វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ធ្វើ​វេទិកា​ស្តីពី​លទ្ធផល នៃ​ប្រព័ន្ធ​ស្ថិតិ​សហគមន៍​អាស៊ាន​ដល់​ប្រព័ន្ធ​ស្ថិតិ​កម្ពុជា​

895
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បានរៀបចំ​វេទិកា​ផ្តល់​ការយល់ដឹង​ស្តីពី​លទ្ធផល នៃ​ប្រព័ន្ធ​ស្ថិតិ​សហគមន៍​អាស៊ាន​ដល់​ប្រព័ន្ធ​ស្ថិតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​មន្ត្រីជាន់ខ្ពស់​ស្ថិតិ​អាស៊ាន នៃ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​។​

​លោកស្រី ហង់ លី​ណា បាន​ថ្លែងថា វេទិកា​នេះ មាន​គោលបំណង​លើ​កម្ពស់​ការយល់ដឹង​អំពី​លទ្ធផល នៃ​ប្រព័ន្ធ​ស្ថិតិ​អាស៊ាន​ដល់​ប្រព័ន្ធ​ស្ថិតិ​កម្ពុជា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថិតិ​អាស៊ាន និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ ព្រមទាំង​ចែករំលែក​នូវ​តួនាទី​របស់​គណៈកម្មកា​រ​សម្របសម្រួល​ស្ថិតិ​នៅ​កម្ពុជា​។ ព្រមទាំង​ផ្លាស់ប្តូរ​មតិយោបល់ និង​អនុសាសន៍​ដល់​ការអភិវឌ្ឍ​ស្ថិតិ​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថិតិ​អាស៊ាន​នៅ​ថ្នាក់​តំបន់ និង​ស្ថិតិ​ថ្នាក់ជាតិ​កម្ពុជា​ផងដែរ​។

​លោកស្រី​បាន​បន្តថា បច្ចុប្បន្ន​ទិន្នន័យ​ជា​ទៀងទាត់​ដែល​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បានផ្តល់​ទៅ​ការិយាល័យ​ស្ថិតិ​អាស៊ាន​តាម​តម្រូវការ​អ្នកប្រើប្រាស់ និង​ការប្រៀបធៀប​ក្នុង​តំបន់ និង​អន្តរជាតិ​រួមមាន ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​ខាង​សេវាកម្ម និង​ស្ដិ​តិ​វិនិយោគ​ផ្ទាល់​ពី​បរទេស បាន​ប្រមូល​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ផ្នែក​ស្ថិតិ​ជញ្ជីងទូទាត់ នៃ​ធនាគារជាតិ​កម្ពុជា និង​ស្ថិតិ​ដទៃទៀត​តាមរយៈ​ជំនឿ និង​អង្កេត និង​ទិន្នន័យ​រដ្ឋបាល​ពី​បណ្តា​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល រួមមាន ស្ថិតិ​សេដ្ឋកិច្ច សង្គមកិច្ច និង​ប្រជាសាស្ត្រ ស្ថិតិ​គណនេយ្យ​ជាតិ និង​ស្ថិតិ​សូចនាករ​ណ៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ស្ថិតិ​ទាំងនេះ ត្រូវបាន​លើ​កម្ពស់​គុណភាព​ទិន្នន័យ ទាន់ពេលវេលា និង​អាច​ប្រៀបធៀប​បាន ដែលមាន​សារៈសំខាន់​សម្រាប់​តាមដាន និង​វាយតម្លៃ​នៃ​ការ​វាស់​សមាហរណកម្ម​អាស៊ាន​។​

​លោកស្រី ហង់ លី​ណា បាន​បន្តទៀតថា វិទ្យាស្ថាន​ជាតិ​ស្ថិតិ មាន​ភារកិច្ច​ធ្វើការ​សម្របសម្រួល​ក្នុង​សកម្មភាព នៃ​កិច្ច​អភិវឌ្ឍ​ស្ថិតិ​រួម និង​ការបណ្តុះបណ្តាល​ជាមួយ​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​សកម្មភាព​ស្ថិតិ ជាមួយ​អង្គការ​ជាតិ អន្តរជាតិ អង្គភាព​ស្ថិតិ​ជាតិ នៃ​ប្រទេស​នានា និង​ផ្នែក​ឯកជន​នានា​ទៅតាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។ ក្រៅពី​ការងារ​ស្ថិតិ​អាស៊ាន វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ផលិត​ទិន្នន័យ​ស្ថិតិ​សំខាន់ៗ តាមរយៈ​ការធ្វើ​ជ​រឿន និង​អង្កេត សម្រាប់​ជា​តម្រូវការ​សម្រាប់​អ្នកប្រើប្រាស់​ស្ថិតិ អ្នកធ្វើ​គោលនយោបាយ និង​អ្នកស្រាវជ្រាវ ដើម្បី​តាមដាន និង​វាយតម្លៃ​ពី​ការអភិវឌ្ឍ​ប្រទេស ក៏ដូចជា​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កម្ពុជា និង​ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​


​លោ​កក​ស្រី​បាន​បញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក៏បាន​ធ្វើ​អង្កេត​តាម​វិស័យ​មួយចំនួនទៀត ទៅតាម​តម្រូវការ​អ្នកប្រើប្រាស់​ទិន្នន័យ អ្នកធ្វើ​គោលនយោបាយ អ្នកស្រាវជ្រាវ ក្នុង​សហគមន៍ជាតិ និង​អន្តរជាតិ​។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ចងក្រង​គណនេយ្យ​ជាតិ​កម្ពុជា និង​ស​ន្ទ​ស្សន៍​ថ្លៃ ដ៏​ដូចជា​សូចនាករ​ណ៍​សេដ្ឋកិច្ច សង្គមកិច្ច និង​ប្រជាសាស្ត្រ សៀវភៅ​ស្ថិតិ​ប្រចាំឆ្នាំ និង​ឃ្លាំង​ទិន្នន័យ​ដែល​អាច​ឲ្យ​សាធារណជន​ទូទៅ​រកបាន​តាម​វេ​ប​សាយ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ផងដែរ​៕ ល​

#