វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជា​ខេត្ត​ក្វាងស៊ី​បង្ហាញ​ពី​បំណង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

1105
ចែករម្លែក

​ដោយ​: យោធិន / ណាន​នី​ង​, ចិន​: វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ដ៏​ល្បី​មួយ​របស់​ចិន ស្ថិតនៅក្នុង​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី បានបង្ហាញ​ពី​ចេតនា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​និស្សិត​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​តម្រូវការ​ធនធានមនុស្ស​លើ​ផ្នែក​ឧស្សាហកម្ម និង​ហូប​នីយកម្ម​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ​។​

​លោក Su Huaging ប្រធានការិយាល័យ នៃ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ក្រុង​ណាន​នី​ង​បានលើកឡើង​បង្ហាញ​ពី​គោលបំណង​ក្នុង​ការរួម​កិច្ចសហការ​ជាមួយ​កម្ពុជា ខណៈដែល​ប្រតិភូ​ព័ត៌មាន​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​វិទ្យាស្ថាន​ខាងលើនេះ នា​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​ថាៈ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុងមាន​ការរីកចម្រើន​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម និង​ហូប​នីយកម្ម ដែល​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ឲ្យ​បាន​ច្រើន​ទៅលើ​ជំនាញ​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេក​ផ្សេងៗ​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នេះ​។​

​លោក Su Huanging បាន​អះអាងថា បច្ចុប្បន្ន​វិទ្យាស្ថាន​ទើបតែ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ណាន​នី​ង ប៉ុន្តែ​មិនទាន់បាន​ស៊ីជម្រៅ​នៅឡើយ​។​ប៉ុន្តែ ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​រូបនេះ​បាន​លើក​បញ្ជាក់​ពី​បំណង​ចង់បាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​និស្សិត​របស់​កម្ពុជា​។​

តាមរយៈ​ប្រតិភូ​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កម្ពុជា លោក Su Huanging រំពឹងថា នឹង​យកចិត្តទុកដាក់​ក្នុង​ការជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មួយ​នេះ​ទៅដល់​រាជរដ្ឋាភិបាល ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា ដើម្បី​បើក​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ទាំងនេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​សម្រាប់​លោក Su Huanging គឺ​រង់ចាំ​ជានិច្ច​ក្នុងការ​សហការ​ជាមួយ​កម្ពុជា​លើ​ការបណ្តុះបណ្តាល​ដែលជា​ជំនាញ​ដ៏​ចាំបាច់​សម្រាប់​ធនធានមនុស្ស​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។​
​លោក Chen Feihua តំណាង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ដំណើរ​ទស្សនកិច្ច និង​យក​ព័ត៌មាន​របស់​ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា​នៅលើ​ទឹកដី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ក៏បាន​បង្ហាញ​ពី​ក្តី​រំពឹងថា នឹងមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​វិទ្យាស្ថាន​ខាងលើនេះ​នាពេល​អនាគត​ជាក់​ជាពុំខាន​ឡើយ​។​

​គួរ​រំលឹក​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែបាន​ថ្លែង​បង្ហាញ​ពី​កង្វះ​ផ្នែក​ធនធាន​វិជ្ជាជីវៈ និង​បច្ចេកទេស​សម្រាប់​ទីផ្សារការងារ ហើយ​តែង​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​បន្ថែមទៀត​ទៅលើ​ជំនាញ​នេះ​ផងដែរ​។ ដូច្នេះ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ច្រើន និង​កាន់តែ​សកម្ម​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ជាការ​ឆ្លើយតប​ជា​ចាំបាច់​សម្រាប់​បរិបថ​ក​ម្ពុ​ជា ដែល​បាននិងកំពុង​ជំរុញ​លើ​វិស័យ​ឧស្សាហកម្ម និង​ហូប​នីយកម្ម​នេះ​។​

​បើតាម​លោក Su Huanging បានលើកឡើង​បញ្ជាក់បន្ថែម​ឲ្យ​ដឹងថា វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ក្រុង​ណាន​នី​ង បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៤ ដោយ​បណ្តុះបណ្តាល​លើ​មុខជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ចំនួន ៥៨​មុខជំនាញ ហើយ​សិស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ចេញពី​វិទ្យាស្ថាន​នេះ ទៅ​បម្រើ​ការងារ​ជួយ​ដល់​សង្គម និង​នៅតាម​សហគ្រាស​នានា​។ វិទ្យាស្ថាន​នេះ ក៏​ទទួលបាន​ពានរង្វាន់​ជាច្រើន​ពាក់ព័ន្ធ នឹង​គុណភាព​នៃ​ការអប់រំ​របស់ខ្លួន​ផងដែរ​។​

​បច្ចុប្បន្ន​វិទ្យាស្ថាន​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល នៅតាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់ លោក Su Huanging៕