វិធីសាស្ត្រ​គ្រប់គ្រងខ្ទឹម​ស្លឹក ក្រោយពេល​ប្រមូល​ផល​

204

១) ការប្រមូល​ផល​
​ការប្រមូល​ផល​ខ្ទឹម​ស្លឹក​ឲ្យ​បានល្អ​មាន ដូចជា​:
– ការប្រមូល​ផល​ខ្ទឹម​ស្លឹក​នេះ នៅពេល​វា​ចាស់​ល្មម គឺ​ចាប់ពី អាយុ ៣៥ ទៅ ៤៥ ថ្ងៃ ដោយ​សំគាល់ ឃើញ​ស្លឹក​របស់​វា​ឡើង​ម្ស៉ៅ និង​ក​មើម​របស់​វា​ឡើង​ស្ដួច​

– យើង​អាច​ដក​ចាប់​នឹង​ដៃ ប៉ុន្តែ​ចាប់​ជិត​គល់​វា​បន្តិច​កុំ​ឲ្យ​ដាច់​មើម ។ បើសិន​ដី​រឹង​យើង​គួរ​យក​ចបជីក ឬ​កូន​រនាស់ ធ្មេញ​វែង​គាស់​វា​ជាមុនសិន ទើប​ប្រមូល​វា
– យើង​គួរ​ប្រមូល​ផល​ព្រឹក​ចាប់ពី​ម៉ោង ៧ ដល់ ម៉ោង ១១ និង​ល្ងាច​ពី​ម៉ោង ២ ដល់​ម៉ោង ៥
– យើង​គួរ​ប្រមូល​ផល​នៅពេល​ស្រស់​ទឹកសន្សើម គ្មាន​ភ្លៀង ដើម្បី​ការពារ​កុំ​ឲ្យ​ស្លឹក​វា​ស្រួយ​ដែល​អាច បាក់បែក​ច្រើន​
– ពេល​ប្រមូល​ផល​ត្រូវ​ឆាប់​យកមក​ទុក​ក្នុង​ម្លប់ ដើម្បី​កុំ​ឲ្យ​ត្រូវ​កំដៅថ្ងៃ​ខ្លាំងពេក ងាយ​ទទួល​ការខូចខាត ដោយ​បាត់​ជាតិ​ទឹក និង​ស្រក​ទំងន់​មកពី​ស្វិត​ស្រពោន​
– កុំ​ធ្វើការ​ប្រមូល​ផល​នៅពេល​មាន​ភ្លៀង ព្រោះ​ធ្វើ​ឲ្យ​ខ្ទឹម​ងាយ​រលួយ ។​

២) ការសំអាត​
​ដើម្បី​ឲ្យ​ផលិតផល​មានគុណ​ភាពល្អ ហើយ​មាន​សោភ័ណភាព និង​មានតម្លៃ​ខ្ពស់​គាប់​ភ្នែក​អតិថិជន យើង​គួរ​សំអាត​វា​ឲ្យ​ស្អាត​ដូចតទៅ​:
– បេះ​សំអាត​ស្លឹក​បាក់ ខូចខាត ងាប់ ស្អុយរលួយ​ចោល​
– ធ្វើការ​កាត់​ឬ​ស​បន្តិច ដើម្បី​កុំ​ឲ្យ​នៅជាប់​ដី​
– កាត់​រួច​លាង​ទឹក​សំអាត​ត្រឹម​គល់​បាន​ហើយ បើ​មាន​ស្នាម​ប្រឡាក់​ដី​ធូលី​
– ក្នុងការ​សំអាត យើង​ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ខ្ទឹម​ស្លឹក​ងាយ​ទទួល​ការ​បាក់បែក នាំ​ឲ្យ​ឆាប់​ខូច​ទុក​មិន​បានយូរ​
– ចំពោះ​តំរូវការ​អតិថិជន គឺ​យើង​អាចធ្វើ​ការសំអាត​គល់​ខ្ទឹម ហើយ​លក់​ភ្លាមៗ
– ពេល​ដឹក​មកកាន់​ទីផ្សារ យើង​ត្រូវ​គ្រប​ក្រណាត់​សើម​ពីលើ ការពារ​កំដៅ និង​ធូលី​ដី​ប្រឡាក់​
– ក្នុង​ករណីខ្លះ គេ​ក៏​អាចដាក់​ក្នុង​បាវ ឬ​កា​រ៉ុង​បានដែរ តែ​ការដឹកជញ្ជូន​ត្រូវ​ប្រើ​រថយន្ត ដោយ​តំ​រៀង​បាវ ឬ​កា​រ៉ុង​នោះ​ទន្ទឹមគ្នា ជៀសវាង​ការដាក់​គរ​លើ​គ្នា ។​


៣) ការ​វេច​ខ្ចប់ និង​ដឹកជញ្ជូន​
​ក្រោយពី​ការសំអាត​រួច ដើម្បី​មានការ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ យើង​គួរ​ធ្វើការ​វេច​ខ្ចប់ ដូចខាងក្រោម​:
– ចងវា​ជា​ដុំ​តូចៗ (​កន្លះ ឬ ១ គ​.​ក្រ​) ដោយ​ប្រើ​ខ្សែ កំប្លោក ឬ​ខ្សែ​ចេក ដោយ​យក​ស្លឹកចេក ឬ​ស្លឹក​ឈូក ស្រស់​ហ៊ុំព័ទ្ធ​ជុំវិញ ដើម្បី​រក្សា​ពណ៌ និង​កាត់បន្ថយ​ការប៉ះទង្គិច​
– គេ​ត្រូវ​តំរៀប​ក្នុង​ខេង ឬ​ជាល (​បាត​) ត្រូវ​ទ្រាប់​ស្លឹកចេក​ដែលមាន​កំរាស់​ពី ១ ទៅ ២ សង់ទីម៉ែត្រ​
– ពេល​ដាក់​ក្នុង​ខេង ឬ​ជាល យើង​មិនត្រូវ​សង្កត់​វា​ទេ
– តំរៀប​គល់​ខ្ទឹម​ចេញ​ខាងក្រៅ​
– ក្នុងករណី​ទុក​បាន​យូរថ្ងៃ គេ​ត្រូវ​ពង្រាយ​លើ​គ្រែ ឬ​ចាន ដែល​ធ្វើ​ឲ្យ​ស្ដើង​ល្មម ឲ្យ​មាន​ខ្យល់​ចេញចូល បានល្អ និង ឧស្សាហ៍​ប្រោះ​ទឹក (១​ថ្ងៃ ២​ដង​) ឬ​គ្រប​ក្រណាត់​សើម​ពីលើ ។ ក្នុងករណីនេះ គេ​ទុក​បាន ១​ទៅ ២​ថ្ងៃ​
– ក្នុង​ករណីខ្លះ យើង​អាច​ទុក​វា​ដោយ​បញ្ឈរ​ក្នុង​ចានដែក​ដែលមាន​ទឹក ២-៣ ផឹង ហើយ​ក្នុង​មួយថ្ងៃ​ប្ដូរ ទឹក​ម្ដង​ចេញ ។ គេ​ទុក​ក្នុង​ចានដែក​នេះ ត្រូវដាក់​ក្នុង​ម្លប់​ត្រជាក់​ល្អ ហើយ​មិនត្រូវ​ប៉ះ​វា​ឡើយ​នៅពេល​ទុក ដាក់​នេះ ។ ក្នុងករណីនេះ យើង​អាច​រក្សាទុក​បាន​ពី ២​ទៅ ៣​ថ្ងៃ ។​

៤) ការ​ស្តុក​ទុក​
​ដើម្បី​កាត់បន្ថយ​ការខូចខាត និង​រក្សាទុក​ឲ្យ​បានយូរ​នោះ យើង​គួរ​គប្បី​ធ្វើ​ដូចតទៅ​:
– ជញ្ជូន​វា​ដាក់​ក្នុង​ម្លប់ សំដិល​វា​ឲ្យ​ត្រជាក់​សិន​ទើប​ធ្វើការ​សំអាត​ជា​ក្រោយ តែ​មិនត្រូវ​កាត់​ឫស​វា​ចេញ​ទេ ៕ ប្រភព​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​