វត្ត​ជាង​៨០​នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ខ្លះ​នៅ​បន្ត​ការសប្បាយ​នា​ឆ្នាំ​ថ្មី​

953
ចែករម្លែក
  • 6
    Shares

ដោយ : អូរស្មាច់ / ​ឧ​ត្ត​រ​មានជ័យ ៖ ទី​វត្ត​អារាម​ជាង​៨០​នៅតាម​បណ្តា​ស្រុក ក្រុង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មា​នទី​វត្ត​អារាម​ខ្លះ​បាន​បញ្ចា​ប់​ការលេង​សប្បាយ​និង​នៅ​ទី​អារាម​ខ្លះទៀត​នៅ​បន្ត​ការសប្បាយ​នៅឡើយ​នា​រដូវចូលឆ្នាំ​ថ្មី​ប្រ​ណៃ​ខ្មែរ​នេះ​។​

លោក​ហោ ជិន វីរ​:​យុទ្ធ អភិបាលស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា​នៅ​រដូវ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ -១៥-១៦.​ខែមេសា​ឆ្នាំ​២០១៨​នេះ ទី​វត្ត​អារាម​ចំនួន​១៤​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង បានធ្វើ​ពិធី​ឆ្លង​រួចរាល់​អស់ហើយ​។​

លោក​ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា វត្ត​អារាម​នៅ​ស្រុក​បន្ទាយ​អំពិល​មាន​ចំនួន​១៨​វត្ត ក្នុងនោះ​មាន​ទីវ​ត្ត​អារាម​ខ្លះ​បានធ្វើ​ពិធី​ឆ្លង​តាមបែប​សាសនា​រួចរាល់​ហើយ តែ​នៅ​ទី​វត្ត​អារាម​ខ្លះទៀត​នៅ​បន្ត​ការសប្បាយ​នៅឡើយ ពោលគឺ​គណៈកម្មការ​និង​អាចារ្យវត្ត​ធ្វើ​ពិធី​ឆ្លង​ទៅតាម​ការដាក់​កំណត់​។​

​លោក​អ៊ុន សុភ​ក្រ័ អភិបាលក្រុង​សំរោង បាន​ឲ្យ​ដឹងថា ទី​វត្ត​អារាម​នៅ​ក្រុង​សំរោង​មាន​ចំនួន​២៦​វត្ត​នៅ​ថ្ងៃទី​១៨​បានធ្វើ​ពិធី​ឆ្លង​រួច​ចំនួន​១៩​វត្ត និង​នៅ​ថ្ងៃទី​១៩ ខែមេសា​និង​ធ្វើ​ពិធី​ឆ្លង​បង្ហើយ​ចំនួន​៧​វត្ត​ទៀត​។​

លោក​រិទ្ធី ប៉ាក់ អភិបាលស្រុក​ចុងកាល់​បាន​ឲ្យ​ដឹង​ដែរ​ថា វត្ត​នៅ​ស្រុក​ចុងកាល់​មាន​ចំនួន​៧​ទីតាំង​រហូតដល់​១៩​ខែមេសា​នេះដែរ នៅ​មិនទាន់មាន​ទីវ​ត្ត​អារាម​ណាមួយ​បានធ្វើ​ពិធី​ឆ្លង​ឆ្នាំ​នៅឡើយ​ទេ​។​

គួរបញ្ជាក់​ថា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បច្ចុប្បន្ននេះ គឺមាន​វត្ត​សរុប​ចំនួន​៨៧​វត្ត​,​មាន​ព្រះសង្ឃ​ចំនួន​៧០០​អង្គ​។ នៅក្នុង​នោះ​ទីវ​ត្ត​អារាម​ចំនួន​៦៨​គឺមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ និង​ទីវ​ត្ត​អារាម​ចំនួន​២០​មិនមាន​ច្បាប់​និង​កំពុង​ធ្វើ​បែបបទ ដើម្បី​ឲ្យ​ក្លាយទៅជា​ស្រម​ច្បាប់​៕​B