វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ​៖ អតីត​មន្ទីរពេទ្យ​នៅក្នុង​របប​ខ្មែរក្រហម​

425
ចែករម្លែក

ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​នៅក្នុង​សម័យ​បុរាណកាល វត្ត​អារាម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ និង​បង្ហាត់បង្រៀន​ដល់​កូនចៅ និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ជា​ទម្លាប់ ប្រជាជន​ខ្មែរ​បាន​យក​កូនចៅ​ដែល​ដល់​វ័យ​សិក្សា​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ​ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​ផ្សេងៗ​។​

​ក្មេងប្រុស​ខ្លះ​បាន​បួស​ជា​សាមណេរ និង ភិក្ខុសង្ឃ ដែល​ជាការ​តបស្នង​សងគុណ​ដល់​មាតាបិតា ព្រមទាំង​មានឱកាស​សិក្សា​រៀនសូត្រ​កាន់​ខ្ពង់ខ្ពស់​ថែមទៀត​។ អ្នក​ដែល​បាន​បួស​រៀន នៅពេលដែល​លាចាក​សិក្ខាបទ នឹង​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព ស្រឡាញ់ និង ឲ្យ​តម្លៃ​យ៉ាងខ្លាំង​។​

​ចាប់តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩​មក ប្រទេស​កម្ពុជា​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​អាណានិគមនិយម​បារាំង​។ នាពេលនោះ សាលារៀន​វត្ត​អារាម​បែប​ប្រពៃណី​ខ្មែរ​នៅតែ​បន្តដំណើរ​ទៅមុខទៀត​។ ប៉ុន្តែ​អាជ្ញាធរ​បារាំង​ក៏​ចាប់ផ្តើម​បង្កើត​សាលារៀន​បែប​ទំនើប ដោយ​ចម្លង​មួយផ្នែកធំ​តាម​ប្រព័ន្ធ​សិក្សា​នៅ​ប្រទេស​បារាំង ពោលគឺ​ចម្លង​ទាំង​ផ្នែក​គរុកោសល្យ កម្មវិធីសិក្សា និង​បានដាក់​បញ្ចូល​ភាសា​បារាំង​នៅក្នុង​កម្មវិធីសិក្សា​ជា​ផ្លូវការ​របស់​សាលា​ទៀតផង​។ ទាំងនេះ​ដោយសារតែ​បារាំង​ត្រូវការ​មន្ត្រី​ថ្នាក់​តូចៗ ជួយ​បម្រើការ​ដល់​រដ្ឋការ​អា​ណា​និគម ជាពិសេស​គឺ​អ្នកបកប្រែ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​ខ្មែរ​មក​ភាសា​បារាំង​។ នៅពេលនោះ​បារាំង​បាន​ខិតខំ​បញ្ជ្រៀប​វប្បធម៌ អរិយធម៌ ភាសា និង​អក្សរ​របស់ខ្លួន​ចូលទៅ​ប្រទេស​ក្រោម​អាណានិគម​ដូចជា​ប្រទេស​ខ្មែរ​ជាដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​វត្ត​អារាម​បាន​ថែរក្សា​វប្បធម៌ និង​ភាសា​ខ្មែរ​នៅ​គង់វង្ស​រហូតមក​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្រោម​ការគ្រប់គ្រង​នៃ​របប​ខ្មែរក្រហម​។ ពេលនោះ ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ លុបបំបាត់​រូបិយវត្ថុ មិន​ឲ្យ​មាន​សាលារៀន មិន​ឲ្យ​មាន​ផ្សារ មិន​ឲ្យ​មានកម្ម​សិទ្ធិ​ផ្ទាល់​ខ្លូន មិន​ឲ្យ​មាន​តុលាការ បំបិទ​សាសនា និង​បង្ខំ​ឲ្យ​ប្រជាជន​ទៅ​ធ្វើការ​បង្កបង្កើនផល​ទាំងអស់គ្នា​នៅតាម​ទីជនបទ​នានា​ដោយ​មិន​ប្រាប់​ពី​ហេតុផល​អ្វី​បន្តិច​ទាល់តែសោះ​។ រីឯ​សៀវភៅ គម្ពីរ​ក្បួនខ្នាត វត្ត​អារាម​ព្រះពុទ្ធសាសនា​ជាង​៣​ពាន់​កន្លែង​នៅ​ទូទាំងប្រទេស ត្រូវបាន​ខ្មែរក្រហម​បំផ្លាញ និង​វាយ​កម្ទេចចោល​។ វត្ត​អារាម​ខ្លះ​ត្រូវបាន​ខ្មែរក្រហម​កែប្រែ​ទៅជា​មន្ទីរឃុំឃាំង ឃ្លាំង​ដាក់​សម្ភារ កន្លែង​ចិញ្ចឹមសត្វ និង​មន្ទីរពេទ្យ​។ ក្នុងនោះ វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ដែល​ប្រជាជន​ធ្លាប់តែ​គោរពបូជា ត្រូវបាន​ខ្មែរក្រហម​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ និង​ជា​កន្លែង​កប់​សាកសព​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ គ្មាន​អាហារ​បរិភោគ ឈឺ​ថ្កាត់​គ្មាន​ថ្នាំសង្កូវ​ព្យាបាល និង​ធ្វើជា​កន្លែង​ស្នាក់នៅ​របស់​កង​យុវជន​ដែល​ធ្វើ ការ​នៅតាម​ការដ្ឋាន​ការងារ​ក្នុងស្រុក​ព្រះនេត្រព្រះ តំបន់​៥ ភូមិភាគ​ពាយ័ព្យ​។​

​យោងតាម ឈិ​ត សា​លឿន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្រេះ​ខាងកើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​រៀបរាប់ថា «​ខ្ញុំ​គឺជា​អតីត​ពេទ្យ​នៅ​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ក្នុង​របប​ខ្មែរក្រហម​។ មុននឹង​ខ្ញុំ​ចូលធ្វើ​ពេទ្យ​នៅ​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចៀរ​សំបក​ដើម​ក្រឡាញ់​ដើម្បី​ធ្វើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​»​។ មកដល់​ចុងឆ្នាំ​១៩៧៦ ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ពេទ្យ​ប្រចាំការ​នៅ​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ដោយ​ពីមុនមក​ខ្ញុំ​មិនដែល​បាន​រៀន​វិជ្ជាពេទ្យ​ទាល់តែសោះ​។ ពេលនោះ នៅក្នុង​បរិវេណ​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ មិនមាន​សាលា​បាលី សាលាឆាន់ និង​មាន​កុដិ​ច្រើន ដូច​សព្វថ្ងៃ​ទេ គឺ​មានតែ​វិហារ​មួយ​នៅ​ចំ​កណ្តាល​បរិវេណ​វត្ត និង​កុដិ​ពីរ​បី​ប៉ុណ្ណោះ​។ កុដិ​ទាំងនោះ ត្រូវបាន​ខ្មែរក្រហម​ធ្វើជា​កន្លែង​ពិនិត្យ​អ្នកជំងឺ ហើយ​ជំងឺ​ភាគច្រើន​គឺ​សុទ្ធសឹងតែ​ជា​ជំងឺ​ហើម ដែល​បណ្តាលមកពី​ខ្វះ​ជីវជាតិ​។ អ្នកជំងឺ​ចាប់ផ្តើម​ស្លាប់​ជា​បន្តបន្ទាប់ ព្រោះ​គ្មាន​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល គឺមាន​ត្រឹមតែ​ថ្នាំ​អាច​ន៍​ទន្សាយ និង​សំបក​ដើម​ក្រឡាញ់​តែប៉ុណ្ណោះ​។ អ្នកជំងឺ​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ បន្ទាប់ពី​អ្នកជំងឺ​ស្លាប់ ខ្ញុំ​និង​សម​មិត្ត​ពេទ្យ​ផ្សេងទៀត មាន​តួនាទី​សែង​សាកសព​អ្នកជំងឺ​ទាំងនោះ​យកទៅ​កប់​នៅ​ជើងភ្នំ​ព្រះនេត្រព្រះ ដែលមាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ​។ មានពេលខ្លះ នៅពេល​យើង​សែង​សាកសព​ដល់​ពាក់កណ្តាល​ផ្លូវ ខ្ញុំ​និង​សម​មិត្ត​ពេទ្យ​បាន​ឈប់សម្រាក​ដោយសារ​ផ្លូវ​ឆ្ងាយ​។ នៅពេល​ទៅដល់​គោលដៅ យើង​ចាប់ផ្តើម​ជីករណ្តៅ​ដើម្បី​បញ្ចុះ​សាកសព​។ ថ្ងៃមួយ ខ្ញុំ​បានដាក់​សាកសព​ចូលទៅក្នុង​រណ្តៅ​ស្រាប់តែ​សាកសព​នោះ​ងើប​អង្គុយ ធ្វើ​ឲ្យ​ខ្ញុំ​និង​សម​មិត្ត​ពេទ្យ​ភិតភ័យ​យ៉ាងខ្លាំង​ព្រោះ​យើង​គិតថា ខ្មោចលង​។ ពេលធ្វើការ​នៅ​ពេទ្យ ខ្ញុំ​តែងតែ​លួចលាក់​អាហារ​យកមក​ឲ្យ​អ្នកជំងឺ​ហូប ព្រោះ​របប​អាហារ​ដែល​អ្នកជំងឺ​ទទួលបាន​គឺ​មិន​គ្រប់គ្រាន់​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ខ្មែរក្រហម​តាម​ទាន់​ខ្ញុំ​កំពុង​លួច​អាហារ ខ្ញុំ​ក៏​មិនអាច​គេចផុត​ពី​សេចក្តីស្លាប់​ដែរ​។ មាន​អ្នកជំងឺ​មួយចំនួន​ដែល​ខ្ញុំ​ធ្លាប់​បានផ្តល់​អាហារ​ឲ្យ​បរិភោគ បាន​រួចផុតជីវិត​មកទល់​ស​ព្វ​ថ្ងៃ​។ ខ្ញុំ​ធ្វើជា​ពេទ្យ​រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ហើយ​ខ្ញុំ​ក៏​មិន​ផ្លាស់ប្តូរ​ទៅ​រស់នៅ​កន្លែង​ផ្សេងទៀត​ដែរ​»​។
​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ​

​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ចាប់ផ្តើម​កសាងឡើង​តាំងពី​ឆ្នាំ​១៥៧៣​។ ការផ្តួចផ្តើម​កសាង​ដំបូង​ដោយ​ព្រះ​តេជគុណ កែវ​។ ព្រះអង្គ​បាន​ដាំ​ដើម​ពោធិ៍​បី​ដើម​នៅ​ទិសអាគ្នេយ៍​នៃ​បរិវេណ​វត្ត ទើប​ប្រជា​ពុទ្ធបរិស័ទ​ស្រុះស្រួល​មូលមតិ​គ្នា​ប្រសិទ្ធិ​នាម​ថា «​វត្ត​ពោធិ៍​កែវ​» រហូតមកដល់​សព្វថ្ងៃ​។​

​វត្ត​ពោធិ៍​កែវ​ព្រះនេត្រព្រះ ស្ថិតនៅ​ចម្ងាយ​២៨​គីឡូម៉ែត្រ ពី​ក្រុង​សេរី​សោភ័ណ ទី​រួម​ខេត្តបន្ទាយមានជ័យ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។ វត្ត​នេះ​មាន​ផ្ទៃដី​សរុប ៧៥.០០០ ម៉ែត្រការ៉េ នៅជាប់​មាត់​អូរ និង​វាលស្រែ​ខាងជើង​វត្ត​៕