វប្បធម៌​សន្ទនា ដើម្បី​ភាព​សុខដុម​និង​អភិវឌ្ឍន៍​

512
ចែករម្លែក

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស លើក​ទី​១​បាន​ប្រារព្ធ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុង​កិច្ចប្រជុំ​នេះ ចូលរួម​ដោយ​តំណាង​ក្រសួង និង​ស្ថាប័ន ពាក់ព័ន្ធ​នានា​របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ជាច្រើន​រយ​នាក់​។​

​គួរ​កត់សម្គាល់ថា នេះ​គឺជា​កិច្ចប្រជុំ លើក​ទី​១ ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ រៀបចំឡើង​ស្តីពី “​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ មិនមែន​រដ្ឋាភិបាល​ប​រទេស​” ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។​នេះ​ក៏​ជា បង្កើត​នូវ​វប្បធម៌​សន្ទនា​ក្រោម​ការ​ឈ្វេងយល់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុន សែន​នៃ​កម្ពុជា​។​

​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះបញ្ជី នៅ​ក្រសួងការបរទេស និង​សហ​ប្រតិ​ត្តិ​ការ អន្តរជាតិ គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ មាន​ចំនួន​សរុប ៣៨៦​។ គេ​អាច​ចាំបាន​ថា​កាលពី ថ្ងៃទី​១៧ ខែមករា កន្លងទៅ​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ បាន​បើក​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក នៅ​កម្ពុជា​។ ជា​វេទិកា​លើក​ទី​២ ដែល​ក្រសួង មហាផ្ទៃ បានធ្វើ​ឡើងជា​ទៀងទាត់ រៀងរាល់ ៦​ខែម្តង​។​

​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក បាន​តម្កល់ សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ៥.៥២៣​។ ក្នុងនោះ​សមាគម មាន​ចំនួន ២២៩៧ និង​អង្គការ​សង្គម​ស៊ីវិល​មាន​ចំនួន ៣.២២៦​។ ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចំនួន​សរុប ២៨៩ នៅក្នុង​នោះ មាន​សមាគម​ចំនួន ១៨០ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១០៩​។​

​ជាការ​កត់សម្គាល់ នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស លើក​ទី​១ នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំនេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ រដ្ឋមន្ត្រីការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​បើក​កិច្ចប្រជុំ​ដោយ​ផ្តោត ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ពួកគេ​ក្រោម ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

​ចំណែក​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ចំនួន ៣៨៦ ស្ថាប័ន ដែល​បាន​ចុះបញ្ជី នៅ​ក្រសួងការបរទេស និង​កំពុង​បំពេញការងារ​ស្របច្បាប់​នៅ​កម្ពុជា ក៏បាន​ឃើញ​ពី​ជំហ​ជាថ្មី ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​សេរីភាព រួមទាំង​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់​ក្នុង​បំណង​រួមចំណែក​ក្នុង​កិច្ច អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

​ជាមួយគ្នានេះ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ក៏មាន​ឱកាស​លើកឡើង​នូវ​បញ្ហា ដែល​ខ្លួន​ជួបប្រទះ​ក្នុងពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា​។ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល បរទេស ក៏​អាច​លើក​ជា​សំណើ​សំណូមពរ និង​លើកឡើង​នូវ​បញ្ហា​ទាំងនោះ ដាក់​លើ​តុ ហើយ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​តំណាង​ក្រសួងការបរទេស ក៏​អាច​ពិភាក្សា និង​ផ្តល់​ជា ដំណោះស្រាយ ហើយ​បើ​បញ្ហា​ដែល​មិន​ត្រូវបាន​ដោះស្រាយ​ក្នុង​វេទិកា​ក៏​នឹងត្រូវ​បញ្ជូនបន្ត ជូន​រដ្ឋមន្ត្រីការបរទេស និង​បញ្ជូនបន្ត​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​ជាគោលការណ៍ ដំណោះស្រាយ ធ្វើយ៉ាងណា ឲ្យ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បរទេស អាចបំពេញ​ការងារ ស្របតាម​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោម​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​។

​ជារួម គ្មានអ្វី​ប្រសើរ​ជាជាង​ការជួបប្រជុំ ពិភាក្សា និង​ពិគ្រោះ​យោបល់​ឡើយ​។ វេទិកា​ដូចគ្នានេះ ត្រូវបាន​រៀបចំ​រួចហើយ ដោយ​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល ៦​ខែម្តង ដោយ​ធ្វើ​ពីរលើក រួចមកហើយ កាលពី​ឆ្នាំ​២០១៧ និង​នៅ​ដើមឆ្នាំ​២០១៨​។ បញ្ហា​ប្រឈម​នានា​របស់​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ត្រូវបាន​លើកឡើង ក្នុង​វេទិកា ហើយ​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏បាន​ផ្តល់នូវ​ដំណោះស្រាយ ភ្លាមៗ និង​បញ្ហា​ខ្លះ ក៏ត្រូវ​បាន មន្ត្រី​ជំនាញ​ប្រជុំ​ដោះស្រាយ​ក្នុង​បំណង​បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាំងនោះ​បំពេញបេសកកម្ម ដោយ​រលូន ក្នុងការ​រួមចំណែក អភិវឌ្ឍន៍​សង្គម​កម្ពុ​ជា​៕ ដោយ​: ម៉េង​ឆៃ​

#