វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ បើក​ដំណើរការ​ជា​ផ្លូវការ​ជាមួយ​ការបំពាក់​ប្រព័ន្ធ​ឌីជីថល និង​វ៉ា​យ​ហ្វា​យ​ប្រើប្រាស់​ដោយ​សេរី​

870
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​ត្រូវ​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​២៩​ខែមិថុនា​២០១៨​នោះ បានទទួល​ការបំពាក់​ប្រព័ន្ធ​ឌីជីថល និង​វ៉ា​យ​ហ្វា​យ​ប្រើប្រាស់​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន Korea Telecom ដែល​ងាយស្រួល​សម្រាប់​ការសិក្សា​ស្រាវ​របស់​សិស្ស​។​

​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ ដែល​ស្ថិតនៅ​ក្នុងភូមិ ឡ ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​កម្ពស់​៣​ជាន់ ១៨​បន្ទប់ មាន​អគារ​សម្រាប់​រៀន​កាត់ដេរ បន្ទប់រៀន​ពី​ចំងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ពត៌មាន​វិទ្យា មាន​អគារ​ទីចាត់ការ បង្គន់​អនាម័យ និង​ឧបករណ៍​បំពាក់​ជាច្រើន​ទៀត​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ សាងសង់​សង់​ថវិកា​ជាង​៦៥​ម៉ឺន​ដុល្លារ​។ សមិទ្ធផល​នេះ បានបញ្ជាក់​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ចំពោះ​ទុក្ខលំបាក​របស់​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា​ខេត្តកំពង់ឆ្នាំង​ទាំងមូល​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ បាន​ថ្លែងឱ្យដឹងថា​៖​ការតភ្ជាប់​វ៉ា​យ​ហ្វា​យ​និង​ការតភ្ជាប់ ឌីជីថល​ទៅនឹង​សាលារៀន មាន​សារៈសំខាន់​សម្រាប់​សិស្ស​ក្នុង​ការសិក្សា និង​ការស្រាវជ្រាវ ដែល​នឹង​ជួយ​បង្កើន​ចំណេះដឹង​បន្ថែម​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​ដោយ​ផ្តោតលើ​គម្រោង​និង​កម្មវិធី​ដែល​កំពុង​ជួយ​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម និង​រៀបចំ​សម្រាប់​វិស័យសេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ។​ក្នុងនោះ​រួមមាន គម្រោង Wi-Fi​សាធារណៈ និង​ការតភ្ជាប់​ឌីជីថល​ទៅកាន់​សាលារៀន​ដោយមាន​ការជួយ​ពី​ក្រុមហ៊ុន Korea Telecom៕ ល​

#