វិធានការ​ចំនួន​៦ សម្រាប់​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២

4330
ចែករម្លែក

(​ភ្នំពេញ)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា បានដាក់​ចេញ​នៅ​ផែនការ​ចំនួន ៦​ចំណុច ដើម្បី​បន្ត​ជំ​រុញអោយ​ការអនុវត្ត​ន៍ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​២ រយៈពេល​៦ខែ​បន្តទៀត គឺ​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៧ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។

​ការដាក់ចេញ​នៅ​វិធានការ​នេះ គឺ​បន្ទាប់ពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀ​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ ពីថ្ងៃ​ទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ បាន​បិទ​បញ្ចប់ និង​ទទួលបាន​ជោគជ័យ​។​

​វិធានការ​ទាំង​៦ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ចេញ រួមមាន​៖

ទី​១-​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​ធ្វើអោយ​ពលរដ្ឋ​ទូទៅ​កាន់​តែមាន​ការយល់​ដឹង​ថែមទៀត​អំពី​គ្រោះថ្នាក់ និង​ផល​អវិជ្ជមាន​ដែល​កើតចេញពី​គ្រឿងញៀន សំដៅ​កាត់បន្ថយ​បទល្មើស​គ្រឿងញៀន ការពារ​សុខុមាលភាព​សង្គម ដោយ​ត្រូវ​យកចិត្តទុកដាក់​ផ្តោត​ការអប់រំ​អោយចំ​គោលដៅ និង​មុខសញ្ញា​ងាយ​រងគ្រោះ ។

ទី​២-​ជំរុញ​សកម្មភាព​រៀបចំ​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន និង​សប្បុរសជន ជាពិសេស​ម្ចាស់ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ដែល​ងាយ​កើតមាន​ល្មើស​គ្រឿងញៀន និង​សិល្បករ សិល្បការិនី បណ្តាញ​ព័ត៌មាន អ្នកដឹកនាំ​សាសនា ព្រមទាំង​អង្គការ សង្គម​ស៊ីវិល អោយបាន​គ្រប់​រាជធានី ខេត្ត រហូតដល់​មូលដ្ឋាន សំដៅ​ប្រមូលផ្តុំ​អោយមាន​ការចូល​រួមសហកា​រ​គាំទ្រ​ទាំង​សកម្មភាព និង​មូលនិធិ ក្នុង​ចលនា​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។

ទី​៣-​ពង្រឹង​ចំណាត់ការ​វិធានការ​រ​ដ្ឋ​បាល និង​ការអនុវត្ត​វិធានការ​ច្បាប់​អោយបាន​ហ្មឺ​ង​ម៉ាត់​ចំពោះ​គោលដៅ​ដែល​ងាយ​បង្ក ឬ​កើតមាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន តាមរយៈ​ការជំរុញអោយ​មានការ​កំណត់​ភូមិសាស្ត្រ និង​គោលដៅ​អាទិភាព​ជាក់លាក់ ព្រមទាំង​មានកម្ម​វិធី​ការងារ​សម្រាប់​កិច្ចការ​នេះ​ច្បាស់លាស់​ជាប្រចាំ ។

ទី​៤-​ជំរុញ​ការ​រិះរក​នីតិវិធី​ក្នុងការ​ចាត់ចែង​វត្ថុតាង និង​ទ្រព្យសម្បតិ្ត​នានា ដែល​ត្រូវបាន​រឹបអូស និង​បង្កក ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បាន​ឆាប់រ​ហ័យ ដើម្បី​ប្រសិទ្ធភាព​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។

ទី​៥-​ជំរុញ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ជាពិសេស​បន្ត​ខិតខំ​ទប់ស្កាត់​ការនាំ​ចូល​ពី​ក្រៅប្រទេស និង​ស្រាវជ្រាវ​បង្ក្រាប​អោយបាន​នូវ​បណ្តាញ​ខ្សែរយៈ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ធំៗ ព្រម​ជាមួយនឹង​ការយកចិត្តទុកដាក់​ក្នុងការ​ថែបំប៉ន និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​អនុវត្តិ​ច្បាប់ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ សំដៅ​ធ្វើអោយ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់។​

ទី​៦-​ជំរុញ​អោយបាន​សម្រេច​ការកសាង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្នាក់ជាតិ និង​មណ្ឌល​បណ្តោះអាសន្ន​សម្រាប់​ព្យាបាល និង​ស្តារនីតិសម្បទា​រាជធានី ខេត្ត ដែលមាន​អំណោយផល​ស្រប​ជាមួយនឹង​ការលើកកម្ពស់​សមត្ថភាព គុណភាព និង​ពង្រឹង​សេវា​ព្យាបាល​ដោយ​ផ្អែកលើ​សហគមន៍​។​

​សូមបញ្ជាក់ថា ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រយៈពេល​៦​ខែ លើក​ទី​១ បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន ៤.៣៣១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៩.៦៩៤​នាក់ និង​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ១១៩,៦៥៧​ក្រាម ព្រមទាំង​មធ្យោបាយ សម្ភារៈ វត្ថុតាង​មួយចំនួន ។ ក្នុង​នោះបាន​បង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ធំៗ​ចំនួន​១៣​ករណី ដោយបាន​កាត់ផ្តាច់​ខ្សែរយៈ​បណ្តាញ ធ្វើអោយ​ចរន្ត​នៃ​ការ​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ថមថយ​សកម្មភាព​គួរអោយកត់សម្គាល់​៕​ដោយៈ មុនី​រ័ត្ន​

ការបង្ក្រាប​គ្រឿង​ង​ញៀន​នាពេល​កន្លងមកនេះ (​រូប​ថ​តៈ​ឯកសារ​)