វិធី​ដំណោះស្រាយ​បញ្ហា​សំរាម របស់​អាជ្ញាធរ​ក្រុងព្រះសីហនុ រង​កា​រិះគន់​

1234
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ នេះ​អាជ្ញាធរ​បានចេញ​ជា​ប័ណ្ណ​ព័ត៌មាន​(​ពណ៌​ក្រហម​) សម្រាប់​កំណត់​ពេលវេលា​បញ្ចេញ​សំរាម​ពី​ផ្ទះ និង​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ ព្រមទាំង​ពេលវេលា​ដែល​រថយន្ត​សំរាម​ត្រូវ​ទៅ​ដឹកយក​។

​មន្ត្រី​ថ្លែងថា ប័ណ្ណ​ព័ត៌មាន​ពណ៌​ក្រហម​នេះ សម្រាប់តែ​តាមផ្លូវ​សំខាន់ៗ ដែល​រថយន្ត​សំរាម​ត្រូវ​ទៅយក​ជា​រៀងរាល់ថ្ងៃ មានដូចជា​ផ្លូវ​ឯករាជ្យ ផ្លូវ​ខាងមុខ​ផ្សារលើ និង​ផ្លូវ​ខាងមុខ​សាលាខេត្ត​ជាដើម​។

​បើតាម​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ឲ្យ​ដឹងថា ជាគោលការណ៍​អាជ្ញាធរ​នឹង​កំណត់​ពេលវេលា​ឲ្យ​រថយន្ត​សំរាម ទៅ​ដឹកយក​សំរាម​ខុសៗ​គ្នា តាម​ច្រក​ផ្លូវ​ក្នុង​ក្រុង ក្នុងនោះ អជ្ញាធរ​នឹង​កំណត់​ជា​៤​ប្រភេទ​គឺ​៖ ប្រភេទ​ទី​១. ផ្លូវ​អាទិភាព រថយន្ត​សំរាម​នឹង​ទៅ​ដឹកយក​រាល់ថ្ងៃ (​ប័ណ្ណ​ពណ៌​ក្រហម​)​។ ប្រភេទ​ទី​២. ផ្លូវ​រណប​កណ្តាល រថយន្ត​សំរាម​នឹង​ទៅ​ដឹកយក​សំរាម ២​ថ្ងៃ​ម្តង (​ប័ណ្ណ​ពណ៌​ទឹកក្រូច​)​។ ប្រភេទ​ទី​៣. ផ្លូវ​ដែល​មិនសូវមាន​ពលរដ្ឋ​រស់​នៅ រថយន្ត​សំរាម​ត្រូវ​ទៅ​ដឹកយក​២​ដង​ក្នុង​មួយ​សប្តាហ៍​(​ប័ណ្ណ​ពណ៌​លឿង​)​។ ប្រភេទ​ទី​៤. ផ្លូវ​ជាយក្រុង គ្មាន​ពលរដ្ឋ​រស់នៅ រថយន្ត​សំរាម​ត្រូវ​ទៅ​ប្រមូល​ដឹក​ក្នុង​មួយ​សប្តាហ៍​ម្តង​(​ប័ណ្ណ​ពណ៍​ខៀវ​)​។​

​បើតាម​លោក​អភិបាលក្រុង​បញ្ជាក់ថា ជំ​ហ៊ាន​ដំបូង​អាជ្ញាធរ​នឹង​អនុវត្តន៍​តាមផ្លូវ​អាទិភាព​(​ប័ណ្ណ​ពណ៌​ក្រហម​)​ជាមុនសិន រួច​ហើយនឹង​បន្តទៅ​អនុវត្តន៍​(​ប័ណ្ណ​ពណ៌​ទឹកក្រូច ប័ណ្ណ​ពណ៌​លឿង និង​ប័ណ្ណ​ពណ៌​ខៀវ​) គ្រប់​ច្រក​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​បញ្ឈប់​លែង​ឲ្យ​មាន​សំរាម​តាម​ដងផ្លូវ​ដូច​បច្ចុប្បន្ន​ទៀត​។​

​ទោះជា​យ៉ាងនេះ​ក្តី មតិ​រិះគន់​បាន​លើកឡើងថា អាជ្ញាធរ​គួរ​រឹតបន្តឹង​ចំពោះ​ក្រុមហ៊ុន​ដឹក​សំរាម ដែល​ពលរដ្ឋ​មើលឃើញថា កំពុង​អសមត្ថភាព​មិនគួរ​ម​ក​រឹតបន្តឹង​ពលរដ្ឋ​បែបនេះ​ទេ​។ បើ​កំណត់​ពេលវេលា​បញ្ចេញ​សំរាម​របៀបនេះ មានតែ​ទុក​សំរាម​ក្នុងផ្ទះ​ហឹ​ត​៕ ល​