វិញ្ញាសា​ប្រឡង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​រាជធានី​-​ខេត្តហើយ​នៅ​ព្រឹក​នេះ​

1351
ចែករម្លែក

(​ភ្នំពេញ​) ៖ គណៈមេប្រយោគ​ទូទាំងប្រទេស ប្រចាំរាជធានី​-​ខេត្ត​បានមក​ទទួល​ផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហិប​ប្រធាន​វិញ្ញាសា​ទៅកាន់​​បណ្ដា​រាជធានី​ខេត្ត​រៀងៗ​ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​នេះ​ដើម្បី​រៀបចំ​ឲ្យ​ទាន់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១​និង​២២​ខែសីហា​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការ​ឲ្យ​ដឹង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​​អប់រំ​យុវជន​និង​កីឡា​។
​ ​
​វិញ្ញាសា​នឹងត្រូវ​ចែកចាយ​ទៅកាន់​មណ្ឌល​ប្រឡង​១៧៨​ទូទាំងប្រទេស ត្រូវជា​៤.១៥៥​បន្ទប់ ដែលមាន​បេក្ខជន​សរុប​១០៣.១១២​នាក់ (​ស្រី​៤៧.៨៦១​នាក់​) ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​


​ ​
​សូម​រំលឹកថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈ​ពេល​២​ថ្ងៃ នៅ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧ ហើយ​ប្រកាស​លទ្ធផល នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រា​ជរា​ធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល និង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​
​ ​
​ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​លើក Facebook ផ្លូវការ​របស់​ក្រសួង​អប់រំ បាន​អំពាវនាវ​ឲ្យ​ប្អូនៗ​ជា​សិស្សានុសិស្ស​ទាំងអស់ ដែលជា​បេក្ខជន​-​បេ​ក្ខ​នារី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) កុំ​ឲ្យ​មានការ​ភ័យខ្លាច ហើយ​ត្រូវតែមាន​ជំនឿ ជាក់​លើ​ខ្លួនឯង​និង​គោរព​ទៅតាម​​បទ​បញ្ញា​ត្តិ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
​ ​
​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​យ៉ាង​ដូច្នោះ​ថា “​សូម​ឲ្យ​ប្អូនៗ​ទាំងអស់ ដែលជា​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​​ទុតិយភូមិ​សូម​ឲ្យ​ប្អូនៗ កុំ​ឲ្យ​មានការ​ភ័យខ្លាច ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ប៉ុន្ដែ​ប្អូនៗ​ត្រូវតែ​គោរព​តាម​បទ​បញ្ញា​ត្តិ​របស់​ក្រសួង​​អប់រំ យុវជន និង​កីឡា​គោរព​ទៅតាម​វិន័យ​”​។​
​ ​
​រដ្ឋមន្ដ្រីក្រសួង​អប់រំ បញ្ជាក់ទៀតថា បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត​ប្រើប្រាស់​នូវ​បញ្ញាញាណ​​របស់ខ្លួន ចំណេះដឹង​របស់ខ្លួន ដើម្បី​ប្រឡង​ឲ្យ​ទទួលបាន​នូវ​ជោគជ័យ​។​
​ ​
​លោក​បណ្ឌិត​ក៏​អំពាវនាវ​ឲ្យ លោកគ្រូ​-​អ្នកគ្រូ មេ​ត្ដា​យកចិត្តទុកដាក់ អាន​នូវ​បទ​បញ្ញា​ត្ដិ និង​សូម​ជូនពរ​លោកគ្រូ​-​អ្នកគ្រូ​ក៏ដូចជា​​បេក្ខជន​ទាំងអស់ សូម​ដំណើរ​ការប្រឡង ទៅដោយ​រលូន ហើយក៏​សុំ​ឲ្យ​ការបំពេញភារកិច្ច ក៏ដូចជា​ការប្រឡង​ថ្នាក់​ទី​១២​នេះ​ទទួល​បាន​នូវ​ជោគជ័យ​គ្រប់ៗ​គ្នា​៕​ដោយ​៖​វិបុល​/sn