វិធី​គណនា​បរិមាណ​ចំណី​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ត្រី និង​ផល​ត្រី​ដែល​នឹង​អាច​ទទួលបាន​

1690

តើ​គួរ​ធ្វើ​ដូចម្ដេច​ទើប​ដឹងថា គួរផ្ដល់​ចំណី​ត្រី​ប៉ុន្មាន​ឲ្យ​គ្រប់គ្រាន់​ទើប​ត្រី​ធំធាត់​ល្អ​?
​ដើម្បី​គណនា​រក​បរិមាណ​ចំណី​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ត្រី និង​ផល​ត្រី​ដែល​នឹង​អាច​ទទួលបាន គឺ​គេ​ធ្វើ ការ​វាស់​ទម្ងន់​ត្រី ឬ​ធ្វើ​សំណាក ។​

​តើ​គួរប្រើ​ឧបករណ៍​អ្វី​ដើម្បី​ចាប់​ត្រី​ធ្វើ​សំណាក​?
​សំណាញ់​ជា​ឧបករណ៍​ងាយ​ចាប់​ត្រី​យកមក​ធ្វើ​សំណាក ។ ប៉ុន្តែ​បើ​ស្រះ​ធំ យើង​អាច​ប្រើ​អួន អូស​នៅ​ជ្រុង​ស្រះ​ណាមួយ​ក៏បាន ។​

​តើ​គួរ​ធ្វើ​សំណាក​នៅពេលណា​?
​ជាការ​សមស្រប ការធ្វើ​សំណាក​ត្រូវ​ធ្វើជា​រៀងរាល់​មួយខែ​ម្ដង ។ ការធ្វើ​សំណាក​បណ្ដាល​ឲ្យ ត្រី​ស្ត្រេ​ស ដូច្នេះ​បើ​ធ្វើ​ច្រើនដង​អាច​ប៉ះពាល់​ដល់​សុខភាព និង​ការលូតលាស់​របស់​ត្រី ។​

​តើ​គួរ​ចាប់​ត្រី​ប៉ុន្មាន​ក្បាល​ពេលធ្វើ​សំណាក​?
​ចំនួន​ត្រី​ដែល​ចាប់ធ្វើ​សំណាក​គួរ​មាន​យ៉ាងតិច​បំផុត​១៥​ក្បាល ។ ប្រសិនបើ​បង់សំណាញ់ ឬ​អូស អួន​ម្ដង​មិនបាន​ត្រី​គ្រប់​ចំនួន​១៥​ក្បាល​ទេ ត្រូវធ្វើ​ម្ដងទៀត​រហូតដល់​ចាប់បាន​គ្រប់​ចំនួន ។ ប៉ុន្តែ ប្រសិនបើ​ចាប់​ម្ដង​បាន​លើស​ទី​១៥​ក្បាល​ត្រូវយក​ត្រី​ទាំងអស់​នោះមក​ថ្លឹង ហើយ​រាប់​ចំនួន និង​កត់​ត្រាទុក ។​

​តើ​ធ្វើ​ដូចម្ដេច ដើម្បី​ដឹងថា ត្រី​ក្នុង​ស្រះ​មាន​ទម្ងន់​មធ្យម​ប៉ុន្មាន​គីឡូក្រាម​?
​យើង​អាច​គណនា​ទម្ងន់​មធ្យម​របស់​ត្រី​តាម​រូបមន្ត​៖
​ទម្ងន់​ត្រី​មធ្យម​=​ទម្ងន់​សរុប​របស់​ត្រី​ទាំង​១៥​ក្បាល​/​ចំ​នួ​ត្រី​សរុប ១៥​ក្បាល​

​គេ​អាច​ថ្លឹង​ត្រី​ឲ្យ​បាន​លឿន និង​មិន​ឲ្យ​ត្រី​ស្ត្រេ​ស​ខ្លាំង ដោយ​៖
– ដាក់​ត្រី​ដែល​ចាប់បាន​ចូលក្នុង​កញ្ឆេរ​ដែល​បាន​ត្រាំ​នៅក្នុង​ទឹកស្រះ​រួច​ចាប់ផ្ដើម​ដោះ​ត្រី​ចេញ ពី​សំណាញ់​,
– យក​កញ្ឆេរ​ទៅ​ថ្លឹង រួច​កត់ត្រា​ទម្ងន់ (​ទាំង​ត្រី និង​កញ្ឆេរ​),
– រាប់​ចំនួន​ត្រី​ដែល​បាន​ថ្លឹង រួច​លែង​ចូលក្នុង​ស្រះ​វិញ និង​កត់ត្រា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​

– ថ្លឹ​ក​សម្បក​កញ្ឆេរ និង​កត់ត្រា​ទម្ងន់​
– គណនា​ទម្ងន់​ត្រី​ដោយ​យក​ទម្ងន់​សរុប (​ទាំង​ត្រី និង​កញ្ឆេរ​) ដក​ទម្ងន់​សម្បក កញ្ឆេរ ។ ចុងក្រោយ យើង​គណនា​រក​ទម្ងន់​មធ្យម​របស់​ត្រី​ដោយ​យក​ទម្ងន់ ត្រី​សរុប​ចែក​នឹង ចំនួន​ត្រី ដែល​រាប់​ឃើញ ។​

​តើ​ត្រូវ​អាន​ព័ត៌មាន​អ្វី​ខ្លះទៀត​សម្រាប់ធ្វើ​សំណាក​?
​ទម្ងន់​ត្រី​
​ព័ត៌មាន​សំខាន់​មួយទៀត​មិនអាច​ខ្វះ​បាន​សម្រាប់​ការធ្វើ​សំណាក​គឺ​ការប៉ាន់ស្មាន​ចំនួន​ត្រី​សរុប នៅក្នុង​ស្រះ (​សូម​អាច​ព្រឹ​ត្ត​ប​ត្រ​បច្ចេកទេស​ស្ដីពី​ការដាក់​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​) ។​

​ការដឹង​ពី​ទម្ងន់​មធ្យម​របស់​ត្រី​ក្នុង​មួយ​ក្បាល និង​ចំនួន​ត្រី​សរុប​ក្នុង​ស្រះ យើង​អាច​គណនា​រក ទម្ងន់​ត្រី សរុប​ក្នុង​ស្រះ ។​

​តើ​គេ​អាច​គណនា​ទម្ងន់​ត្រី​សរុប​ក្នុង​ស្រះ​ដូចម្ដេច​?
​ទម្ងន់​ត្រី​សរុប​ក្នុង​ស្រះ​អាច​គណនា​តាម​រូបមន្ត​ខាងក្រោម​៖
​ទម្ងន់​ត្រី​សរុប​ក្នុង​ស្រះ = ទម្ងន់​ត្រី​មធ្យម​ក្នុង​មួយ​ក្បាល x ចំនួន​ត្រី​សរុប​ក្នុង​ស្រះ​
​ទម្ងន់​ត្រី​ជា​មធ្យម​ក្នុង​មួយ​ក្បាល​គុណ​នឹង​ចំនួន​ត្រី​សរុប​ក្នុង​ស្រះ (​ប៉ាន់ស្មាន​) គឺជា​ទម្ងន់​ត្រី​សរុប ក្នុង​ស្រះ (​ប៉ាន់ស្មាន​) ៕ ប្រភព​: អ៊ាង សុផល្លែត​