វត្ត​ព្រែក​ស្វាយ​ប្រារព្ធ​ពិធីបុណ្យ​តេ​វ៉ូ ឬ​បុណ្យ​ចេញ​វស្សា​តាម​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ភាគតិច​ថៃ​

445

(​កោះកុង​)៖ វត្ត​ព្រែក​ស្វាយ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ៦ គីឡូម៉ែត្រ ពី​ទីប្រជុំជន ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ស្ថិតក្នុង​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង កាលពី​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នា ២០១៧ បាន​ប្រារព្ធ ធ្វើ​ពិធីបុណ្យ​តេ​វ៉ូ ឬ​បុណ្យ​ចេញ​ព្រះវស្សា​តាម​ប្រពៃណី ទំនៀមទម្លាប់​របស់​អ្នកភូមិ​ជនជាតិភាគតិច​ថៃ ដែលមាន​មកជា​យូរលង់​មកហើយ ។​

​លោក សំ ធឿន អនុប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តកោះកុង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម ទូរស័ព្ទ​ថា កាលពីមុន​ពិធីបុណ្យ​នេះ មាន​ប្រារព្ធ​ធ្វើឡើង នៅ​វត្ត​ចំនួន​ពីរ​ក្នុង​ខេត្តកោះកុង គឺ​វត្ត​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា និង​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ។

​លោក​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ ពី​ធី​បុណ្យ​តេ​វ៉ូ​នេះ ប្រារព្ធ​ធ្វើឡើង នៅតែ​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង​មួយ​ទេ ។ ចំណែកឯ វត្ត​នាង​កុក គឺ​ពុំ​មានការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ទៀត​ទេ ។ លោក​បាន​បញ្ជាក់ថា ពិធីបុណ្យ​នេះ​មួយ ឆ្នាំ ប្រារព្ធ​ធ្វើបាន​តែម្ដង​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា ។ រួច​បុណ្យ តេ​វ៉ូ​នេះ មិនមែនជា​បុណ្យ​តាម​ទំនៀម ទម្លាប់ ប្រពៃណី​ខ្មែរ​យើង​ទេ គឺជា​បុណ្យ មួយ តាមបែប​ប្រពៃណី​ថៃ ដែល​អ្នកភូមិ ជនជាតិភាគតិច​ថៃ តែងតែ​ប្រារឰធ្វើ ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ចេញ ព្រះវស្សា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន និង​ឧទ្ទិស​ដល់​ឋានមនុស្ស​លោក ទេវតា និង​ប្រេត ។

​ចំណែក​ព្រះ​តេជគុណ ច័ន្ទ វ៉ាន់ ព្រះចៅអធិការ​វត្ត​ព្រែក​ស្វាយ មិនអាច សុំ​ការអធិប្បាយ បន្ថែម​បានទេ ដោយ ព្រះអង្គ​ជាប់រវល់ និង​ប្រព័ន្ធ​ទូរស័ព្ទ មិនអាច​ទំនាក់ទំនង​បាន នៅ​រសៀល ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ ។​
​ ​
​ជាការ​សង្កេត ពិធីបុណ្យ​នេះ មានការ​ដង្ហែ​ក្បួន បិណ្ឌបាត​របស់ ព្រះសង្ឃ ទេវតា និង​ហ្វូង​ប្រេត ហើយក៏ មាន​បងប្អូន​ពលរដ្ឋ​ជា​ជនជាតិ​ភាគ តិច​ថៃ និង​ពលរដ្ឋ​ខ្មែរ ចូលរួម​យ៉ាង ច្រើន​កុះករ​ផងដែរ ៕ ដោយ​៖ គឹម ចាន់​សាលី​