វាយ​គ្នា​ក្នុងចំណោម​ពួក​អ្នកទោស​នៅ​គុក​នៅ​ប្រេ​ស៊ីល​មួយ សម្លាប់​មនុស្ស​១៥​នាក់​

540
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​ក្នុងចំណោម​ពួក​អ្នកទោស​នៅ​គុក​មួយ​នៅ​រដ្ឋ Amazonas ប្រទេសប្រេ​ស៊ីល កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​​ហើយ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៥​នាក់​បាន​ស្លាប់​មុន​ពេល​កុបកម្ម​នេះ ត្រូវបាន​ដាក់​នៅ​ក្រោម​កា​រ​គ្រប់គ្រង​របស់​ប៉ូលិស​។​

​ក្រុមមន្ត្រី​ពន្ធនាគារ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​អ្នក​ទោស​បាន​ចាប់ផ្តើម​វាយ​គ្នា​នៅក្នុង​ចំណោម​ពួកគេ នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ហើយ​​កងកម្លាំង​សន្តិសុខ ត្រូវបាន​បញ្ជូន​យ៉ាង​ប្រញាប់​ទៅ​កាន់​គុក​Anisio Jobim នៅ​ទីក្រុង Manaus ក្នុង​រដ្ឋ​នេះ ។​

​ក្រុមមន្ត្រី​នេះ បាន​និយាយថា ស្ថានភាព​នេះ​នៅពេលនេះ​ត្រូវបាន​ដាក់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ប៉ូលិស ហើយ​ទោះ​យ៉ាងនេះក្តី ឧទ្ទម្ភាគចក្រ​ប៉ូលិស​ច្រើនគ្រឿង​​បាន​បន្ត​ហោះ​ពីលើ​គុក​នេះ​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​ជាមុន​។

​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការ​រត់​គេចខ្លួន​ពី​គុក​នេះ​ទេ​។​

​កាលពី​ខែ​មករា ឆ្នាំ​២០១៧ នៅ​គុក​ដដែល​នេះ មាន​អំពើ​កុបកម្ម​ដ៏​ហិង្សា​ដ៏​ខ្លាំង​ដោយ​បាន​សម្លាប់​មនុស្ស​៥៦​នាក់​៕​ដោយ​៖​សុខា​/sn

សាច់ញាតិ​នៃ​ក្រុម​អ្នកទោស ឈ្លោះប្រកែក​ជា​មួយ​ប៉ូលិស នៅ​ខាងក្រៅ​គុក​Anisio Jobim នៅ​ទីក្រុង Manaus បន្ទាប់ពី​មាន​ព័ត៌មាន​អំពី​ការ​វាយ​គ្នា​នៅក្នុង​គុក​​នេះ​កាលពី​ថ្ងៃអាទិត្យ​ហើយ​ពួក​គេ​ចង់បាន​ព័ត៌មាន​បន្ថែម