វិធីសាស្ត្រ​គ្រប់គ្រង​ការ៉ុត ក្រោយពេល​ប្រមូល​ផល​

174

១) ការប្រមូល​ផល​
​ជាទូទៅ​ការ៉ុត​មាន​រយៈពេល​លូតលាស់ ៣ ទៅ ៣ ខែ​កន្លះ នៅ​រដូវវស្សា បើ​រដូវប្រាំង​អាចមាន​រយៈពេល ដល់ ៤ ខែ ទើប​អាច​ប្រមូល​ផល​បាន ។​
– ការប្រមូល​ផល ជាដំបូង​យើង​ត្រូវ​ពិនិត្យ​ទៅលើ អាយុកាល​នៃ​ការ​ដុះ​លូតលាស់​របស់​វា ។ បើ​ដល់​អាយុ​ហើយ​យើង​ត្រូវ​ពិនិត្យ​ទៅលើ​លក្ខណៈ​ដង​ដើម​របស់​វា​ទៀត​ដូចជា​ស្លឹក​ទី ១ ឬ​ទី ២ ក្បែរ​គល់ ប្រែ​ពី​ពណ៌​បៃតង ទៅជា​ពណ៌​លឿង គឺ​យើង​អាច​ប្រមូល​ផល​បាន ។​
– ការប្រមូល​ផល គឺត្រូវធ្វើ​ឡើង​ដោយ​ដៃ ចាប់ដក​ដើម ពី​ក្នុង​ថ្នាល​តែម្ដង បើ​ដី​ថ្នាល​នោះ​ផុស​ល្អ
– ម្យ៉ាងទៀត វិធី​ល្អ​បំផុត​យើង​ត្រូវ​ប្រើ​ចបចក់​ដែលមាន​ធ្មេញ​វែងៗ គាស់​វា​ជាមុនសិន​ទើប​ប្រមូល​តាម ក្រោយ​ជាការ​ល្អ ។ ពេលវេលា​នៃ​ការប្រមូល គឺ​ត្រូវ​ស្ងួត​ទឹកសន្សើម ឬ​គ្មាន​ភ្លៀង ឬក៏​ដី​សើម ឬ​ស្ងួត​ពេក ។​

២. ការ​តំរឹម និង​សំអាត​
– ការ៉ុត​ក្រោយពី​ដក​រួច គឺ​មិនត្រូវ​លាង​ទឹក​ទេ ពីព្រោះ​បើ លាង​វា​នាំ​ឲ្យ​ឆាប់​រលួយ និង​ស្ពោត​សាច់​ផ្នែក ខាងក្នុង​

– ការសំអាត គឺ​គ្រាន់តែ​បេះ​ដី​ណា​ដែល​ជាប់​ធំ​ពេក​នៅលើ​មើម​តែប៉ុណ្ណោះ តែ​មិនត្រូវ​ឲ្យ​វា​ជ្រះ​ពេក​ទេ គឺ​ទុក​វា​ខ្លះ​ដើម្បី​ការពារ​សំណើម និង​សំបក​កុំ​ឲ្យ​វារ​លាក​
– ការ​តំរឹម គឺ​យើង​កាត់​តែ​ឫសកែវ ឬ​ឫស​ស្ញែ​វែងៗ ដែល​ជាប់​មើម​របស់​វា​ចេញ និង​កាត់​ស្លឹក​របស់​វា ដោយ​ទុក​ចំងាយ​ពី​មើម​ប្រហែល ១-១.២ តឹក​។ រួច​យក​វា​ទៅ​ជ្រលក់​ទឹក​កំបោរ​ត្រង់​មុខកាត់ ដើម្បី ការពារ​ជ្រាប​ទឹក ឬ​ការឆ្លង​មេរោគ ។​
៣. ការជ្រើសរើស​
​ក្រោយពី​ប្រមូល​ផល និង​កាត់​ដើម​ឫស​ចេញ ហើយ​យើង​ត្រូវ​រៀប​ចែក​វា​ជា ៣ ផ្នែក​គឺ ផ្នែក​ទី ១ ជ្រើស រើស​មើ​ធំ​ដាក់​ម្ដុំ និង​ទី ២ មើម​ធំ​ល្មម និង​ទី ៣ មើម​ដែលមាន​ខ្នែង ។​

៤. ការ​វេច​ខ្ចប់ និង​ដឹកជញ្ជូន​
– ក្រោយពី​សំអាត និង​ជ្រើសរើស​រួចមក យើង​អាចយ​កវា​ទៅ​តំរៀប​ក្នុង​កញ្ឆេ​ដែលមាន​ទ្រាប់​ស្លឹកចេក ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងទៀត​នៅ​បាត និង​ហ៊ុំ​ជុំវិញ​
– ក្នុងការ​ដាក់​វា​ទៅក្នុង​កញ្ឆេ គួ​រក្សា​វា​ឲ្យ​នៅមាន​ដី​ខ្លះៗ នៅជាប់​មើម​របស់​វា បើ​មិន​ដូចនេះ​ទេ​យើង​យក ដីខ្សាច់​មក​រោយ​ចន្លោះ​មើម​ដែល​បាន​រៀប​រួច ដើម្បី​រក្សា​សំណើម និង​កាត់បន្ថយ​ការប៉ះទង្គិច​
– យើង​តំរៀប​វា​តាម​ប្រភេទ​លេខ​របស់​វា (​លេខ ១,២ និង ៣) ដោយ​ដាក់​មើម​របស់​វា​ផ្ទុយគ្នា ដើម្បី​ងាយស្រួល​ក្នុង​ការរៀប ហើយ​អាចដាក់​ចំណុះ​បាន​ច្រើន​
– ការដឹកជញ្ជូន គួរប្រើ​ឡាន ឬ​ទូក​ដែលមាន​ចំណុះ​ច្រើន ហើយ​ធ្វើយ៉ាងណា​កុំ​ដាក់​កញ្ឆេ​លើ​គ្នា​ដោយ ផ្ទាល់ ត្រូវ​តំរៀប​ជា​ថ្នាក់ៗ​
– ក្នុងពេល​ធ្វើដំណើរ​ឡាន ឬ​ទូក ត្រូវមាន​ដំបូល​ការពារ​កំដៅថ្ងៃ និង​ធូលី

៥. ការ​ស្តុក​ទុក​
​ប្រសិនបើ​យើង​ដក​ភ្លាម​យកទៅលក់​ភ្លាម យើង​អាច​លាង​ទឹក​មើម​បាន​។ ប៉ុន្តែ​ការលាង​ទឹក​មិន​អាចធ្វើ​ឲ្យ យើង​រក្សាទុក​បានយូរ​ទេ គឺ​បានត្រឹមតែ ៤ ទៅ ៥​ថ្ងៃ ប៉ុណ្ណោះ​។ លើសពីនេះ​វា​អាច​ខូចគុណភាព ដោយ​ធ្វើ​ឲ្យ​មើម​រលួយ ឬ​ស្ពោត​ពី​ខាងក្នុង ។ ដោយឡែក គេ​អាច​រក្សាទុក​ការ៉ុត​បាន​រយៈពេល ២០​ថ្ងៃ ដោយ​យក​ដីខ្សាច់​ក្រាល​នៅ​បាត​កញ្ឆេ (​យក​កញ្ឆេ​ដែល មាន​ប្រហោង​ខ្យល់​ចេញចូល​) កំរាស់ ១​តឹក ។​

​បន្ទាប់មក​យក​កា​រ៉​តុ​ដែល​បាន​ប្រមូល​ផល និង​សំអាត​រួច​ទៅ​តំរៀប​ដាក់​ពីលើ​ដីខ្សាច់​កំពស់ ៤-៦ តឹក តាម​កំពស់​កញ្ឆេ ទើប​យក​ក្រណាត់​ដែល​ជក់ទឹក​ជ្រលក់​ទឹក ឲ្យ​សើមៗ គ្របពីលើ ។ បើ​ក្រណាត់​ស្ងួត យើង​ត្រូវ​បាញ់​ទឹក​ផ្សើម​ក្រណាត់​ឲ្យ​ជាប់​ជានិច្ច ៕ ប្រភព​: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​