៏​នឹង​ទទួលបាន​ជំនួយ​ពី​ចិន ព្រមទាំង​ការអនុគ្រោះក្នុង​ការនាំ​ផលិតផល​កសិកម្មចូល​ប្រទេស​ចិន កាន់តែច្រើន​ថែមទៀត​៕ ដោយ​៖ ម៉េង​ឆៃ​/Ha

#