វិទ្យាស្ថាន​ឃី​ត ស្វាគមន៍​សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​

107
ចែករម្លែក
សិស្សានុសិស្ស​ចូលរួម​ប្រឡង​បាក់​ឌុប​នាពេល​កន្លងទៅ​(​រូបថត​ក្រសួង​អប់រំ​)

ដោយៈ​ច្រាយ ចំណាន​/ភ្នំពេញៈ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​ឬ​បាក់​ឌុប អាច​ជ្រើសរើស​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​ឬ​ឃី​ត​(KIT)​រយៈពេល​បួន​ឆ្នាំ​ដោយ​ឥតគិតថ្លៃ ដែល​បូក​បញ្ចូល​ទាំង​សម្ភារ​សិក្សា​ផងដែរ​។​


​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ ក៏ដូចជា​ទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​កម្ពុជា​បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​ថា អាហារូបករណ៍​នេះ នឹង​ផ្តល់ជូន​សិស្ស​បញ្ចប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ នេះ​។​
​វិទ្យាស្ថាន​នេះ​ចាប់ផ្តើម​ប្រកាស​ផ្តល់​អាហារូបករណ៍​ជាថ្មី ដល់​សិស្សានុសិស្ស​កម្ពុជា ដែល​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩- ២០២០​នេះ ដោយ​សិស្ស​ដែល​ឆ្លងកាត់​ការធ្វើ​តេស្ត​ជាប់ នឹង​ទទួលបាន​អាហារូបករណ៍​១០០ ភាគរយ បូក​នឹង​សម្ភារ​សិក្សា​រហូតដល់​រយៈពេល​បួន​ឆ្នាំ​។​


​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ ផ្ដល់​អាហារូបករណ៍​ចំពោះមុខ​វិទ្យា​ពីរ​មុខ​។​ទីមួយ​គឺ វិស្វកម្ម​កុំព្យូទ័រ (Software Engineering) និង​ទី​ពីរ​គ្រប់គ្រង​បដិសណ្ឋារកិច្ច​អន្តរជាតិ International Hospitality Management​។​


​សម្រាប់​សិស្ស​ចង់​ធ្វើការ​ប្រឡង​យក​អាហារ​រូបករណ៍​អាច​ចូលទៅ​ចុះឈ្មោះ​តាម​តំណ​រលី​៖https://goo.gl/forms/ly8zdI6Q18jaqqg03 ។ ក្រោយពី​ចុះឈ្មោះ​រូ​ចរាល់​ហើយ បេក្ខជន​អាច​ទៅ​ស្ដាប់​សិក្ខាសាលា​ណែនាំ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ផ្ទាល់​តែម្ដង ហើយ​ចំណែកឯ​ថ្ងៃ​ប្រឡង​វិញ នឹង​ប្រព្រឹត្តឡើង​នា​ថ្ងៃទី ២៩ ខែ​មី​ថុ​នា​ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។​

សិស្សានុសិស្ស​ចូលរួម​ប្រឡង​បាក់​ឌុប​នាពេល​កន្លងទៅ​(​រូបថត​ក្រសួង​អប់រំ​)


​ ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ ត្រូវបាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ ២០១៤​មក​ម្លេះ ដោយមាន​កម្មវិធីសិក្សា​រ​ដូចជា​៖ វិស្វករ​កុំ​ព្យូ​ទ​រ័ វិភាគ​ប្រព​ន្ធ័​កុំព្យូទ័រ បង្កើត​ប្រព​ន្ធ័​កុំព្យូទ័រ គណនេយ្យ និង​គ្រប់គ្រង រួមទាំង​បង្រៀន​ភាសារ​អង់គ្លេស និង​ជប៉ុន​ផងដែរ​។​
​វិទ្យាស្ថាន​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ​នេះ ត្រូវបាន​បង្កើត​ដោយ​អគ្គនាយក​ក្រុមហ៊ុន A2A Town Cambodia ដោយ​ជនជាតិ​ជប៉ុន​គឺ​លោក តា​កេ​ស៊ី អ៊ី​ហ្សូ​កា​(Takeshi Izuka) ដើម្បី​ផ្ដល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​និស្សិត​កម្ពុជា ជាពិសេស​ទៅលើ​មុខ​វិទ្យា​ទាក់ទង​ទៅនឹង​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​វិស្វកម្ម​កម្មវិធី​កុំព្យូទ័រ​ជាដើម​។​
​ជា​លទ្ធផល​នៃ​ការបណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​មួយ​នេះ និស្សិត​ជំនា​ន់ទី​១​ទទួលបាន​ឱកាស​ការងារ​១០០​ភាគរយ ហើយ​មាន​និស្សិត​រហូតដល់​ទៅ​៧០​ភាគរយ​បាន​ទៅធ្វើ​ការ​ដល់​ប្រទេស​ជប៉ុន​៕SRN

#