វាំងនន​ខ្មៅ​រឿង​ក្រុមចោរ​ចូល​ប្លន់​ក្នុង​ធនាគារ អ អេ​ច ប៊ី មិនទាន់​បើក​!

1171
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: វាំងនន​ខ្មៅ នៃ​ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ ចូល​ប្លន់​នៅក្នុង​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank) យកលុយ​អស់​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ គឺ​សមត្ថកិច្ច​នៅ​មិនទាន់​បើក​នៅឡើយ​ទេ ដោយសារតែ​កំពុង​ស្ថិតនៅក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​។​

​ចំពោះ​ករណី​ចូល​ប្លន់​ធនាគារ​នេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំង​ប៉ូលិស និង​ប៉េអឹម កំពុងតែ​មមារ​ញឹក​ក្នុងការ​ស៊ើបអង្កេត​សំណុំរឿង​ដ៏​កក្រើក​មួយ​នេះ ដើម្បី​ស្វែងរក​ក្រុម​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ធនាគារ អ អេ​ច ប៊ី ដែល​ចូល​ចូល​ប្លន់ (​រូប​ថ​តៈ​ខ្លីៗ​)​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា នេះ ចំពោះ​ករណីនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​មិនទាន់​អាចនិយាយបាន​ទេ​។​

​ក្រុមចោរ​មាន​គ្នា​ចំនួន​ប្រាំ​នាក់ ប្រដាប់​ដោយ​អាវុធ​បាន​ចូល​ប្លន់​នៅក្នុង​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank) នៅ​ជិត​អគារ​វិទ្យាស្ថាន​គណនេយ្យ​វណ្ណដា ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​យកលុយ​នៅក្នុង​ធនាគារ​អស់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​។ ករណី​ចូល​ប្លន់​ធនាគារ​នេះ កើតឡើង​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។

​នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុមចោរប្លន់​ប្រដាប់​បានធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ចូល​ប្លន់​ក្នុង​ធនាគារ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ទាំង​កណ្តាលថ្ងៃត្រង់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​កំពុងតែ​បើក​ការស្រាវជ្រាវ​ករណីនេះ​។​

​តាម​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ថា ឃើញ​ក្រុមចោរប្លន់​មាន​គ្នា​បួន​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ដោយ​ពាក់មួក​ការពារ​សុវត្ថិភាព​ពណ៌​ខ្មៅ និង​ប្រដាប់​ដោយ​អាវុធខ្លី បាន​ចុះទៅ​ភ្ជង់​សន្តិសុខ​ដែល​យាម​នៅ​ខាងក្រៅ និង​អូស​ចូលមក​ខាងក្នុង​ធនាគារ និង​បាន​គំរាម​បុគ្គលិក​ធនាគារ រួមទាំង​អតិថិជន​កុំ​ឲ្យ​ស្រែក រួម​ពួកគេ​បានធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្នុង​ទូ​ដាក់​ក្នុង​កាបូបស្ពាយ រួច​គេចខ្លួន​។​

​តាម​ការបំភ្លឺ​របស់​ស​ន្តិ​សុខ​ឈ្មោះ ឃុ​ត ឃិន បាន​ឲ្យ​ដឹងថា ខណៈពេល​កំពុង​យាម​ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​៥​នាក់ ស្លៀកពាក់​ស៊ីវិល​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ហើយ​ពាក់​អាវកាក់​ខាងក្រៅ​ចាំង​ពន្លឺ របៀប​ពួក​យាម​ឡាន ម៉ូតូ បាន​ដើរចូល​សំដៅទៅ​ក្នុង​ធនាគារ ឃើញ​ភ្លាម​លោក​បាន​ស្រែក​ឲ្យ​ពួកគេ​ឈប់ ហើយ​ឲ្យ​ដោះ​មួក​ចេញ ព្រោះ​ធនាគារ​ហាម​មិន​ឲ្យ​អតិថិជន​ចូល​ដោយ​ពាក់មួក​នោះទេ ស្រាប់តែ​ពួកវា​ដក​កាំភ្លើងខ្លី​អា​ម៉េ​បញ្ចូល​គ្រាប់ និង​ទាញ​លោក​ចូលទៅក្នុង​ធនាគារ​ឲ្យ​អង្គុយ ហើយ​ពួកវា​បាន​ស្រែក​គំរាម​បុគ្គលិក​ក្នុង​ធនាគារ រួមទាំង​ភ្ញៀវ ឲ្យ​នៅ​ស្ងៀម ហើយ​ពួកវា​ចាប់​ផ្តើមធ្វើ​សកម្មភាព​ប្លន់​យកលុយ​ពី​បុគ្គលិក​ធនាគារ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ពួកវា​នាំគ្នា​ដើរចេញ​ពី​ធនាគារ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមចោរ​ដែល​ចូល​ប្លន់​យកលុយ​ក្នុង​ធនាគារ គឺមាន​អង្គ​ការចាត់​តាំងនៅ​ពីក្រោយ​ច្បាស់លាស់ ដោយ​នៅពេល​ចូល​ប្លន់ គឺ​ពួកវា​បាន​ចូលធ្វើ​សកម្មភាព​ចំ​គោលដៅ និង​ដឹង​កន្លែង​ដាក់​លុយ​ថែម​ទៀតផង​។​

​ប្រភព​បាន​បន្តថា ចំពោះ​ករណីនេះ សមត្ថកិច្ច​បានធ្វើការ​សាកសួរ​ព័ត៌មាន​ពី​មនុស្ស​មួយចំនួន ដែល​បម្រើ​ការងារ​នៅក្នុង​ធនាគារ ដើម្បី​ប្រមូល​ព័​ត៍​មាន​ក្នុង​ការកំណត់​មុខសញ្ញា​ក្រុមចោរប្លន់​៕