វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ VOA​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ដោយ​គ្មាន​អាជ្ញាប័ណ្ណ​និង​ពុំ​ព្រម​ចុះបញ្ជី​ពន្ធដារ​

1526
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន​ចាត់វិធានការ​ចំពោះ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA​ដែល​​បានធ្វើ​សកម្មភាព​យក​ព័ត៌មាន​នៅ​កម្ពុជា ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​និង​មិន​បានមក​ចុះបញ្ជី​ពន្ធដារ​តាមច្បាប់​ស្តីពី​សារ​​ពើ​ពន្ធ ដែល​បានកំណត់​។​

​តាម​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា ស្របតាម​យុទ្ធសាស្ត្រ កៀរគរ​ចំណូល រយៈពេល​មធ្យម ២០១៤-២០១៨ អគ្គនាយក​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ជា​សាធារណៈ​ស្តីពី​កាតព្វកិច្ច​ចុះ​​បញ្ជី​ពន្ធដារ និង​កាតព្វកិច្ច​សារពើពន្ធ​នានា ជារឿយៗ​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​ការចុះបញ្ជី​ពន្ធដារ ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​មាន​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​ពន្ធដារ​ថ្មី​។​

​ប៉ុន្តែ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី (RFA) មាន​អាសយដ្ឋាន​នៅ​អគារ Premier Office Center លេខ​១៨៤ ជាន់​ទី​៤A ផ្លូវ​មុនី​រ៉េត (២១៧) សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ការិយាល័យ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) មាន​អាសយដ្ឋាន នៅ​អគារ​លេខ​៣២០ ជាន់​ទី​៤ ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​មិនបាន​គោរ​តាម​សេចក្តីជូនដំណឹង​ ហើយ​បាននិងកំពុង​ធ្វើ​សកម្មភាព​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​តាមរយៈ​ការជួល​ម៉ោង​នៅ​ស្ថានីយ៍​វិទ្យុ​ឯកជន​ក្នុងស្រុក​មួយចំនួន​ក្នុង​​ការចាក់ផ្សាយ​បន្ត​ដោយ​មិនបាន​បំពេញ​កា​ត្វ​កិច្ច​ចុះបញ្ជី​ពន្ធដារ​ឡើយ​។​

​ក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់​ទៀតថា ដោយ​អនុ​លោក​តាម​មាត្រា​១០១ នៃ​ច្បាប់​ស្តីពី​សារពើរ​ពន្ធ និង​ប្រកា​សលេខ​៤៩៦ ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ស្តីពី​ការចុះបញ្ជី​ពន្ធដារ អ្នក​ជាប់ពន្ធ​ទាំងអស់ រួមទាំង​នីតិបុគ្គល និង​រូបវ័ន្ត​បុគ្គល ត្រូវ​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​កំឡុង ១៥​ថ្ងៃ ក្រោយពី​អ្នក​ជាប់ពន្ធ​នោះ ចាប់ធ្វើ​សកម្មភាព សេដ្ឋកិច្ច​នៅ​កម្ពុជា ដោយ​ត្រូវ​ផ្តល់ព័ត៌មាន​ភ្ជាប់​ជាមួយ​អំពី​ការអនុញ្ញាត​របស់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ដែល​នៅក្នុង​ករណីនេះ មាន​ជាអាទិ៍ អាជ្ញា​បណ្ណ​របស់​ក្រសួង​ព័ត៌មាន ។​

​លិខិតស្នើ​សុំ​លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ជំរុញ​វិទ្យុ​ទាំងពីរ​នេះ ផ្តល់​កិច្ចសហការ ឬ​ចាត់វិធានការ​តឹងរឹង​ចាំបាច់​ស្របតាម​បទ​ប្បញត្តិ​​ច្បាប់​ជា​ធរមាន​ចំពោះ​វិទ្យុ​ទាំងពីរ​នេះ​៕​វាសនា​

#