វិធានការ​ការពារ និង​កម្ចាត់​ដង្កូវ​បំពង់​កាត់​ស្លឹក​

5220
ចែករម្លែក

ដង្កូវ​បំពង់​កាត់​ស្លឹក ជា​ប្រភេទ​សត្វ​ចង្រៃ​ម្យ៉ាង ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ចាប់ពី​ដំណាក់កាល​សំណាប រហូតដល់​ដំណាក់កាល​ស្រូវ​បែក​គុម្ព ជាពិសេស ពេល​ស្រូវ​នៅ​ខ្ចៅ ។ វា​ជា​សត្វល្អិត​អាច​រស់​នៅបាន ទាំង​ក្នុង​ទឹក និង​លើគោក ។ ក្នុង​វ័យ​ជា​ដង្កូវ​វា​ស៊ី​បំផ្លាញ​ស្លឹក​ស្រូវ​ខ្ចី រួច​កាត់​ស្លឹក​ស្រូវ​មួរ​ខ្លួន​វា​ជា​បំបង់ ទម្លាក់​ចុះមក​ក្រោម​រួច​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក ។ ដង្កូវ​ប្រភេទ​នេះ វា​រស់នៅក្នុង​បំបង់​ស្លឹក​ស្រូវ ហើយ​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក​នៅពេល​ថ្ងៃ ពេលយប់​វា​តោង​ឡើង​ដើមស្រូវ​ទាំង​បំពង់ ដើម្បី​ស៊ី​ស្លឹក ស្រូវ​ជា​អាហារ ។ ដង្កូវ​ប្រភេទ​នេះ​ច្រើន​កើត​នៅលើ​ដីស្រែ ដែល​ពុំបាន​រៀបចំ​ស្មើ​ល្អ និង​លើ​ស្រែ ដែលមាន​ទឹក​ដក់​ជាប្រចាំ ។ មេអំបៅ​ពេល​ថ្ងៃ​លាក់ខ្លួន​ក្នុង​គុម្ព​ស្មៅ និង​ចេញទៅ​ពង​ពេលយប់ ដែល​អាចមាន​ចំនួន ៥០​ពង ។​


លក្ខណៈ​រូប​
– ពង មាន​ពណ៌​ស​ព្រលែង​/​ពណ៌​លឿងខ្ចី ឬ​ពណ៌​ស​ដូច​ទឹកសន្សើម (​ពង​របស់​វា​មាន​រាង​មូល​ដូច ថាស​) មាន​ទំហំ​មិន​ស្មើគ្នា​តំរៀប​ជា​ជួរ​ខាងក្រោម​ផ្ទៃ​ស្លឹក ជិត​ញាស់​ប្រែជា​ពណ៌​លឿងចាស់​)
– ដង្កូវ​មាន​ពណ៌​លឿង​ថ្លា ឬ​ខៀវ​ព្រលែត ពេល​វា​ស៊ី​ចំណីអាហារ​រួច

– ដឹក​ឌឿ មាន​ពណ៌​ស​ព្រលែត ឬ​ពណ៌​ទឹកដោះគោ (​ពណ៌​ត្នោត​)
– មេអំបៅ មាន​ពណ៌​ដូច​ទឹកប្រាក់ (​ស​ស្លេក​រំលេច​ដោយ​ដុំ ឬ​ឆ្នូត​ពណ៌​ត្នោត​ខ្ចី​) ហើយ​មាន​ចំណុច អុចៗ​នៅលើ​ស្លាប ។​

​វដ្ត​ជីវិត​
– មេអំបៅ មាន​រយៈពេល ៧​ថ្ងៃ (​ពង​នៅលើ​ស្លឹក​ស្រូវ ដែល​ធ្លាក់​សំ​យ៉ាក​ក្បែរ​ផ្ទៃ​ទឺ​ក​)
– ពងមាន​រយៈពេល ៣-៤​ថ្ងៃ​

– ដង្កូវ មាន​រយៈពេល ២០​ថ្ងៃ (​ដឹក​ឌឿ​តោង​ជាប់​គុម្ព​ស្រូវ​ក្បែរ​ផ្ទៃ​ទឹក​)
– ដឹក​ឌឿ មាន​រយៈពេល ៧​ថ្ងៃ

​លក្ខណៈ​បំផ្លាញ​
– ចាប់ពី​សំណាប រហូតដល់​ស្រូវ​បែក​គុម្ព ពិសេស​ពេល​ស្រូវ​នៅ​ខ្ចី (​វា​បំផ្លាញ​លើ​ថ្នាលសំណាប ដែលមាន​ទឹក និង​សន្ទូង​ទើប​លាស់​ថ្មី​)

– ស៊ី​បក​ជាលិកា​ពណ៌​បៃតង ដោយ​បន្សល់ទុក​នៅ​ភ្នាស​ស្ដើង​រាង​ជា​ថ្នាក់ៗ ដូច​កាំជណ្ដើរ (​ដង្កូវ​ស៊ី ស្រទាប់​ក្ល​រ៉ូ​ហ្វឺ​ល​ទុក​តែ​ស្រទាប់​ជាលិកា នៅលើ​ផ្ទៃ​ស្លឹក​ដូច​ក្រដាស ឬ​ស្បៃ​មុង​ស្លឹក​ដែល​ត្រូវ​វា​បំផ្លាញ មាន​ស្នាម​កាត់​ដូច​មុខ​កន្ត្រៃ​)
– កាត់​ចុង​ស្លឹក​ស្រូវ​ធ្វើជា​បំពង់ បណ្ដែត​លើ​ផ្ទៃ​ទឹក​នៅពេល​ថ្ងៃ បំផ្លាញ​ស្លឹក​ស្រូវ​នៅពេល​យប់ ។​

​វិធានការ​ការពារ និង​កំចាត់​
– សម្អាត​ស្រែ​ជាប្រចាំ​
– ធ្វើ​ថ្នាលសំណាប​គោក អាច​ជៀសវាង​បាន​ពី​ការបំផ្លាញ

– ធ្វើ​ទឹក​ថ្នាលសំណាប​ឲ្យ​បាន​រាបស្មើ​ល្អ និង​ឆ្ងាយ​ពី​វាលស្មៅ​ដែលជា​ជំរក​របស់​វា​
– ពន្លិចទឹក​ក្នុង​ស្រែ ឬ​ថ្នាលសំណាប ហើយ​កៀរ​បំពង់​ដង្កូវ​ចោល ឬ​យកទៅ​ធ្វើ​ចំណី​ទា

– បង្ហូរទឹក​ចេញពី​ស្រែ​រយៈពេល ២-៣​ថ្ងៃ (​ដោយសារ​ដង្កូវ​មិនអាច​ដកដង្ហើម​បាន​នៅលើ​គោក ដូច្នេះ វា​នឹង​ស្លាប់​)
– ថែរក្សា​សត្វ​មាន​ប្រយោជន៍​ដូចជា​: ពពួក​ឪម៉ាល់ កន្ទុំរុយ​ពីងពាង ស្រឹង​ទឹក ខ្ទួ​ត​ដី អណ្ដើកមាស​…​។​ល​។

​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត គឺ​ការ​បង្ហូរទឹក​ចេញ​ឲ្យ​អស់ពី​ស្រែ ។ ដោយសារ​ដង្កូវ​បំពង់​កាត់​ស្លឹក ជា​ប្រភេទ​សត្វល្អិត​ដែលមាន​ជីវិត​ពាក់កណ្ដាល​លើគោក និង​ពាក់កណ្ដាល​ក្នុង​ទឹក ដូច្នេះ​នៅពេល​គ្មាន ទឹក​ក្នុង​ស្រែ ដង្កូវ​មានការ​លំបាក​ក្នុងការ​ដកដង្ហើម​ស្រូបយក​អុកស៊ីសែន​ពី​ក្នុង​ទឹក តាមរយៈ​រោម​ញ័រ នៅ​ជុំវិញខ្លួន​របស់​វា បន្ទាប់មក​វា​នឹង​ស្លាប់ ។​

(​ដើម្បី​សុវត្ថិភាព និង​ជា​ប្រយោជន៍​របស់លោក​អ្នក សូម​ប្រើប្រាស់​តែ​ថ្នាំ​កសិកម្ម​ដែល​បាន​ចុះបញ្ជី​កា និង​អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​ក្នុង​ស្លាក​សញ្ញា​) ៕ ប្រភព​: អ៊ាង សុផល្លែត​