វត្ថុ​បុរាណ​ធ្វើ​ពី​ដី​ដុត​និង​ថ្មភក់​មួយចំនួនធំ​ត្រូវបាន​រកឃើញ​នៅក្នុង​ឧទ្យាន​អង្គរ

429

ភ្នំពេញៈ​វត្ថុ​បុរាណ​ធ្វើ​ពី​ថ្មភក់​មាន​ឧបករណ៍​ដុស​ថ្នាំ​សម័យបុរាណ​ដែល​គេ​ហៅថា ថ្ម​បស់​ចំនួន​ពីរ ដែល ថ្ម​មួយ​មាន​រាង​មូល​និង​មួយទៀត​រាង​ទ្រវែង ព្រមទាំង​វត្ថុ​ធ្វើ​ពី​ដី​ដុត​មាន ចានគោម​សេឡា​ដុន​ចិន​មួយ ចាន​ចិន​ស​ខៀវ​មួយ ថូ​ទឹកធំ​ពណ៌​ត្នោត​មួយ ថូ​ទឹកតូច​ពណ៌​ត្នោត​មួយ បំណែក​ភាជន៍​រឹង​ពណ៌​ត្នោត​១០​ដុំ និង​បំណែក​ភាជន៍​ផុយ​៧​ដុំ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​កន្លងទៅ​ក្នុង​បរិវេណ​សួន​បណ្តុះ​កូនឈើ​ខាងកើត​ប្រាសាទធម្មនន្ទ ដោយ​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ខណៈ​ជីកដី​នៅ​កន្លែង​បណ្តុះ​កូនឈើ​។​នេះ​បើ​យោងតាម​ប្រភព​អាជ្ញាធរ​អប្សរា​កាលពី​ចុងខែ​កញ្ញា​កន្លងទៅនេះ​។​

​វេ​ប​សាយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្រង់​សម្តី​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ មាន​ជំនាញ​ផ្នែក​កុលាលភាជន៍​មក​បញ្ជាក់ថា វត្ថុ​បុរាណ​ទាំងអស់នោះ​គឺ​ត្រូវបាន​ប្រើប្រាស់​នៅ​សម័យអង្គរ ផ្នែក​សុខាភិបាល​ផង​និង​ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង​។ គួរឱ្យ​ចាប់អារម្មណ៍​ដែល​វត្ថុ​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅ​ខាងកើត​ខ្លោងទ្វារ​ជ័យ ដែលជា​ទ្វារ​ពិសេស​របស់​រាជវាំង​មាន​មនុស្ស​ចេញចូល​ច្រើន និង​មាន​ស្លាកស្នាម​ការតាំង​ទី​និង​ប្រាសាទ​ក្បែរ​នោះ​ច្រើន​។ ជាពិសេស​ថូ​ទឹក​បុរាណ​ទាំងពីរ​ដែលមាន​ស្រទាប់​រលោង​ពណ៌​ត្នោត​ដ៏​ស្រស់ស្អាត​និង​មាន​រូបរាង​ល្អ​នេះ គឺ​បាន​ផលិតឡើង​នៅ​ស​.​វ​ទី​១១​ដល់​១៥​នៃ​គ​.​ស ហើយ​អ្នកប្រើប្រាស់​ក៏មាន​ឋានៈ​ខ្ពង់ខ្ពស់​គួរសម​។ លើសពីនោះ​ទៀត ក៏មាន​ការនាំ​ចូល​ផលិតផល​ចាន​ពី​ប្រទេស​ចិន​ដែល​បាន​ប្រើ​នៅក្នុង​សម័យ​នោះដែរ ហើយ​វត្ថុ​ទាំងនោះ​ជា​របស់​ល្អ​បំផុត​ដូចជា​៖ ចាន​សេឡា​ដុន ផលិត​នៅ​ខេត្ត Zhejiang ពីស​.​វ​ទី​១៣​ដល់​១៥ នៃ​គ​.​ស និង​បំណែកចាន​ស​ខៀវ (Blue and white) ផលិត​នៅ​ខេត្ត Jiangxi ពីស​.​វ​ទី​១៤ ដល់​១៦​នៃ​គ​.​ស​។​

​ប្រភព​ដដែល​បន្តថា​ប​ច្ចុ​ប្បន្ន​វត្ថុ​បុរាណ​ដែល​ជីក​បាន​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ដើម្បី​អភិរក្ស​និង​ជួសជុល ក៏ដូចជា​សិក្សា​បន្ថែម​ពី​កាលប្រវត្តិ​និង​ព័ត៌មាន​លម្អិត​នៃ​វត្ថុ​បុរាណ​ទាំងនោះ​៕​MN/ដោយៈបញ្ញាសាស្រ្ត

វត្ថុ​បុរាណ​ធ្វើ​ពី​ដី​ដុត​និង​ថ្មភក់​មួយចំនួនធំ​ត្រូវបាន​រកឃើញ​នៅក្នុង​ឧទ្យាន​អង្គរ (រូបជាអាជ្ញាធរជាតិអប្សរា)