វិធានការ​ផ្លូវច្បាប់ ត្រូវតែ​ធ្វើ​ចំពោះ​បុរស​ជនបរទេស​ម្នាក់​

530
ចែករម្លែក

​កាលពី​ប៉ុន្មាន​ថ្ងៃមុន បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​បង្ហោះ​វីដេអូកុំ​ឲ្យ​អ្នកទេសចរ មកលេងកម្ពុជា ដោយ​បុរស​នោះ បាន​ថតរូប​គំនរ​សំរាម កន្លែង​កខ្វក់ ជាដើម​។ បុរស​នោះ ក៏បាន​លើកឡើង​ថា ខ្លួន​មិនអាច​ស្វែងរក​ស្ត្រី​ខ្មែរ​ណា​ម្នាក់ ដើម្បី​ណាត់គ្នា​ជួប​រួមភេទ​នោះឡើយ​។ ពោលគឺ​បុរស​បរទេស ដែល​គេ​អះអាងថា ជា​ជនជាតិ​អ៊ីរ៉ង់ រស់នៅ​ប្រទេស​ហូ​ឡង់​នោះ ធ្វើ​ទេសចរ នៅ​ប្រទេស​ផ្សេងទៀត គឺ​ក្នុង​បំណង​ធ្វើ​ទេសចរ​ផ្លូវភេទ​តែប៉ុណ្ណោះ​។​

​ការ​បង្ហោះ​វីដេអូ​របស់​បុរស​បរ​ទេស​ដូច្នេះ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​គោលដៅ​ទេសចរណ៍កម្ពុជា​។ ភ្លាមៗ កម្ពុជា តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​បើក​កិច្ចប្រជុំជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ក្រុម​មេធាវី ដើម្បី​រក​វិធី​ចាត់ការចំពោះ​ជនបរទេស​ដ៏​គម្រក់​ម្នាក់​នោះ​។​
​ ​
​ជា​លទ្ធផល ក្រសួងទេសចរណ៍ បានសម្រេច​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បិទ​ទិដ្ឋាការ​ជនបរទេស​រូបនោះ មិន​ឲ្យ​ចូលមក​កម្ពុជាជា​អចិន្ត្រៃយ៍ ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឯកភាព​តាម​សំណើ​នេះហើយ​។

​មួយវិញទៀត ក្រសួងទេសចរណ៍ នឹងដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន​ហ្គូ​ហ្គ​ល​ ( Google) និង ហ្វេ​សប៊ុក​(Facebook )​ដើម្បី​ស្នើសុំ​ឲ្យ​លុប​វីដេអូដែល​ជនបរទេស​រូបនោះបាន​បង្ហោះ​។ ក្រសួងទេសចរណ៍ ក៏​នឹង​រៀបចំ​សំណើទៅកាន់​ក្រសួងការ បរទេស និង​ប្រតិបត្តិការ​អន្តរជាតិ ដើម្បីចាត់ការ​លើ​ជនបរទេស​ដ៏​គម្រក់​រូបនោះ​បន្ថែមទៀត​។ ក្រៅពីនោះ ក៏មាន​ប្រតិកម្ម​ខ្លាំងក្លា​ពីប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ជាច្រើន ដែល​រស់នៅ និង​ធ្លាប់​មកលេង​ប្រទេស​កម្ពុជា បាន​អះអាង​ផ្ទុយ​ពី​បុរស​បរទេស​ដ៏​គម្រក់​នោះ​។​

​ក្រៅពី​វិធានការ​លើ​បុរស​បរទេស ដែល​បរិហារ​កម្ពុជា​ដូច​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ ក្រសួងទេសចរណ៍ ពិសេស​អាជ្ញាធរ​សមត្ថ​កិច្ច​យើង ក៏​គួរតែ​រៀបចំខ្លួន ពិសេស​លើ​បរិស្ថាន សំរាម​តាមផ្លូវ តាម​រមណីយដ្ឋាន​នានា ក៏ដូចជា​ការបម្រើ​សេវា​ដល់​អ្នកទេសចរ​ជាដើម​។ ព្រោះថា បើសិនជា នរណាម្នាក់ មិន​ពេញ​ចិត្តនឹង​សេវាកម្ម​ណាមួយនោះ​មិន​ថា បរទេស ឬ​ខ្មែរ​យើង​ទេ​គឺ​នឹង​គិតអវិជ្ជមាន​លើ​សេវាកម្ម​នោះ ហើយ​សម័យ​ហ្វេ​ស​ប៊ុ​ក​ផង គឺអាច​នឹង​ថត​បង្ហោះ​ពី​ការមិន​ពេញចិត្តនោះ​ផងដែរ​។​
​ ​
តែ​យ៉ាងណាក៏ដោយ កម្ពុជា​យើង មិន​គាំទ្រ​នឹង​ទេសចរ​ផ្លូវភេទ​នោះទេ​។ រីឯ​សោភ័ណភាព សន្តិសុខ សុវត្ថិភាព​សម្រាប់អ្នកទេសច​រ មិន​ថា​ខ្មែរ ឬ​បរទេស​ទេ គឺ​កម្ពុជា​ធានាបាន​គ្រប់គ្រាន់​។ កម្ពុជា មិន​ថា តែ​នៅ​ភ្នំពេញ​ទេ មាន​តំបន់​ទេសចរណ៍​ទាក់ទាញ ទាំង​បែប​ប្រវត្តិសាស្ត្រ​ទាំង បែប​ធម្មជាតិ គឺ​កម្ពុ​ជាមាន​ប្រាង្គ​ប្រាសាទ​អង្គរ នៅ​ខេត្តសៀមរាប មាន​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប​។ រីឯ​ទេសចរណ៍ធម្មជាតិនៅ​ភូមិភាគ​ឦសាន ជាដើម​។​
​ ​
ជាមួយនឹង​តំបន់​ទេសចរណ៍​សម្បូរ​បែបនេះ អ្នកបម្រើ​ខាង​វិស័យ​ទេសចរណ៍​គ្រប់ផ្នែក ​រាប់​ចាប់ តាំងពី​អ្នករត់ម៉ូតូឌុប តាក់ស៊ី ម៉ូតូ​កង់​បី អ្នកធ្វើការ​នៅ​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អ្នក​នាំ​ភ្ញៀវ អ្នកបើកបរ ជាដើម ក៏​គួរតែ​ចូលរួម​ទាំងអស់គ្នា​។ ពោលគឺ​មិនត្រូវ​គិតថា អ្នកទេសចរ ទាំង​ខ្មែរ និង​ទាំង​បរទេស ជា​សាច់ជ្រូក​បី​ជាន់ដែល​ត្រូវ​កាប់​កោរ​គេ​ឆៅៗ​នោះទេ​។

​ការផ្សព្វផ្សាយ​ពី​មាត់​មួយ ទៅ​មាត់​មួយ គឺមាន​ប្រសិទ្ធភាព​ខ្លាំងណាស់​។ បើ​យើង​ធ្វើ​ល្អ អ្នកទេសចរ​ពេញចិត្ត ច្បាស់​ជា​គេ​និយាយ​តៗ​គ្នាទៅកាន់​មិត្តភក្តិ​បងប្អូន​របស់គេ ហើយ​សម័យបច្ចុប្បន្ន គេ​នឹង​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក យូ​ធូប ជាដើម ដែលជា​ការផ្សព្វផ្សាយ​ដ៏​មានប្រសិទ្ធភាព​ជាង​ជួល​គេ​ផ្សាយ​តាម CNN ទៅទៀត​។ ផ្ទុយទៅវិញ បើសិនជា​សេវាកម្ម​យើងមិនល្អ ឬ​កាប់​កោរ​គេ​ឆៅៗ ក៏​ជា​ផល​លំបាក​ក្នុង​វិស័យ​ទេសចរណ៍​របស់​យើង​ផងដែរ​៕ ដោយ​:​ម៉េង​ឆៃ​/Ha