វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩

98
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ វត្ត​ចំនួន​៩​ក្នុង​ក្រុង​សៀមរាប កំពុង​ឈរ​ជា​បេក្ខភាព​វត្ត​ទេសចរណ៍​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩។ ​នេះ​គឺជា​សង្ឃដីកា​របស់ ព្រះ​តេជគុណ​វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បានអោយដឹង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​

ព្រះ តេជគុណ​វិ​មុ​ល​សំវ ភ​ទ្ទ​កោ នឿ​ម វុ​ឌ្ឍី ព្រះគ្រូ​ចៅអធិការ​វត្ត​បារាយណ៍​មហានទី រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត ដែល​ស្ថិតក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បាន​មាន​សង្ឃដីកា​ថា កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩ មន្ត្រី​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត រួម​ជាមួយ​ចៅអធិការ​វត្ត​ចំនួន​៩​វត្ត ក្នុង​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ​វាយតម្លៃ​បេក្ខភាព​រមណីយដ្ឋាន​គំរូ​លើក​ទី​៣, បេក្ខភាព​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​២ និង​ជ្រើសរើស​វត្ត​គំរូ​ទេសចរណ៍​លើក​ទី​១​ឆ្នាំ​២០១៩ ដែលជា​ផ្នែក​មួយ​នៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និង​ការផ្សារភ្ជាប់​ផលិតផល​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ថែមថា នៅក្នុង​ខេត្តសៀមរាប មាន​វត្ត​ទាំងអស់​សរុប​ចំនួន​២៤៣​វត្ត និង មាន​អាស្រម​ចំនួន​២៣ ហើយ​វត្ត​ដែល​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព វត្ត​គោលដៅ​គំរូ​លើក​ទី​១​ឆ្នាំ​២០១៩ រួមមាន ៖ ១. វត្ត​រាជ​បូព៌, ២. វត្ត​ព្រះព្រហ្ម​រ័ត្ន , ៣. វត្ត​ដំណាក់ , ៤. វត្ត​ព្រះឥន្ទ​កោសា , ៥. វត្ត​ព្រះឥន្ទ​កោ​សី​យ៍ , ៦. វត្ត​អារញ្ញ​សាគរ , ៧. វត្ត​បារាយ​នទី​រតនា​រាម , ៨. វត្ត​ទេព​ពោធិ​វង្ស និង ៩. វត្ត​កេស​រ៉ា​រាម ។​

ព្រះ​តេជគុណ​មាន​សង្ឃដីកា​ទៀតថា លក្ខណៈសម្បត្តិ​ដែល​ទទួល​បានជា​បេក្ខភាព​គោលដៅ​ទេសចរណ៍​វត្ត​គំរូ គឺ​ទាក់ទង​ទៅនឹង​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ និង​បរិស្ថាន​ជុំវិញ​វត្ត វត្តមានរ​ចនាស​ម្ព័​ន្ឋ​ដឹកនាំ​ត្រឹមត្រូវ , ទីធ្លា​វត្តមាន​បរិស្ថាន​អនាម័យ​ល្អ បន្ទប់ទឹក ព្រះវិហារ និង​ពុ​ទ្ឋ​បដិមា មាន​វ័យ​ចំណាស់ តាម​រចនាបទ​ព្រះ​ពុ​ទ្ឋ​សាសនា និង សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​វត្តមាន​ភាពល្អប្រសើរ​ផងដែរ។

ព្រះ​តេជគុណ នឿ​ម វុ​ឌ្ឍី សង្ឃឹមថា វត្ត​ស្វាយ​រមៀត​នេះ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​នៃ​វត្ត​អារាម​យ៉ាងពិត​ប្រាកដ​នៅពេល​ខាងមុខ ក្នុងចំណោម​វត្ត​ទាំង​៩ ដោយហេតុថា បើ​ពិនិត្យ​ពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​វត្ត​នេះ គឺជា​វត្តមាន​វ័យ​ចំណាស់​ដែល​បាន​កសាងឡើង​ក្នុងអំឡុង​សម័យអង្គរ ទី​អារាម​មាន​បរិស្ថាន​ល្អ មាន​អំណោយ​ផល​ល្អ ព្រោះ​នៅក្បែរ​បារាយណ៍ទឹកថ្លា និង​សង្កេតឃើញ​សក្តានុពល​វិស័យ​ទេសចរណ៍​​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​កាន់តែ​កើនឡើង គិត​ជា​មធ្យម​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍ មក​ទស្សនា​ទី​អារាម​នេះ ពី​១៥០​ទៅ​២០០​នាក់ ក្នុង​មួយខែ ហើយ​វត្ត​ក៏​គ្រោង​នឹង​បង្កើត​សហគមន៍​ទេសចរណ៍​រទេះគោ​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ផងដែរ។ នេះ​ជា​ឱកាស​មួយ​ដល់​ប្រជា​សហគមន៍​គាត់​អាច​រក​ចំណូល​បន្ថែម​ពី​វិស័យ​ទេសចរណ៍ និង​អាច​លក់ដូរ​នំចំណី​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ជា​ចំណែក​មួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែលជា​គោលដៅ​ជា​ចម្បង របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ព្រះ​តេជគុណ វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម និង​មោទនភាព​ផងដែរ អំពី​សក្តានុពល​របស់​វត្ត​អារញ្ញ​សាគរ ដែលមាន​វ័យ​១៩០​ឆ្នាំ​មកហើយ ជាពិសេស ការជ្រើសរើស​យក​វត្ត​គំរូ​សម្រាប់ គោលដៅ​ទេសចរណ៍ គឺ​ផ្តល់ឱកាស​ឱ្យ​យើងទាំងអស់គ្នា ចូលរួម​អភិរក្ស ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ និង​ជួយ​លើកកម្ពស់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា​ឱ្យ​កាន់តែ​រីកចំរើន​ឡើង​ថែមទៀត​ផងដែរ ។ វត្ត​អារ​ញ្ញា​សាគរ ជា​វត្ត​បុរាណ​មួយ​ក្នុងចំណោម​វត្ត​បុរាណ​ជាច្រើន​នៅក្នុង​ខេត្ត គឺមាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ច្រើន​គួ​សម​ហើយ​វត្ត​នេះ នឹង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ចង់​ឈ្វេងយល់​ពី​ព្រះពុទ្ធសាសនា៕B/

#