វត្ថុ​អា​ថ៍កំ​បាំង​ស្រដៀង​យាន UFO ត្រូវបាន​ប្រទះឃើញ​នៅលើ​ទីក្រុង​ឡាស​វេ​ហ្គាស​

257
ចែករម្លែក
  • 346
    Shares

​ហោះ​នៅ​ចម្ងាយ​ប្រមាណ ២៤ គីឡូម៉ែត្រ​ភាគ​ខាងលិច​នៅលើ​ទីក្រុង​ឡាស​វេ​ហ្គាស​ កាលពី​ចុង​សប្ដាហ៍ អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់​ម្នាក់​បាន​ប្រទះឃើញ​វត្ថុ​ចម្លែក​មួយ​ដែល​គាត់​អាច​មើលឃើញបន្ទាប់ពី​ពាក់​វ៉ែនតា​សម្រាប់​មើល​ពេលយប់​។​

​វេ​ប​សាយ The Drive បាន​រាយការណ៍​ថា ព្រឹត្តិការណ៍​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ត្រូវបាន​និយាយប្រាប់​ទៅ​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ដោយ​អ្នកបើក​ឧទ្ធម្ភាគចក្រ​ធុន Agusta A109 ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Air Methods មាន​មូលដ្ឋាន​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​។ ការសន្ទនា​គួរឱ្យ​ព្រឺ​សម្បុរ​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​មីនា​ នៅ​ម៉ោង​ប្រហែល ៩ យប់​ ម៉ោង​ក្នុងស្រុក​។​

​អ្នកបើក​ឧទ្ធម្ភាគចក្រ​នោះបាន​ប្រាប់​អ្នកត្រួតពិនិត្យ​ថា “​គ្រាន់តែ​ចង់​ជូនដំណឹង​។ មើលទៅ​ខ្ញុំ​ដូចជា​បានឃើញ​វត្ថុ​មួយចំនួន​ហោះ​នៅលើ​តំបន់ភ្នំ​ភាគខាងត្បូង​។ វា​មើលទៅ​ហោះ​នៅ​កម្ពស់​ប្រហែលជា ២.១៣៣ ម៉ែត្រ​។ វា​អាចជា​បា​ឡុង​ឬអ្វី​មួយ​នៅតាម​បណ្តោយ​ជើងមេឃ​។ វា​បាន​រលត់​ភ្លើង​ហើយ​។ ដូច្នេះ​…​គ្រាន់តែ​ជូនដំណឹង​ប៉ុណ្ណោះ​”​។​

​ប៉ុន្មាន​វិនាទី​ក្រោយមក អ្នកបើកបរ​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវបាន​ប្រាប់​មកវិញ​ថា ពុំមាន​អ្វីមួយ​បានបង្ហាញ​លើ​រ៉ា​ដារ​បស់​អ្នកត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស​នោះទេ ប៉ុន្តែ​ថា​ការខ្វះ​ការបញ្ជាក់​មិន​មានន័យថា ពុំមាន​អ្វីមួយ​ហោះ​កាត់​ទីនោះ​នោះទេ​។​

​អ្នកបើក​យន្ដហោះ​នោះបាន​ប្រាប់​អ្នកត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស​ថា “​ពិតណាស់​… ខ្ញុំ​មាន​វ៉ែនតា​សម្រាប់​ពាក់​មើល​ពេលយប់​។ ខ្ញុំ​អាច​មើល​ឃើញតែ​តាមរយៈ​វ៉ែនតា​នេះ​ប៉ុណ្ណោះ​”​។​

​ហើយ​មន្ត្រី​ត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​តប​វិញ​ថា “​អូ៎ វា​ពិតជា​អស្ចារ្យ​មែន​”​។​

​ប៉ុន្តែ​អ្វី​ទៅ​ដែលជា​មូលហេតុ​បង្កឱ្យមាន​វត្ថុ​អាថ៌កំបាំង​នេះ​? តើ​វា​ជា​បា​ឡុង​ស្ទង់​អាកាសធាតុ​ដែល​កំពុង​ព្យាយាម​ផ្សាយដំណឹង​អាកាសធាតុ​នៅ​ម៉ោង ១០ យប់​?

​ខណៈ​យើង​នឹង​មិនដឹង​ការពិត គេ​អាច​និយាយបានថា ពន្លឺ​ចម្លែក​នោះ​នឹង​ត្រូវបាន​បន្ថែម​ទៅក្នុង​បញ្ជី​សន្ទនា​ដែល​បាន​កត់ត្រា​ទុក​មិន​ធ្លាប់មាន​ពីមុន​រវាង​អ្នកត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស​និង​អ្នកបើកបរ​យន្តហោះ​ទាក់ទង​នឹង​យាន UFO ៕ ដោយ៖ កញ្ញាដាលីស/Ha

រូបតំណាង